សម្តេចតេជោ ហ៊ុន សែន ចាត់ទុកសារព័ត៌មានជាដៃគូសំខាន់ក្នុងការចូលរួមអភិវឌ្ឍន៍សង្គមជាតិ

0
1051

នៅល្ងាចថ្ងៃសុក្រ ៦កើត ខែបុស្ស សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញផ្តល់កិត្តិយជួបសំណេះសំណាលនិងពិសារបាយសាមគ្គីជាមួយអ្នកព័ត៌មាន ៤,៥០០នាក់ ដែលមកពីស្ថាប័នផ្សេងៗរួមទាំងថ្នាក់ដឹកនាំ និងមន្ត្រីក្រសួងព័ត៌មាន ស្ថានីយវិទ្យុនិងទូរទស្សន៍, សារព័ត៌មានបោះពុម្ពផ្សាយ, ក្រុមសារព័ត៌មានតាមបណ្តាញសង្គម Facebook, គេហទំព័រ និង TV Online, អ្នកនាំពាក្យក្រសួង-ស្ថាប័ន, អ្នកនាំពាក្យរាជធានី-ខេត្ត និងមន្ទីរព័ត៌មានរាជធានី-ខេត្ត ដែលបានធ្វើឡើងនៅមជ្ឈមណ្ឌលកោះពេជ្រ។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី សប្បាយរីករាយយ៉ាងខ្លាំងដែលបានអញ្ជើញមកជួបជុំសំណេះសំណាល និងពិសារអាហារសាមគ្គីជាមួយបងប្អូនកូនក្មួយជាអ្នកសារព័ត៌ មានជាតិនៅក្នុងជំនួបលើកទី៣ ប្រចាំឆ្នាំ២០១៩។

ក្នុងនាមជានាយករដ្ឋមន្ត្រី សម្តេចតេជោ ហ៊ុន សែន តែងតែផ្សាភ្ជាប់ទំនាក់ទំនងល្អជាមួយពលរដ្ឋ អង្គការ និងសមាគមនានាតាមរយៈកម្មវិធីជួបជុំដូចល្ងាចនេះដែលកន្លងមក គឺមានកម្មវិធីជួបជុំបងប្អូនខ្មែរឥស្លាម, បងប្អូនខ្មែរ-ចិន, បងប្អូនគ្រឹស្ថសាសនា, បងប្អូនកូនក្មួយសិល្បៈករ សិល្បៈការិនី, បងប្អូនកូនក្មួយកីឡាករកីឡាការិនី និងការជួបជុំជាមួយបងប្អូនកូនក្មួយអ្នកសារព័ត៌មានជាដើម។ គោលបំណងនៃការជួបជុំគឺដើម្បីស្វែងយល់អំពីសុខទុក្ខផ្ទាល់របស់បងប្អូនអ្នកសារព័ត៌មាន និងបានផ្តល់នូវអនុសាសន៍ល្អៗ ដើម្បីជំរុញការផ្សព្វផ្សាយព័ត៌មានអោយបានល្អត្រឹមត្រូវពិតប្រាកដតាមក្រមសីលធម៍ច្បាស់លាស់ដើម្បីបំរើសង្គមជាតិឲ្យកាន់តែរីកចម្រើន។

នៅថ្ងៃនេះផងដែរ សម្តេចតេជោនាយរកដ្ឋមន្ត្រី បានប្រកាសឲ្យអ្នកសារព័ត៌មាន និងប្រជាពលរដ្ឋបានដឹងថា សម្តេចតេជោបានសម្រេចបញ្ចប់រឿងរ៉ាវមួយដ៏សំខាន់ជាមួយរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ គឺចាប់ពីពេលនេះតទៅនៅតាមច្រកព្រំដែនទាំងអស់ គឺមិនឲ្យមានផ្នែកណាផ្សេងក្រៅតែពី “នគរបាលអន្តោប្រវេសន៍ និងគយ “ តែប៉ុណ្ណោះ។ ភ្នាក់ងារដទៃៗទៀត រួមទាំងកាំកុងត្រូល គឺត្រូវដកចេញអោយអស់។ ទន្ទឹមនឹងនោះ ក៏ត្រូវបញ្ចុះតម្លៃស្កែន (Scan) ទំនិញផងដែរ ដើម្បីអោយអ្នករកស៊ីទទួលបានផលចំណេញកាន់តែច្រើន។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានបញ្ជាក់ច្បាស់ថាការអនុវត្តបែបនេះ គឺដើម្បីចូលរួមចំណែកក្នុងការលុបបំបាត់ភាពអសកម្មផ្សេងៗ និងអំពើរពុករលួយជាដើម និងម្យ៉ាងវិញទៀតគឺបានបង្កលក្ខណៈកាន់តែងាយស្រួលដល់ពាណិជ្ជករ និងបងប្អូនប្រជាពលរដ្ឋក្នុងការប្រកបអាជីវកម្មផងដែរ។ ទន្ទឹមនិងនេះ គឺនឹងជួយអោយសេដ្ឋកិច្ចជាតិមានដង្ហើមរស់បានដោយស្រួលទៀតផង។

នៅក្នុងឱកាសនេះ សម្តេចតេជោ ហ៊ុន សែន បានសំណូមពរដល់ស្ថាប័នសារព័ត៌មានទាំងអស់ត្រូវអនុវត្តនូវចំនុចសំខាន់ៗមួយចំនួនដូចជា:

១) ស្ថាប័នព័ត៌មានទាំងរដ្ឋ និងឯកជនទាំងអស់ ត្រូវដើរតួនាទីជាស្ថាប័នព័ត៌មានពិត គឺជាកញ្ចក់ឆ្លុះបញ្ចាំងពីសង្គមជាតិពិតប្រាកដ។ សូមកុំឲ្យកញ្ចក់នោះជាកញ្ចក់ដែលបែកធ្លុះផ្សាយព័ត៌មានមិនពិតពីសង្គម។

២) ស្ថាប័នព័ត៌មានរដ្ឋ និងឯកជនទាំងអស់ ត្រូវផ្សព្វផ្សាយព័ត៌មានពិតដោយមានការពន្យល់ច្បាស់លាស់ទៅប្រជាពលរដ្ឋអោយបានយល់ជ្រួតជ្រាបអំពីទិសដៅនិងគោលនយោបាយរបស់រាជរដ្ឋាភិបាល ហើយនាំយកនូវអ្វីដែលជាការពិតពីប្រជាពលរដ្ឋមកកាន់រដ្ឋាភិបាលវិញ គឺទាំងក្នុងកម្រិតតាក់តែង និងកម្រិតអនុវត្តន៍អោយមានប្រសិទ្ឋភាព។

៣)ស្នើអោយសារព័ត៌មានត្រូវចេះចូលរួមជួយរិះគន់ដើម្បីស្ថាបនារាល់កំហុសឆ្គង និងផែនការដែលបានដាក់ចេញ នៃក្រសួងស្ថាប័ននានា ដើម្បីធ្វើការកែលំអរ ហើក៏មិនមែនរិះគន់ដើម្បីតែជាន់ពន្លិចនោះទេ។

៤) សំណូមពរឲ្យអ្នកសារព័ត៌មានចូលរួមសិក្សាវិភាគជាលក្ខណៈអន្តរជាតិ ដើម្បីបានដឹងអំពីររឿងរ៉ាវទាំងឡាយដែលកើតមានឡើងនៅលើពិភពលោក ហើយក៏ចង់ឲ្យអ្នកសារព័ត៌មានក្លាយទៅជាអ្នកវិភាគផងដែរចំពោះព្រឹត្តិការណ៍ក្រៅប្រទេស ពីព្រោះកន្លងមកមានបរទេសគេវិភាគ និងផ្សាយពីកម្ពុជា ដូច្នេះយើងត្រូវចេះសិក្សាបកស្រាយ និងវិភាគពីគេវិញផងដែរ។

៥)សំណូមពរការផ្សព្វផ្សាយព័ត៌មានទាំងអស់ឲ្យបានត្រឹមត្រូវ មានក្រមសីលធម៌វីជ្ជាជីវៈ ពិសេស សម្តេចតេជោបានសំណូមពរ ដល់អ្នកប្រប្រាស់បណ្តាញសង្គម ហ្វេសបុគ (Facebook) សូមកុំឲ្យមានការជេរប្រមាថ ហែកកេរ្តិ៍ខ្មាស់គ្នា ដែលនាំឲ្យមានរឿងប្តឹងផ្តល់ និងឡើងតុលាការជាដើម។ សូមរក្សាតំលៃរបស់ខ្លួន ពិសេសអ្នកសារព័ត៌មានត្រូវធ្វើព័ត៌មានដែលច្បាស់ពិត កុំស្មានៗ ហើយក៏មិនត្រូវដើរតួជាតុលាការកាត់ក្តីឡើយ។

៦) ត្រូវចូលរួមលុបបំបាត់អ្នកសារពទ័មានជម្រិតទារប្រាក់ គឺកុំធ្វើជាអ្នកសារព័ត៌មានសម្រាប់តែជម្រិតទាលុយពីគេ ឬមានលក្ខណៈជាក្រុមព័ត៌មាន “ម៉ាហ្វីយ៉ា”។

៧) កុំផលិត និងជួយទប់ស្កាត់ព័ត៌មានក្លែងក្លាយ ដែលមិនបានផ្តល់ប្រយោជន៍ដល់សង្គម។ ម្យ៉ាងវិញទៀតដើម្បីប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ គឺអ្នកសារព័ត៌មានត្រូវបញ្ចេញព័ត៌មានពិតប្រាកដចេញមកបកស្រាយ ដើម្បីលុបបំបាត់នូវព័ត៌មានក្លែងក្លាយទាំងនោះ។

៨) ត្រូវខិតខំលើកកម្ពស់សមត្ថភាពបុគ្គលិកសារព័ត៌មាន និងធ្វើការបណ្តុះបណ្តាធនធានមនុស្ស និងអភិវឌ្ឍប្រព័ន្ធផ្សព្វផ្សាយ ។ ជាពិសេស ត្រូវទំនាក់ទំនងជាមួយបណ្តាសមាគម ស្ថាបន័ជំនាញ សកលវិទ្យាល័យ និងក្រសួងព័ត៌មានជាដើម ដើម្បីទទួលបាននូវការបណ្តុះបណ្តាលនូវជំនាញសារព័ត៌មានបន្ថែមទៀត។ ម្យ៉ាងទៀត គឺត្រូវទាក់ទងអ្នកដែលមានជំនាញច្បាស់លាស់ ដើម្បីបង្កើនគុណភាពការងារ និងការផលិតឲ្យមានភាពកាន់តែល្អប្រសើរ។

ទន្ទឹមនឹងនោះដែរ សម្តេចតេជោ ហ៊ុន សែន បានគាំទ្រនិងជំរុញអោយមានការរៀបចំយុទ្ឋនាការប្រកួតប្រជែង អំពី “ការផលិតព័ត៌មានពិត ហើយលឿន បើអាចធ្វើច្រើនភាសា គឺរិតតែល្អ”។ សម្តេចតេជោ ក៏បានគាំទ្រ និងជំរុញអោយមានប្រព័ន្ឋផ្សេព្វផ្សាយអនឡាញ (online)អោយបានច្រើន ព្រោះសព្វថ្ងៃនេះអ្នកតាមដានព័ត៌មានមិនសូវរង់ចាំមើលតាមទូរទស្សទេ។

នៅថ្ងៃនេះ សម្តេចតេជោ បានបញ្ជាក់ជូនអ្នកសារព័ត៌មានទាំងអស់ថា សម្តេចនឹងនៅបន្តដឹកនាំប្រទេសយ៉ាងហោចណាស់ដល់ឆ្នំា ២០២៨ ដែលសម្តេចគ្រោងនឹងជួបបងប្អូនអ្នកសារព័ត៌មានចំនួន ៩ដងទៀត។

នៅក្នុងឱកាសនេះដែរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានជូនពរដល់បងប្អូនកូនក្មួយអ្នកសារព័ត៌មានទាំងអស់ ជួបតែសេចក្តីសុខ សេចក្តីចម្រើន ព្រមទាំងពុទ្ឋពរ៥ ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ៕

Facebook Comments
Loading...