ផ្លូវក្រវាត់ក្រុងទី៣ប្រវែងជិត ៥៣គីឡូម៉ែត្រឆ្លងកាត់រាជធានីភ្នំពេញ និងខេត្តកណ្តាល

0
1148

ភ្នំពេញ៖ ផ្លូវក្រវាត់ក្រុងទី៣ប្រវែងជិត ៥៣គីឡូម៉ែត្រឆ្លងកាត់រាជធានីភ្នំពេញ និងខេត្តកណ្តាល ដែលគ្រោងចំណាយថវិកាសាងសង់ជិត ៣០០លានដុល្លារសហរដ្ឋអាមេរិកបានបើកការដ្ឋានសាងសង់ហើយនៅព្រឹក ថ្ងៃចន្ទទី១៤ ខែមករា នេះ ក្រោមអធិបតីភាពសម្តេចតេជោហ៊ុន សែននាយករដ្ឋមន្ត្រីកម្ពុជា។

គម្រោងសាងសង់ផ្លូវក្រវាត់ក្រុងខ្សែទី៣នេះតភ្ជាប់ ពីផ្លូវជាតិលេខ៤ទៅផ្លូវជាតិលេខ១ ឆ្លងកាត់ភូមិសាស្ត្ររាជធានីភ្នំពេញ និងខេត្តកណ្តាល ប្រវែងសរុបជិត ៥៣គីឡូម៉ែត្រ ក្នុងនោះឆ្លងកាត់ភូមិសាស្រ្តរាជធានីភ្នំពេញជាង ១៥គីឡូម៉ែត្រ និងឆ្លងកាត់ភូមិសាស្រ្តខេត្តកណ្តាលប្រវែងជិត ៣៨គីឡូម៉ែត្រ ដែលមានចំណុចចាប់ផ្តើមពីគីឡូម៉ែត្រ ១៤+១០៥ នៃផ្លូវជាតិលេខ៤ និងចំណុចចុងបញ្ចប់នៅគីឡូម៉ែត្រ ២៤+៨៤០ នៃផ្លូវជាតិលេខ១។

ផ្លូវក្រវាត់ក្រុងទី៣នេះ មានទំហំទទឹងផ្លូវ ២៧ម៉ែត្រសម្រាប់ទីប្រជុំជន និងក្រៅទីប្រជុំជនមានទទឹងផ្លូវ ២៥ ម៉ែត្រ។

ផ្លូវក្រវាត់ក្រុងទី៣នេះ នឹងមានសាងសង់ស្ពានអាកាសឆ្លងកាត់ចំនួន ០៤កន្លែង (ឆ្លងកាត់ផ្លូវជាតិលេខ៤ លេខ៣ លេខ២ និងលេខ២១) ប្រវែងសរុប ១,០០០ម៉ែត្រ។ សាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ ០២កន្លែង ត្រង់កោះអន្លង់ចិន ប្រវែងសរុប ៩៩៦ម៉ែត្រ (ក្នុងនោះស្ពានបាសាក់ខាងកើតប្រវែង ៦៣០ម៉ែត្រ និងស្ពានបាសាក់ខាងលិច ប្រវែង៣៦៦ម៉ែត្រ)។ សាងសង់ស្ពានមធ្យម និងខ្លីចំនួន ០៦កន្លែង និងលូគ្រប់ប្រភេទ ១១៣កន្លែង ។

គម្រោងផ្លូវនេះ ចំណាយថវិកាសរុបប្រមាណ ២៧៣លានដុល្លារអាមេរិក ដែលជាហិរញ្ញប្បទានសម្បទានពីរដ្ឋាភិបាលចិន ហើយរាជរដ្ឋាភិបាលកម្ពុជាចូលរួមថវិកាបដិភាគសម្រាប់ការដោះស្រាយផលប៉ះពាល់ ការបោសសម្អាតមីននិងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ពន្ធ និងសួយសារអាករ។

ផ្លូវមួយខ្សែនេះ តាមការគ្រោងទុកត្រូវ ប្រើរយៈពេលសាងសង់ចំនួន ៤២ខែ គ្រោងនឹងបញ្ចប់នៅខែធ្នូ ឆ្នាំ២០២១។

គម្រោងសាងសង់ផ្លូវក្រវាត់ក្រុងខ្សែទី៣នេះ ក៏តភ្ជាប់ផងដែរទៅនឹងផ្លូវទំនប់កប់ស្រូវ ផ្លូវជាតិលេខ៥ និងភ្ជាប់ទៅនឹងស្ពានឈ្នះឈ្នះនិង មហាវិថីឈ្នះឈ្នះ និងផ្លូវជាតិលេខ៦ ដែលនឹងប្រែក្លាយទៅជាផ្លូវក្រវាត់ក្រុងដ៏ធំនិងទំនើបមួយ បម្រើឱ្យជាផ្លូវដឹកជញ្ជូនវាងរាជធានីភ្នំពេញ តភ្ជាប់ពីផ្លូវជាតិលេខ៦ ផ្លូវជាតិលេខ៥ ផ្លូវជាតិលេខ៤ ផ្លូវជាតិលេខ៣ ផ្លូវជាតិលេខ២ និងផ្លុវជាតិលេខ២១ ឆ្លងកាត់ទន្លេបាសាក់ ព្រមទាំងកោះអន្លង់ចិន និងតភ្ជាប់ទៅនឹងផ្លូវជាតិលេខ១ ពិសេស តភ្ជាប់ទៅចំណតផែកុងតេន័រថ្មីរបស់កំពងផែស្វ័យតភ្នំពេញ នៅស្រុកកៀនស្វាយ ក៏ដូចជា ការបំពេញឱ្យការតភ្ជាប់ផ្លូវអាស៊ានហាយវ៉េយ (AH1 និងAH11) និងផ្លូវរបៀងសំខាន់ៗ (របៀងកណ្តាល និងរបៀងសេដ្ឋកិច្ចភាគខាងត្បូង) របស់មហាអនុតំបន់មេគង្គ។

Facebook Comments