បញ្ជូនចោរលួចកាច់ ក​ម៉ូតូ​, លួចគាស់ផ្ទះ និងលួចទូរស័ព្ទ ទៅតុលាការ

1009

(ភ្នំពេញ)៖ នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩នេះ សមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនចោរ​០៣នាក់ ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីផ្តន្ទាទោសតាមច្បាប់ ពាក់ព័ន្ធករណីចោរកម្ម០៣​ផ្សេងគ្នា នៅខណ្ឌ៧មករា, ខណ្ឌជ្រោយចង្វារ និងខណ្ឌសែនសុខ។

ជនសង្ស័យទី១៖ឈ្មោះ ផាន់ ពេជ្រពន្លឺ អាយុ​២១ឆ្នាំ ត្រូវបានកម្លាំងល្បាតមូលដ្ឋានអាវុធហត្ថខណ្ឌ៧មករា ឃាត់ខ្លួន​ពាក់ព័ន្ធករណី​លួចកាច់​ក​ម៉ូតូ កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩ ​នៅចំណុច មុខផ្ទះលេខ17E0Z ផ្លូវ២១៥ សង្កាត់វាលវង់​, ទី២៖​ឈ្មោះ ថន ភា អាយុ​២៩ឆ្នាំ ត្រូវបានកម្លាំងល្បាត មូលដ្ឋានអាវុធហត្ថខណ្ឌជ្រោយចង្វារ ឃាត់ខ្លួនពាក់ព័ន្ធករណីលួចគាស់ផ្ទះ កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩ ស្ថិតនៅភូមិក្តីចាស់ សង្កាត់បាក់ខែង និងទី៣៖ឈ្មោះ សឿន ចន្ធី ហៅវ៉ា ​អាយុ​១៨ឆ្នាំ ត្រូវបានកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌសែនសុខ ឃាត់ខ្លួន​កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩ នៅចំណុច​ក្នុងការដ្ឋានសាងសង់បុរី អ័រគីដេ ភូមិអ័រគីដេ សង្កាត់អូរបែកក្អម។

ជនសង្ស័យឈ្មោះ ផាន់ ពេជ្រពន្លឺ បានសារភាពថា នៅថ្ងៃកើតហេតុ រូបគេបានជិះកង់ចេញមកពីផ្ទះក្រោយអគ្គបញ្ជាការដ្ឋាន​កងយោធពលខេមរភូមិន្ទ លុះមកដល់ម្តុំបុរីកីឡាឃើញម៉ូតូមួយគ្រឿង ម៉ាកនិច ពណ៌ផ្កាឈូក ចតទុកចោល​ក្រោមផ្ទះ ទើបរូបគេយកកង់ទៅទុកមុខសាលាឯកជនមួយ ហើយចូលទៅកាច់សោ​ក​ម៉ូតូនោះ បម្រុងលួចចេញ តែត្រូវប្រជាពលរដ្ឋបានឃើញ និងស្រែកឆោឡោ រូបគេក៏បានរត់គេចដល់ផ្សារដេប៉ូ ត្រូវអាវុធហត្ថខណ្ឌ៧មករា​ឃាត់ខ្លួនតែម្តង។

ដោយឡែកជនសង្ស័យឈ្មោះ ថន ភា បានសារភាពថា នៅថ្ងៃកើតហេតុ​រូបគេបានជិះឡានមកពីប៉ោយប៉ែត ចុះមុខបុរីហាយឡែន រួចដើរបន្តសំដៅមកភ្នំពេញ ដល់ចំណុចភូមិក្តីចាស់ ក៏ប្រទះឃើញផ្ទះមួយកន្លែងចាក់សោទ្វារទុកចោល រូបគេក៏ចូលទៅដើរក្រវែលជុំវិញ យកបានដែកទីបមួយហើយគាស់ទម្លាយចម្រឹងបង្អួច ផ្លោះចូលក្នុងផ្ទះរើរកកាយរកសម្ភារមានតម្លៃ អាវុធហត្ថខណ្ឌជ្រោយចង្វារ ចុះទៅឃាត់ខ្លួនតែម្តង។

ជនសង្ស័យឈ្មោះសឿន ចន្ធី បានសារភាពថា រូបគេជាកម្មករសំណង់ នៅថ្ងៃកើតហេតុយប់រំលងអាធ្រាត្រ រូបគេបានដើរលួចទូរស័ព្ទកម្មករសំណង់ដូចគ្នា ដែលដេកលក់បានចំនួន០៣គ្រឿង ហើយចូលដេកកន្លែងដើមវិញ ស្រាប់តែបានប្រហែល១ម៉ោង ម្ចាស់គេដឹងខ្លួន​ដើររកទូរស័ព្ទហើយតេចូលលេខទូរស័ព្ទ ដែលបាត់​ក៏លឺសម្លេងរោទ៍ នៅកន្លែងដេករបស់ខ្លួន​បណ្តាលឲ្យបែកការ​ត្រូវគេឃាត់ខ្លួនបញ្ជូនឲ្យអាវុធហត្ថខណ្ឌសែនសុខតែម្តង៕