ម៉ឺន មេឃា សាកកណ្ដាប់ដៃជាមួយអ៊ីរ៉ង់ ឯ រឿង សារ័ត្នជួបឡាវ

0
174

ភ្នំពេញ: អ្នកប្រដាល់កម្ពុជាម៉ឺន មេឃាសមាគមប្រដាល់ក្រសទងការពារជាតិដែលជាកូនប្រុសរបស់អេភូថងត្រូវតស៊ូជាមួយអ្នកប្រដាល់អ៊ីរ៉ង់រ៉េហ្សា ឌីវស៊ូរ៉ាទី (Reza Divsourati) លើសង្វៀនហ្គេនស្ប៊ើករបស់អាស៊ីអាគ្នេយ៍យប់ថ្ងៃទី១២មករា។

អ្នកប្រដាល់ទាំង២រូបនេះប្រកួតគ្នាក្នុងប្រភេទទម្ងន់៦៣,៥០គីឡូក្រាម ។មេឃាមិនសូវមានឱកាសប្រកួតជាមួយអ្នកប្រដាល់បរទេសច្រើនទេតែការប្រកួតរបស់ជាមួយបរទេសភាគច្រើនបានទទួលជ័យជំនះ ។មេឃាមានស្នៀត កណ្ដាប់ដៃល្អធ្ងន់ រហ័សតែគេហាក់ដូចជាឆាប់ហត់ និង មិនសូវពូកែជង្គង់ណាស់ណាទេ ។អ្នកប្រដាល់កម្ពុជារូបនេះមានប្រវត្តិប្រកួតចំនួន៣០ដង ឈ្នះ២៦ដង និងចាញ់៤ដង ។

ចំពោះអ្នកប្រដាល់អ៊ីរ៉ង់រ៉េហ្សា ឌីវស៊ូរ៉ាទីវិញគេទើបតែឆ្លងដែនមកប្រកួតនៅស្រុកខ្មែរជាលើកដំបូងនេះទេ ។ អ្នកប្រដាល់រូបនេះហ្វឹកហាត់នៅក្លិបមួយក្នុងស្រុកថៃហើយមិនមាននរណាដឹងថាគេស្ខោយឬខ្លាំងនោះដែរ តែកន្លងមកអ្នកប្រដាល់អ៊ីរ៉ង់ដែលមកប្រកួតនៅស្រុកខ្មែរច្រើនតែគ្រាន់បើ។

អ្នកប្រដាល់រូបនេះមានប្រវត្តិប្រកួតចំនួន១៧ដង ឈ្នះ ១៤ដង និងចាញ់៣ដង ។ជំនួបមួយនេះមិនដឹងថាម៉ឺនមេឃាឈ្នះ ឬ អ្នកប្រដាល់អ៊ីរ៉ង់ឈ្នះនោះឡើយ ។

រឿង សារ័ត្ន ក្លិបទ័ពឆ័តរយោង៩១១ដែលបាត់មុខពីសង្វៀនអាស៊ីអាគ្នេយ៍មួយរយៈនោះបានបង្ហាញខ្លួនឡើងវិញ ដើម្បីប្រកួតជាមួយអ្នកប្រដាល់ឡាវថាវ ថាំងឌី(Thav Thangdy)គេប្រកួតគ្នាក្នុងប្រភេទទម្ងន់៦៧គីឡូក្រាម ។

មុនបាត់មុខសារ័ត្នជួបបរាជ័យលើសង្វៀនផ្ទួនៗពេកទើបអ្នកផ្គូរផ្គងរារែកចិត្តក្នុងការបញ្ជូលឈ្មោះរបស់គេទៅក្នុងបញ្ជីចាប់គូនោះ ។តាមពិតអ្នកប្រដាល់រូបនេះវ៉ៃល្អតែពេលជួបជាមួយអ្នកប្រដាល់បរទេសគេហាក់ដូចជាវ៉ៃខ្លាចគូប្រកួតទៅវិញ ។

សារ័ត្នមានប្រវត្តិប្រកួតចំនួន៨៤ដង ឈ្នះ៦២ដង ចាញ់១៨ដង និងស្មើ៤ដង ។ចំពោះអ្នកប្រដាល់ឡាវថាវថាំងឌីវិញនេះជាលើកដំបូងហើយដែលគេមកប្រកួតនៅស្រុកខ្មែរ ។កំណត់ត្រាប្រកួតរបស់គេល្អព្រោះក្នុងប្រវត្តិប្រកួត៥៤ដង គេឈ្នះ៥០ដង និងចាញ់៤ដងប៉ុណ្ណោះ ។ជំនួបនេះនរណាឈ្នះ ?

Facebook Comments
Loading...