រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានប្រកាសបិទមន្ទីរពេទ្យ «វ៉ិចតូរៀ» ក្រោយចាប់បង្ខំនារីម្នាក់ឲ្យវះកាត់ និងបង្ខាំងម្ដាយនារីរងគ្រោះ

0
1106

ភ្នំពេញ៖ ក្រោយបញ្ចប់ការស្រាវជ្រាវរួចមក នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩នេះ រដ្ឋមន្រ្តីក្រសួងសុខាភិបាល ឯកឧត្ដមសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង បានប្រកាសបិទមន្ទីរពេទ្យ «វ៉ិចតូរៀ» ក្រោយចាប់បង្ខំនារីម្នាក់ឲ្យវះកាត់ និងបង្ខាំងម្ដាយនារីរងគ្រោះ ព្រោះគ្មានប្រាក់បង់ថ្លៃព្យាបាល ដែលធ្វើឲ្យមានការរិះគន់ និងកក្រើកនៅតាមបណ្តាញសង្គម Facebook។

ការប្រកាសបិទមន្ទីរពេទ្យខាលើនេះ បន្ទាប់ពីរដ្ឋមន្ដ្រីក្រសួងសុខាភិបាល កាលពីព្រឹកមិញ បានចាត់ក្រុមការងារភ្លាមៗ ចុះទៅដោះស្រាយករណីនេះ ក្រោយទទួលដំណឹងពីករណីនារីម្នាក់ ទៅពិនិត្យជំងឺនៅមន្ទីរពេទ្យវ៉ិចតូរៀ ហើយខាងមន្ទីរពេទ្យបង្ខំនារីនោះឲ្យវះកាត់ និងបង្ខាំងម្ដាយនារីរងគ្រោះទុកក្នុងមន្ទីរពេទ្យ ដោយសារគ្មានប្រាក់បង់ថ្លៃព្យាបាល។

សូមបញ្ជាក់ថា ករណីកើតខាងលើនេះ បានកើតឡើងនៅវេលាម៉ោងប្រមាណ៨យប់ថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៩ នៅមុខមន្ទីរពេទ្យ វ៉ិចតូរៀ ដែលស្ថិតនៅផ្លូវលេខ ៣១៥ សង្កាត់បឹងកក់២ ខណ្ឌទួលគោក។

នៅរសៀលថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩នេះថា បន្ទាប់ពីខាងក្រសួងស្រាវជ្រាវរួចមក ឯកឧត្តមរដ្ឋមន្ត្រីក្រសួងសុខាភិបាលបានប្រកាសឲ្យបិទសិន ដើម្បីធ្វើការស្រាវជ្រាវ បន្តទៀត។

សូមជម្រាបថា កាលពីយប់មិញ ស្ថិតនៅមន្ទីរពេទ្យវ៉ិចតូរៀ មានហេតុការណ៍នារីម្នាក់ បានទៅមន្ទីរពេទ្យអន្តរជាតិវ៉ិតូរៀ ជាមួយម្ដាយ ដើម្បីមកពិនិត្យជំងឺរោគស្ត្រី។ បន្ទាប់ពីបានពិនិត្យរួច ស្រាប់តែខាងមន្ទីរពេទ្យ បានប្រាប់ឲ្យនារីរងគ្រោះត្រូវតែវះកាត់ បើមិនវះកាត់ទេអាចនឹងស្លាប់។ ភ្លាមៗនោះនារីរងគ្រោះ បាននិយាយថា ខ្លួនគ្មានប្រាក់ទេ បានសុំចេញទៅក្រៅវិញ ថែមទាំងសុំអង្វរទៀត តែបែរជាខាងមន្ទីរពេទ្យបង្ខិតបង្ខំឲ្យនារីរងគ្រោះខាងលើ ត្រូវតែធ្វើការវះកាត់ជាបន្ទាន់ ហើយថែមទាំងមិនប្រាប់ពីតម្លៃនៃការវះកាត់ទៀតផង។

ភ្លាមៗនោះខាងមន្ទីរពេទ្យ បានយកក្រដាស១សន្លឹក មិនដឹងថា ជាសរសេរអ្វីខ្លះនោះទេ បានឲ្យម្ដាយរបស់នារីរងគ្រោះ ផ្ដិតមេដៃ។ លុះក្រោយធ្វើការវះកាត់រួច ខាងមន្ទីរពេទ្យបានយកវិក្កយបត្របង់ថ្លៃវះកាត់មកឲ្យគាត់ ដោយអស់ប្រាក់ចំនួន២,០០០ដុល្លារ ថ្លៃពិនិត្យ១០ដុល្លារ ថ្លៃពិសោធន៍៤៦ដុល្លារ ហើយការវះកាត់នេះ មិនទាន់ដឹងថាជាជំងឺអ្វីឲ្យប្រាកដនោះទេ។

ភ្លាមៗនោះម្ដាយរបស់នារីរងគ្រោះ គាត់មានប្រាក់តែ៦០០ដុល្លារទេ សល់ប៉ុន្មានគាត់សុំរំលួស ម្ដង១០០ដុល្លារ តែករណីនេះខាងមន្ទីរពេទ្យមិនព្រមទេ ទាល់តែមាន៥០០ដុល្លារទៀត។ ភ្លាមៗនោះទ្វាររបស់មន្ទីរពេទ្យ ក៏ត្រូវសន្តិសុខ យកច្រវាក់មកចាក់ទ្វារមិនឲ្យក្រុមគ្រួសាររបស់គាត់ចេញឡើយ។

ក្រោយការវះកាត់ នារីរងគ្រោះបានមានអាការៈឈឺចុកចាប់ខ្លាំង ត្រូវក្រុមគ្រួសារហៅម៉ូតូកង់បី ដឹកយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យរដ្ឋវិញ និងករណីនេះក៏បានបង្កឲ្យមានការភ្ញាក់ផ្អើល ដល់អ្នកសារព័ត៌មានចុះទៅធ្វើការផ្សាយផ្ទាក់ព្រោងព្រាតផងដែរ៕


Facebook Comments
Loading...