លោក អភិបាលខេត្តត្បូងឃ្មុំ បានយកអំណោយកាកបាទក្រហមកម្ពុជា ជូនដល់អ្នករងគ្រោះដោយគ្រាប់ម៉ីន នៅមន្ទីរពេទ្យខេត្តកំពង់ចាម

0
584

ខេត្តត្បូងឃ្មុំ៖ នៅវេលាថ្ងៃត្រង់នេះលោកអភិបាលខេត្តត្បូងឃ្មុំបានដឹកនាំកម្លាំងមន្ត្រីក្រោមឱវាទយកអំណោយកាកបាទក្រហមកម្ពុជាជូនដល់ជនរងគ្រោះដោយគ្រាប់ម៉ីន នៅមន្ទីរពេទ្យកំពង់ចាម ខណៈនៅព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩ មានហេតុការណ៍ដ៏កក្រើកមួយ បានកើតឡើងនោះ គឺផ្ទុះក្បាលគ្រាប់១០៥មីល្លីម៉ែត្រ ដែលបន្សល់ពីសម័យសង្គ្រាម និងជាកេរ្តិ៍មរតករបស់ មហាអំណាចអាមេរិក ដោយបានបណ្ដាលឲ្យប្រជាពលរដ្ឋម្នាក់ស្លាប់ និង៩នាក់ផ្សេងទៀតរងរបួស ស្ថិតនៅចំណុចភូមិព្រែកតូច ឃុំជីរោទ៌ទី១ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។ លោកអភិបាល និងមន្ត្រីក្រោមឱវាទបានចូលរួមសោកស្តាយ និងជួយរំលែក មរណទុក្ខ ដ៏ក្រៀម ក្រំជូនគ្រួសារសព ដោយសារផ្ទុះក្បាលគ្រាប់១០៥មីល្លី ម៉េត្រ នៅខេត្តត្បូងឃ្មុំ និងអំពាវនាវពលរដ្ឋ កុំយកសំណល់ជាតិផ្ទុះពីសង្រ្គាមទៅប្រើប្រាស់ ។

លោក បណ្ឌិត ជាម ចន្ទសោភណ្ឌ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានអំពាវនាវ ដល់ ប្រជាពលរដ្ឋក្នុងខេត្ត សូមកុំយកសំណល់ជាតិផ្ទុះ ពីសង្រ្គាម គ្រប់ប្រភេទយកទៅប្រើប្រាស់ និងកែច្នៃធ្វើជា របស់របរផ្សេងៗជាដាច់ខាត់ ពីព្រោះសំណល់ ជាតិផ្ទុះទាំងនោះ នៅតែអាចធ្វើឲ្យរងគ្រោះថ្នាក់បាននៅឡើយ។

លោកអភិបាលបានផ្តល់អំណោយកាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិតិព្រឹទ្ធបណ្ឌិត ជាប្រធាន ក្នុងនោះដែរ ជូនអ្នកស្លាប់ចំនួន ២លានរៀល អ្នករបួសចំនួន៩នាក់ ក្នុងម្នាក់ៗ១លានរៀល និងគ្រឿងឧបភោគ បរិភោគ អង្ក១បេ ម៉ី១កេះ ទឹកត្រី១យួរ និងទឹកស៉ីអ៉ីវ១យួរផងដែរ។ អភិបាលរងខេត្ត និងជាប្រធានគណៈកម្មការសកម្មភាពមីនខេត្តត្បូងឃ្មុំ លោក ហាក់ សុខមករា បានថ្លែង ប្រាប់ថា នៅមុនពេលកើតហេតុ ប្រជាពលរដ្ឋខ្មែរឥស្លាម បានយកសំបកក្បាលគ្រាប់១០៥ យកមកស្ល និងសំណ ដើម្បីចាក់ធ្វើជើងអួនម៉ាញ់ (ឧបករណ៍នេសាទ) ស្រាប់តែបណ្ដាលឲ្យផ្ទុះផ្លោងចូលក្នុងផ្ទះ ស្លាប់មនុស្សម្នាក់ អាយុ៣៦ឆ្នាំ និងរងរបួសមនុស្ស ចំនួន៩នាក់ (ធ្ងន់០៥នាក់)។
ភ្លាមៗបន្ទាប់ពីទទួលបានព័ត៌មាននេះ លោកបានចាត់ឲ្យលោក សយ ទូច ប្រធានសកម្មភាពម៉ីនខេត្ត ចុះពិនិត្យ និងជួយសង្គ្រោះជាបឋម ព្រមទាំងនាំយកថវិកាជួយដល់អ្នករងគ្រោះដល់ស្លាប់ ចំនួន៤០ម៉ឺនរៀល និងអ្នកដែលរបួស ចំនួន២០ម៉ឺនរៀល ក្នុងម្នាក់ៗជាការជួយសម្រួលក្នុងការដោះស្រាយចំពោះមុខ។

បច្ចុប្បន្នជនរងគ្រោះទាំង៩នាក់ កំពុងសង្គ្រោះ និងសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តកំពង់ចាម ទាំងចំនួន៩នាក់ ៕

Facebook Comments
Loading...