អភិបាលខេត្តត្បូងឃ្មុំ បើកកិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំ ស្តីពីការអនុវត្តច្បាប់ស្តីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ២០១៩

965

ខេត្តត្បូងឃ្មុំ ៖ នៅរសៀលថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩ នៅសាលប្រជុំសាលាខេត្តត្បូងឃ្មុំ បានបើកកិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំលេខ១០២ សហវ ស្តីពីការអនុវត្តច្បាប់ស្តីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ២០១៩ របស់រដ្ឋបាលថ្នាក់ក្រោមជាតិ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ ដោយក្នុងនោះមានការចូលរួមពី អភិបាលរងខេត្ត ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត ប្រធានរតនាគារខេត្ត តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អភិបាលក្រុងស្រុក មេឃុំ ចៅសង្កាត់ ស្មៀនឃុំសង្កាត់ និងអ្នកពាក់ព័ន្ធសរុបជាង១៥០នាក់។

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានលើកឡើងថា ការផ្សព្វផ្សាយនេះក្នុងគោលបំណងពង្រឹង និងបង្កើនសមត្ថភាពបន្ថែមទៀត ដើម្បីអនុវត្តគម្រោងសកម្មភាព ចំណូលចំណាយថវិកាប្រចាំឆ្នាំ ប្រកបដោយបុរេសកម្ម និងមានសមិទ្ធកម្ម ឬមានលទ្ធផលការងារឲ្យកាន់តែមានភាពច្បាស់លាស់ គ្រប់ជ្រុងជ្រោយ និងមានគុណភាពល្អប្រសើរ។

ឯកឧត្តមបណ្ឌិត បន្តថា រាជរដ្ឋាភិបាលបានចាត់ទុកថវិកាឆ្នាំ២០១៩ ដែលជាឆ្នាំទី១ នៃនីតិកាលទី៦ នៃរដ្ឋសភា គឺជាថវិការយុទ្ធសាស្រ្តនៃការរក្សាសមិទ្ធផលដែលសម្រេចបានដោយលំបាកកន្លងមក និងសម្រាប់គាំទ្រដល់ការសម្រេចឱ្យខានតែបាននូវគោលដៅសំខាន់ៗ នៃកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៦ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ដើម្បីបន្តរក្សាសន្តិភាព, ស្ថិរភាព ក៏ដូចជាទ្រទ្រង់នូវដំណើរការវិវឌ្ឍន៍ឈានឡើងរបស់កម្ពុជា លើវិថីនៃការអភិវឌ្ឍន៍ប្រកបដោយគុណភាពនិងចីរភាពតទៅមុខឥតឈប់ឈរ។

ឯកឧត្តមបណ្ឌិត គូសបញ្ជាក់ថា សម្រាប់ថវិកាឆ្នាំ២០១៩នេះ ក៍ផ្តោតសំខាន់ទៅលើ៖ – ការដំឡើងប្រាក់បៀវត្សជូនមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធដើម្បីបង្កើនកំរិតជីវភាពរបស់មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធឲ្យកាន់តែប្រសើរ ជាពិសេសជាងនេះទៀត រាជរដ្ឋាភិបាលបានសម្រេចដាក់ចេញនូវគោលនយោបាយបើកប្រាក់បៀវត្សជូនមន្ត្រីរាជការពីរដងក្នុងមួយខែ ដើម្បីជួយសម្រួលដល់ជីវភាព និងលើកកំពស់ប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈ, – ការវិនិយោគលើធនធានមនុស្ស និងការជំរុញអនុវត្តនូវក្របខ័ណ្ឌគោលនយោបាយជាតិគាំពារសង្គមឆ្នាំ២០១៧-២០២៥, – ការផ្តល់អាទិភាពទៅលើ ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត, -ការកែទម្រង់សំដៅលើកកម្ពស់ និងកែលម្អប្រសិទ្ធភាព និងគុណភាពសេវាសាធារណៈលើគ្រប់វិស័យ ដើម្បីឆ្លើយតបទៅនឹងសំណូមពរ ក៍ដូចជាសេចក្តីត្រូវការរបស់ប្រជាជន។

ឯកឧត្តមបណ្ឌិត អភិបាលខេត្ត ជាម ច័ន្ទសោភ័ណ បន្ថែមថា ទន្ទឹមនឹងនេះអង្គភាពថវិកា នៃមន្ទីរជំនាញនៅមូលដ្ឋាន ត្រូវបានដាក់ឲ្យដំណើការ និងប្រតិបត្កិបំពេញមុខងាររបស់ខ្លួនយ៉ាងសកម្ម ដើម្បីគាំទ្រ និងចូលរួមអនុវត្តថវិកាកម្មវិធី ដែលត្រូវបានដាក់ចេញដោយរាជរដ្ឋាភិបាល និងការប្រគល់សិទ្ធិជាបន្តបន្ទាប់ដើម្បីលើកកម្ពស់ និងបង្កើនប្រសិទ្ធភាព និងគណនេយ្យភាព សមិទ្ធកម្ម និងថវិកា។

ជាក់ស្តែង នៅក្នុងឆ្នាំ២០១៨ កន្លងទៅ រដ្ឋបាលខេត្តត្បូងឃ្មុំបានដាក់ឲ្យដំណើរការ នូវអង្គភាពច្រក-ចេញចូលតែមួយរបស់ខ្លួន ដើម្បីសំដៅធ្វើ ការផ្តល់សេវារដ្ឋបាលជូនប្រជាជន មានភាពងាយស្រួយ រហ័ស ប្រកបដោយតម្លាភាព សុក្រិតភាព និងគុណភាព។ ឯនៅក្នុង វិស័យកំណែទម្រង់ហិរញ្ញវត្ថុសាធារណៈ រដ្ឋបាលខេត្តត្បូងឃ្មុំគឺជាខេត្តមួយក្នុងចំណោមខេត្តទាំង១៨ ដែលត្រូវដាក់ឲ្យអនុវត្តថវិកាកម្មវិធីឆ្នាំ២០១៩ នេះផងដែរ។

ក្នុងឪកាសនោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ក៏បានណែនាំដល់អង្គពិធីទាំងអស់ ត្រូវយកចិត្តទុកដាក់ខ្ពស់ ដើម្បីស្វែងយលើឲ្យបានកាន់តែច្បាស់នូវវិធាននីតិវិធី និងបច្ចេកទេសនានា ក្នុងការរៀបចំអនុវត្តថវិកាកម្មវិធីរបស់គ្រប់អង្គភាពថវិកា នៃមន្ទីរជំនាញនៅមូលដ្ឋាន ដោយខិតខំគោរពឲ្យបានខ្ជាប់ខ្ជួនតាមក្របខ័ណ្ឌ និងបណ្តាវិធានការ ព្រមទាំងគោលការណ៍ និងបច្ចេកទាំងឡាយ ទាំងផ្នែកចំណូល និងផ្នែកចំណាយដែលកំណត់ដោយសារាចរនេះ ឲ្យកាន់តែមានភាពសុក្រិត្យ និងគុណភាពល្អ៕