សំណុំរឿងឧកញ៉ា ថោង សារ៉ាត់បាញ់សម្លាប់ឧកញ៉ាអ៊ឹង ម៉េងជឺ តុលាការលើកយកមកជំនុំជម្រះជាលើកទី២

0
815

ភ្នំពេញ៖ សំណុំរឿងឃាតកម្មបាញ់សម្លាប់លោកឧកញ៉ាអ៊ឹង ម៉េងជឺថៅកែស៊ីម៉ង់តិ៍សញ្ញាត្បូងពេជ្រ ដែលបានធ្វើឲ្យកក្រើកទីក្រុង ភ្នំពេញកាលពីអំឡុងចុងឆ្នាំ២០១៤កន្លងទៅ រហូតមកដល់ពេលនេះត្រូវបានលោកចៅក្រម តុប ឈុនហេង ប្រធានក្រុមប្រឹក្សាជំនុំជម្រះ សាលាដំបូងរាជធានីភ្នំពេញលើកយកមកបើកសវនាការជំនុំជម្រះជាលើកទី២ នៅថ្ងៃទី១៥ ទី១៦ និងទី១៧ ខែមករាឆ្នាំ២០១៩ខាងមុខនេះ។

គួររំលឹកថាកាលពីរសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៧ កន្លងទៅ លោកចៅក្រមតុប ឈុនហេង បានប្រកាសសម្រេចចាត់របៀបលើសំណុំរឿងនេះ ដែលធ្វើឡើង តាមមាត្រា៣៣៦ នៃក្រមនីតិវិធីព្រហ្មទណ្ឌ និង បានចាត់តាំងលោកលី សុខលេង ជាចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញជា អ្នកទទួលបន្ទុកចៅក្រមទទួលបន្ទុក ដើម្បីសាកសួរ និង ពិនិត្យបន្ថែម ទៅលើភស្តុតាង មួយចំនួនដូចជា៖ ពិនិត្យបន្ថែមទៅលើ កំណត់ហេតុពិនិត្យ សាកសពជនជាប់ចោទឈ្មោះលី សៅ ដែលបានស្លាប់នៅ ពេលជាប់ឃុំបណ្តោះអាសន្ន និងសាកសួរបន្ថែមទៅលើ មន្ត្រីនគបាលដែលបានយាមកាម នៅកន្លែងកើតហេតុជាដើម ។

សំណុំរឿងឧកញ៉ា ថោង សារ៉ាត់ បានឆ្លងកាត់ការជំនុំជម្រះជាច្រើនលើកច្រើនសារមកហើយ គឺមានតែជនជាប់ចោទដែលជាអង្គរក្សចូលរួមសវនាការ ខណៈជនជាប់ចោទអ្នក មានស្តុកស្តមឧកញ៉ា ថោង សារ៉ាត់ មិនមានវត្តមានក្នុង សវនាការនោះទេគ្រាដែលជាប់សង្ស័យថា ជាមេខ្លោងនៃអំពើឃាកម្មបាញ់សម្លាប់លើឧកញ៉ាអ៊ឹង ម៉េងជឺ ហើយរហូតមកដល់ថ្ងៃប្រកាសសាល ក្រមកាលពីរសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៧ ក៏នៅតែមិនមានវត្តមានឧកញ៉ា ថោង សារ៉ាត់ នោះដែរ ខណៈមេធាវីបានដាក់លិខិតជូនតុលាការ ដោយអះអាងថា កូនក្តីខ្លួនមាន បញ្ហាសុខភាព។

សំណុំរឿងឃាតកម្មបាញ់សម្លាប់ លោកឧកញ៉ា អ៊ឹង ម៉េងជឺ នេះមានជនជាប់ ចោទទាំងអស់៦នាក់ ទី ១ . ឧកញ៉ា ថោង សារ៉ាត់ (អ្នកផ្តើមគំនិត) ២.ឈ្មោះ សៀង វាសនា (ជាជនដៃ ដល់ កាន់កាំភ្លើងដើរចូលទៅ បាញ់មិនញញើតដៃ ពេលជនរងគ្រោះកំពុងចុះពីលើរថយន្ត បណ្តាលឲ្យស្លាប់ក្នុងថ្លុកឈាម នៅមុខហាងលក់ផ្លែឈើ ក្បែរង្វង់មូលអាងទឹកអូឡាំពិក សង្កាត់ទួលស្វាយព្រៃ២ ខណ្ឌចំការមន កាលពី វេលាម៉ោងជាង៧យប់ថ្ងៃទី២២ វិច្ឆឹកា ២០១៤ ។ ៣.ឈ្មោះ កូយ ចាន់ថុល ៤.ឈ្មោះ ឈុន ចិត្រា ៥.ឈ្មោះ មាស សម្បត្តិ និង៦.ឈ្មោះ លី សៅ ហៅ វី (ស្លាប់នៅក្នុងពន្ធនាគារ) ។

ជនជាប់ចោទថោង សារ៉ាត់ ត្រូវសមត្ថកិច្ចចាប់ខ្លួន បន្ទាប់ពី ជាប់សង្ស័យថាជាមេខ្លោងនៅពីក្រោយការបាញ់ សម្លាប់ឧកញ៉ា អ៊ឹង ម៉េងជឺ ហើយត្រូវបានចៅក្រមសាលាដំបូង រាជធានីភ្នំពេញ បញ្ជូនទៅឃុំខ្លួន បណ្ដោះអាសន្ននៅ ពន្ធនាគារព្រៃសកាលពីរសៀលថ្ងៃទី១៧ មេសា ឆ្នាំ២០១៥ ក្រោយពីត្រូវតំណាង អយ្យការចោទប្រកាន់ពីបទផ្តើមគំនិតក្នុងអំពើឃាតកម្មគិតទុកជាមុន តាមមាត្រា២៨និងមាត្រា២០០នៃ ក្រមព្រហ្មទណ្ឌ ដែលបទល្មើសនេះ កំណត់ការផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត ។ រីឯក្រុមអង្គរក្ស ត្រូវបានតំណាងអយ្យការចោទប្រកាន់ពីបទ សមគំនិតនិងបទឃាតកម្មគិតទុកជាមុន តាមមាត្រា២៩និង មាត្រា២០០នៃក្រមព្រហ្មទណ្ឌ។

នាថ្ងៃបញ្ចប់សវនាការសួរដេញដោល លោកហ៊ឹង ប៊ុនថន ព្រះរាជអាជ្ញារងនិងជាតំណាងអយ្យការក្នុងរឿងក្ដីនេះ បានធ្វើសេចក្តីសន្និដ្ឋានប្តឹងសុំតំកល់ការចោទប្រកាន់ទៅលើឧកញ៉ាថោង សារ៉ាត់ និងក្រុមអង្គរក្ស និង ស្នើតុលាការផ្តន្ទាទោស ជនជាប់ចោទទៅតាមច្បាប់។ រីឯក្រុមមេធាវីការពារក្តីជូនឲ្យគ្រួសារជនរងគ្រោះបានសំណូមពរឲ្យតុលាការផ្ដន្ទាទោស ក្រុមជនជាប់ ចោទឲ្យបានតឹងរឹង និងទាមទាសំណងជំងឺចិត្តពីមេផ្ដើមគំនិតឈ្មោះ ថោង សារ៉ាត់ ចំនួន៥០លានដុល្លារ និងពីក្រុមជនដៃដល់ចំនួន១០លានដុល្លារ។

លោកឧកញ៉ាអ៊ឹង ម៉េងជឺ អាយុ៥៣ ឆ្នាំ ថៅកែស៊ីម៉ង់តិ៍ សញ្ញាត្បូងពេជ្រត្រូវបានបាញ់នឹងកាំ ភ្លើងខ្លីជា ច្រើនគ្រាប់ កាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៤កន្លងទៅ នៅក្នុងសង្កាត់ ទួលស្វាយព្រៃ ខណ្ឌចំការ មនដែលបានបណ្តាល ឱ្យ ជនរងគ្រោះ បានស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុ ក្នុង ខណៈពេលលោក បានធ្វើដំណើរ ចាកចេញពីរថយន្តទៅ ទិញផ្លែឈើនៅតូបលក់ ផ្លែឈើមួយកន្លែង នៅជិតម្តុំរង្វង់មូលអាងទឹកស្តាតអូឡាំពិក៕

Facebook Comments
Loading...