ប្រដាល់គុនខ្មែរបន្ថែមអនុប្រធានមួយរូបទៀត

274

ភ្នំពេញ: សហព័ន្ធប្រដាល់គុនខ្មែរបានសម្រេចបន្ថែមអនុប្រធានសហព័ន្ធមួយរូបទៀតដើម្បីពង្រឹងខ្លួនបន្ថែមទៀតក្នុងការត្រៀមខ្លួនប្រកួតកីឡាស៊ីហ្គេម ។

លោកឧត្តមសេនីយ៍ឯកតែម ម៉ឺនប្រធានសហព័ន្ធប្រដាល់គុនខ្មែរបានប្រាប់ឲ្យដឹងថាសហព័ន្ធបានធ្វើសន្និបាតបូកសរុបការងារប្រចាំឆ្នាំ២០១៨របស់ខ្លួនដោយពិនិត្យមើលរបាយការណ៍ការងារ និង របាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំរបស់ខ្លួន ។

ជាមួយនឹងការធ្វើមហាសន្និបាតនេះសមាជិកប្រតិបត្តិសហព័ន្ធចំនួន១២រូបដែលមានវត្តមានបានឯកភាពគ្នាជ្រើសតាំងលោកហេង សុឃនដែលជាសមាជិកប្រតិបត្តិដែរនេះជាអនុប្រធានសហព័ន្ធបន្ថែមមួយរូបទៀតពេលនេះសហព័ន្ធប្រដាល់គុនខ្មែរមានអនុប្រធានចំនួន៣រូបហើយ ។

អនុប្រធានសហព័ន្ធ២រូបមុនមានលោកឧត្តមសេនីយ៍វ៉ា ស៊ិនភិរម្យ និង លោកវេជ្ជបណ្ឌិតឆឹង យ៉ៅយ៉េនពេលនេះលោកហេង សុឃនបានក្លាយជាអនុប្រធានសហព័ន្ធមួយរូបទៀត ។

លោកឧត្តមសេនីយ៍ឯកតែម ម៉ឺនមានប្រសាសន៍ថានេះជាការពង្រឹងក្បាលម៉ាស៊ីនសហព័ន្ធដើម្បីជួយគ្នាពង្រឹងសហព័ន្ធពិសេសបង្កើនគុនភាពកីឡាករ និងមន្ត្រីបច្ចេកទេស ។

ជាមួយនឹងតួនាទីអនុប្រធានសហព័ន្ធនេះលោកហេង សុឃនបានប្រកាសជួយធ្វើឲ្យសហព័ន្ធប្រដាល់គុនខ្មែរកាន់តែរីកចម្រើន ។

សូមបញ្ជាក់ថាលោកហេង សុឃនដែលមន្ត្រីជានខ្ពស់មួយរូបនោះលោកបានចំណាយធនធានផ្ទាល់ខ្លួនរបស់លោកជួយដល់សហព័ន្ធប្រដាល់គុនខ្មែរតាំងពីលោកមិនទាន់ចូលខ្លួនពាក់ព័ន្ធជាមួយប្រដាល់គុនខ្មែរម្ល៉េះ ៕