ថ្នាក់ដឹកនាំខេត្ត មន្រ្តីរាជការ និងប្រជាពលរដ្ឋប្រមាណជា២០០០នាក់ ចូលរួមប្រារព្ធមិទ្ទិញរំលឹកខួបលើកទី៤០ ទិវាជ័យជម្នះ(៧ មករា ១៩៧៩-៧ មករា ២០១៩)

0
534

ខេត្តមណ្ឌលគិរី៖ អាជ្ញាធរខេត្តមណ្ឌលគិរី បានរៀបចំប្រារព្វពិធីរំលឹកខួបលើកទី៤០ ទិវាជ័យជម្នះ ៧ មករា ១៩៧៩-០៧ មករា ២០១៩ ក្រោមអធិបតីភាពឯកឧត្តម ស្វាយ សំអ៊ាង អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី ព្រមទាំងមានការចូលរួមពីលោក លោកស្រី សមាជិកក្រុមប្រឹក្សាខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អសវុធទាំងបីប្រភេទ អាជ្ញាធរក្រុងស្រុក ប្រជាពលរដ្ឋ យុវជនសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត សម្ពន្ធយុវជនស្រលាញ់សន្តិភាព យុវជនកាកបាទក្រហមកម្ពុជា យុវជនកាយរឹទ្ធិ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សប្រមាណជា២០០០នាក់ ពិធីនេះបានប្រព្រឹត្តទៅនៅក្រុងសែនមនោរម្យ កាលពីព្រឹកថ្ងៃអាទិត្យ ៨កើត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៩។

ថ្លែងនៅក្នុងអង្គមិទ្ទិញ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្ត បានអានសុន្ទរកថាប្រកបដោយអត្ថន័យ និងខ្លឹមសារយ៉ាងជ្រាលជ្រៅរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ដោយបានលើកឡើងថា ប្រសិនជាគ្មានថ្ងៃ៧មករានោះទេ គឺគ្មានសមិទ្ធិផលរីកដុះដាលរហូតមកដល់បច្ចុប្បន្ននេះទេ។ ឯកឧត្តមបន្តថា ដោយសារកម្លាំងមហាសាមគ្គីជាតិនេះហើយ ទើបធ្វើឱ្យប្រទេសកម្ពុជាទាំងមូល ត្រូវបានរំដោះឲ្យរួចចាកផុតពីរបបកម្ពុជាប្រជាធិបតេយ្យ ប្រល័យពូជសាសន៍ ប៉ុល ពត ដ៏សាហាវយង់ឃ្នង និងបាននាំមកនូវសុខសន្តិភាព សិទ្ធិសេរីភាព សេចក្ដីថ្លៃថ្នូរ វឌ្ឍនភាពសង្គម នៅថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៧៩ ដែលប្រជាជនកម្ពុជាទូទាំងប្រទេសចាត់ទុកជាថ្ងៃកំណើតលើកទី២ និងចងចាំជានិច្ចមិនអាចបំភ្លេចបានជារៀងដរាបទៅ ។

ឯកឧត្តម អភិបាលខេត្ត ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវរួមគ្នាជួយការពារ និងថែរក្សាសន្តិភាព ដែលរកបានដោយលំបាកបំផុតនេះ អោយស្ថិតស្ថេរគង់វង្សប្រកបដោយនិរន្តភាព សំរាប់អនាគត់យូរអង្វែងតទៅ និងត្រូវរួមគ្នាជួយផ្សព្វផ្សាយពីសមិទ្ធផលដែលរាជរដ្ឋាភិបាលខិតខំប្រឹងប្រែងសម្រេចបានឲ្យទៅដល់ប្រជាពលរដ្ឋទូទៅបានយល់ជ្រួតជ្រាបកាន់តែច្បាស់ពីការរីកម្រើនរបស់ប្រទេសជាតិនាពេលបច្ចុប្បន្ននេះ។

សូមបញ្ជាក់ថា ក្នុងអង្គមិទ្ទិញនោះដែរ ក៏មានការដង្ហែរក្បួនរថយន្តបុស្បុកចំនួន០៧ រួមមាន រថយន្តរដ្ឋបាលសាលាខេត្ត រថយន្តតំណាងកងកម្លាំងទាំងបី រថយន្តតំណាងក្រុង/ស្រុកទាំង០៥ និងរថយន្តតំណាងមន្ទីរជំនាញចំនួន០៤ និងការដើរព្យូហយាត្រាចែកចេញជា ១២ផែនរួមមាន៖ ១,ជាផែននាំមុខ នៃក្បូនព្យូហយាត្រាថ្មើជើង ២, រដ្ឋបាលសាលាខេត្ត ៣, កងកម្លាំងប្រដាប់អាវុធ ៤, រដ្ឋបាលក្រុង/ស្រុកទាំង៥ក្នុងខេត្ត ៥,មន្ទីរ/អង្គភាពជំនាញ ផ្នែកវិស័យសេដ្ឋកិច្ច ៦ ,មន្ទីរ/អង្គភាពជំនាញ ផ្នែកវិស័យសង្គមកិច្ច ៧, មន្ទីរ/អង្គភាពជំនាញ ផ្នែកធនធានធម្មជាតិ ៨, មន្ទីរ/អង្គភាពជំនាញ ផ្នែកវិស័យការងារ ៩, យុវជនកាយរឹទ្ធិជាតិកម្ពុជា ១០, យុវជនកាកបាទក្រហមកម្ពុជា ១១, សម្ពន្ធយុវជនស្រលាញ់សន្តិភាពសាខាខេត្ត ១២, សហភាពសហព័ន្ធយុវជនកម្ពុជា។ ហើយក្នុងផែននីមួយៗមានរថយន្តបុស្បុក បានដាក់បង្ហាញពីសមិទ្ធផលនានារបស់រដ្ឋបាលខេត្ត មន្ទីរ/អង្គភាព និងតាមបណ្តាក្រុង/ស្រុក ដែលកើតចេញពីសុខសន្តិភាព ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងប្រធានគណបក្សប្រជាជនកម្ពុជា៕ដោយ៖មនោរម្យ

Facebook Comments
Loading...