ចាប់ផ្ដើមតម្លើងបង្គំកៅអីនៅពហុកីឡដ្ឋានមរតកតេជោ

0
1127

ភ្នំពេញ: លោកថោង ខុនប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានអញ្ជើញធ្វើជាសាក្សីក្នុងការតម្លើងបង្គំកៅអីសម្រាប់អង្គុយទស្សនាបាល់ទាត់ក្នុងពហុកីឡដ្ឋានមរតកតេជោនាព្រឹកថ្ងៃទី៩មករា ។

ពិធីនេះក៏មានការចូលរួមពីសំណាក់លោកWang Chun Xian ដែលជាតំនាងក្រសួងពាណិជ្ជកម្មចិនទៀតផង ។ សូមបញ្ជាក់ថាបង្គំកៅអីថ្មនេះមានចំនួន៤.៦២៤ដុំ ជណ្ដើរមាន២.៣៩២កាំ និង បង្កាន់ដៃចំនួន១៩២ ។ បន្ទាប់ពីចាប់បង្គំបេតុងនេះហើយទើបបំពាក់កៅអីជ័រដែលអាចផ្ទុកមនុស្សបានចំនួន៥៥.០០០នាក់ និងកៅអីបម្រុងចំនួន៥.០០០កៅអីទៀតផង ។ កីឡាដ្ឋាននេះមានសមត្ថភាពជន្លៀសមនុស្សដោយប្រើពេលតែ៧នាទីប៉ុណ្ណោះ ។ មណ្ឌលទស្សនាបាល់ទាត់នេះមាន៥ជាន់ដោយមានជាន់ផ្ទាល់ដី ជាន់កណ្ដាល និងជាន់ខ្ពស់បំផុត ។

រយៈពេល១៦ខែហើយដែលពហុកីឡដ្ឋាននេះចាប់ផ្ដើមសាងសង់ ។ ពហុកីឡដ្ឋាននេះប្រើកម្លាំងលកម្មទាំងវិស្វករ ទាំង អ្នកបច្ចេកទេស និងកម្មករចំនួន៥៨០នាក់ដែលក្នុងនោះមានកម្មករ និង អ្នកបច្ចេកទេសខ្មែរចំនួន២៤០នាក់ ។

ពហុកីឡដ្ឋានដែលធ្វើឡើងក្រោមជំនួយឥតសំណងរបស់រដ្ឋាភិបាលចិននេះមានតម្លៃជាង១៦០លានដុល្លារសហរដ្ឋអាមេរិក ។ មកទល់ពេលនេះកសាងសម្រេចបានជាង៤០ភាគរយហើយ ។បើតាមការគ្រោងទុកការសាងសង់នឹងបញ្ចប់នៅចុងឆ្នាំ២០២០ ដែលពេលនោះរដ្ឋាភិបាលចិននឹងប្រគល់ជូនរដ្ឋាភិបាលកម្ពុជាតែម្ដង ។

សូមបញ្ជាក់ថាពហុកីឡដ្ឋានមរតកតេជោបានបញ្ចប់ការសាងសង់មជ្ឈមណ្ឌលហែលទឹក និង វិមានសម្រាប់ប្រកួតកីឡាក្នុងសាលបានរួចរាល់អស់ហើយ ។ សម្រាប់មណ្ឌលហែលទឹក និង កីឡាក្នុងសាលមួយចំនួនបានបើកការប្រកួតខ្លះៗហើយ ។

លោកថោង ខុនបានចាត់ទុកថាតំបន់ពហុកីឡដ្ឋានមរតកតេជោនេះនឹងក្លាយជាទីក្រុងរណបដ៏ទាក់ទាញបំផុតមួយនាពេលអនាគត ។

Facebook Comments
Loading...