កីឡាការិនីកែ ឡេងស្ថិតក្នុងចំណោមអត្តពលិក២៥រូបរបស់ពិភពលោកក្នុងការប្រជែងយកពានអន្តរជាតិ

0
235

ភ្នំពេញ៖ លោកស សុខារដ្ឋលេខាធិការក្រសួងអប់រំយុវជន និង កីឡាបានថ្លែងនៅក្នុងសន្និសីទកាសែតនារសៀលថ្ងៃទី១០មករាថាកីឡាការិនីប៉េតង់កម្ពុជា កែ ឡេង ដែលដណ្ដើមបានមេដាយមាសពិភពលោកចំនួន ៣លើក
ជាប់គ្នានោះបានក្លាយជាបេក្ខនារីឆ្នើមរបស់ពិភពលោកចំនួន២៥រូបដែលត្រូវប្រជែងយកពានរង្វាន់អន្តរជាតិដែលគេប្រសិទ្ធិនាមថា The World Games Athlete of The Year 2018 ។

កីឡាការិនីកែ ឡេងដណ្ដើមបានមេដាយមាសចំនួន៣លើកជាប់ៗគ្នាលើវិញ្ញាសាវាយយកពិន្ទុ(Shooting)គឺ ឆ្នាំ២០១៣ដណ្ដើមបាននៅប្រទេសបារាំង ២០១៥ដណ្ដើមបាននៅប្រទេសថៃ និង២០១៧ដណ្ដើមបាននៅឯប្រទេសចិន ។

កីឡាការិនីវ័យចំណាស់រូបនេះចាប់ផ្ដើមលេងកីឡាប៉េតង់នៅឆ្នាំ១៩៩៩ ។ឆ្នាំ២០០១ចាប់ផ្ដើមចេញប្រកួតជាមួយនឹងការដណ្ដើមបានភាពល្បីល្បាញភ្លាមៗ ។គិតមកទល់ពេលនេះកីឡាការិនីរូបនេះដណ្ដើមបានមេដាយចំនួន៥៥គ្រឿងពីព្រឹត្តិការណ៍ប្រកួតជាលក្ខណៈអន្តរជាតិ ។ ក្នុងចំណោមមេដាយទាំង៥៥គ្រឿងនោះមានមេដាយមាស២១គ្រឿងមេដាយប្រាក់១៧គ្រឿង និងមេដាយសំរិទ្ធ១៧គ្រឿង ។

ដើម្បីដណ្ដើមបានជោគជ័យជាកីឡាការិនីឆ្នើមរបស់ពិភពលោកគឺប្រជាជននៃប្រទេសរបស់ខ្លួនជាអ្នកបោះឆ្នោតគាំទ្រ ។ប្រជាជនកម្ពុជាទាំងអស់អាចចូលរួមគាំទ្រអ្នកស្រីកែ ឡេងតាមរយៈ ៖ https://www.theworldgames.org/awards/Athlete-of-the-Year-2018-58) ដោយគ្រាន់តែចុចគាំទ្រលើពាក្យVoteតែប៉ុណ្ណោះ ។អ្នកចូលរួមបោះឆ្នោតត្រូវតែមានអាស័យដ្ឋានសារអេឡិចត្រូនិក(Email)របស់ខ្លួនហើយរៀងរាល់២៤ម៉ោងម្ដងគេអាចបោះឆ្នោតបាន។ការបោះឆ្នោតគាំទ្រនេះនឹងបញ្ចប់នៅថ្ងៃទី៣១មករា
២០១៩ ។

លោកស សុខាអះអាងថាលោកនឹងសុំឲ្យសិស្សានុសិស្ស ក្រុមហ៊ុននានាបោះឆ្នោតគាំទ្រអ្នកស្រីកែឡេងដើម្បីឲ្យអ្នាកស្រីក្លាយជាកីឡាការិនីឆ្នើមរបស់ពិភពលោកនាឆ្នាំនេះ ។

លោកប៊ូ ជុំសេរីអនុរដ្ឋលេខាធិការក្រសួងអប់រំយុវជន និង កីឡាមានប្រសាសន៍ដែរថាប្រធានសហពន្ធប៉េតង់អន្តរជាតិលោកក្លូដ អាហ្ស៊ីម៉ាបានសរសេរសំបុត្រមកលោកស្ដីពីការគាំទ្រដល់កីឡាការិនីកែ ឡេង ។រង្វាន់សម្រាប់ជ័យលាភីនេះគឺពាន និងនាឡិកាប្រណិតមួយគ្រឿងដែលផលិតនៅប្រទេសស្វីស ។

សូមបញ្ជាក់ថា សមាគមហ្គេមអន្តរជាតិ ( International World Games Association) ដែលមានទីស្នាក់ការនៅទីក្រុងឡូសានប្រទេសស្វីសជាអ្នករៀបចំការបោះឆ្នោតតាមអនឡាញសម្រាប់ពានរង្វាន់ The World Games Athlete of The Year 2018។ សមាគមនេះធ្វើតែលើប្រភេទកីឡាមិនមែនអូឡាំពិកតែប៉ុណ្ណោះ ។

Facebook Comments