បន្ទាប់ពីផ្ដួលយុគ យក្សគីលម៉ាស៊ូដសាកជាមួយ សរ រាជសីហ៍

0
444

ភ្នំពេញ: អ្នកប្រដាល់ជើងខ្លាំងអ៊ីរ៉ង់ម៉ាស៊ូដ ម៉ុកហ៊ីមីយ៉ាន់(Masud Moghimian)ត្រូវជួបជាមួយអ្នកប្រដាល់ជើងខ្លាំងកម្ពុជាសរ រាជសីហ៍ក្លិបមោងឬស្សីមរតកគុនខ្មែរលើសង្វៀនBoostrong Fighter on Fire របស់អាស៊ីអាគ្នេយ៍ព្រឹកថ្ងៃទី១៣មករា ។

អ្នកប្រដាល់អ៊ីរ៉ង់រូបនេះហ្វឹកហាត់នៅក្លិបមួយក្នុងប្រទេសថៃគេធ្លាប់មកប្រកួតនៅស្រុកខ្មែរបានមួយលើកហើយ ។ នេះជាលើកទី២ហើយដែលគេមកប្រកួតនៅសង្វៀនអាស៊ីអាគ្នេយ៍កាលពីមកលើកទី១គេបានបង្ខំឲ្យអ្នកប្រដាល់ជើងចាស់កម្ពុជាយុគ យក្សគីលក្លិបកងចក្ររាជសីហ៍ដែលមានប្រវត្តិវ៉ៃជាង១០០ដងនោះលើទង់ជ័យ ស ចុះចាញ់មុនស្នូរជួងបញ្ចប់ទឹកទី៤ ។

មកលើកនេះគេជួបជាមួយសរ រាជសីហ៍ដែលជាអ្នកប្រដាល់មួយរូបខ្លាំងជាងយក្សគីល ។ប្រវត្តិប្រកួតរបស់ ម៉ាស៊ូដ ម៉ុកហ៊ីមីយ៉ាន់តិចមែនតែល្អ ។គេទើបតែធ្លាប់ឡើងសង្វៀនប្រកួត១៦ដងប៉ុណ្ណោះតែឈ្នះ១៣ដង និងចាញ់៣ដង ។

ចំពោះរាជសីហ៍ដែលវ៉ៃចេញធ្ងន់នោះគេមានកម្លាំងអស្ចារ្យណាស់តែបន្ទាប់ពីឆ្លងផុតទឹកទី៣ហើយកម្លាំងគេធ្លាក់ចុះតែម្ដង ។អ្នកប្រដាល់កម្ពុជារូបនេះមានប្រវត្តិប្រកួតចំនួន៦៨ដង ឈ្នះ៥៦ដង និងចាញ់១២ដង ។ការប្រកួតនេះ ប្រសិនបើម៉ាស៊ូដមានសមត្ថភាពយកឈ្នះរាជសីហ៍បាននោះគឺគេពិតជាខ្លាំងហើយ ។

Facebook Comments