ម៉ន សាម៉េត ជម្រះបញ្ជីជាមួយសត្រូវចាស់យ៉ត វណ្ណីបានឬទេ ?

0
510

ភ្នំពេញ: ការប្រកួតប្រដាល់ដណ្ដើមខ្សែក្រវាត់ខារ៉ាបាវទម្ងន់៥៧គីឡូក្រាមលើសង្វៀនអាស៊ីអាគ្នេយ៍រជ្ជកាលទី៨លើសង្វៀនអាស៊ីអាគ្នេយ៍ចាប់ផ្ដើមហើយនៅរសៀលថ្ងៃទី១២មករា ។

នេះជាការប្រកួតនេះមានអ្នកប្រដាល់កម្ពុជាចំនួន៤រូប និង អ្នកប្រដាល់ថៃចំនួន៤រូបហើយពេញមួយព្រឹត្តិការណ៍នេះគឺអ្នកប្រដាល់កម្ពុជាជួបជាមួយអ្នកប្រដាល់ថៃរហូតដោយគ្មានការជួបគ្នារវាងអ្នកប្រដាល់រួមជាតិឡើយ។

ចុងក្រោយអ្នកប្រដាល់កម្ពុជា ១រូប និង អ្នកប្រដាល់មួយរូបដែលមានពិន្ទុលើសគេត្រូវប្រកួតគ្នាដណ្ដើមខ្សែក្រវាត់ដែលមានប្រាក់រង្វាន់អមចំនួន៥.០០០ដុល្លារ ។

សម្រាប់ថ្ងៃចាប់ផ្ដើមដំបូងដែលមាន២ប្រកួតនេះអ្នកប្រដាល់កម្ពុជាម៉ន សាម៉េតក្លិបកងចក្ររាជសីហ៍ប្រកួតជាមួយអ្នកប្រដាល់ថៃយ៉ត វណ្ឌី(Yorth Vandy) ។

សាម៉េតជាអ្នកប្រដាល់ចិត្តធំដែលមានកលល្បិចវ៉ៃល្អតែអ្នកប្រដាល់រូបនេះចូលចិត្តបំពានលៃគូប្រកួតបន្តិច។ គេមានប្រវត្តិប្រកួតចំនួន១៣៩ដង ឈ្នះ១០៤ដង ចាញ់៥ដង ។

ចំពោះអ្នកប្រដាល់ថៃយ៉ត វណ្ឌីវិញគេមានកណ្ដាប់ដៃរហ័សធ្ងន់ ជំហរមាំល្អ ។គេមានប្រវត្តិប្រកួតចំនួន៧០ដង ឈ្នះ៥៨ដង និងចាញ់១២ដង ។អ្នកប្រដាល់ទាំង២រូបនេះធ្លាប់ជួបប្រកួតគ្នាម្ដងហើយដែលកាលនោះវណ្ឌីប្រើកណ្ដាប់ដៃផ្ដួលម៉ន សាម៉េតនៅទឹកទី១ ។

សម្រាប់លើកនេះមិនដឹងថាវណ្ឌីមានសំណាងល្អដូចលើកមុនទៀតឬយ៉ាងណាឡើយ ។ សាម៉េតបាននិយាយថា ថ្ងៃនោះគេភ្លាត់ស្នៀតទើបត្រូវគូប្រកួតវ៉ៃឲ្យសន្លប់បែបនេះ ។ សាម៉េតបន្តថាវណ្ឌីមិនមានស្នៀតអ្វីអស្ចារ្យនោះឡើយសង្ឃឹមថាសាម៉េតមិនភ្លាត់ស្នៀតដូចលើកមុនទៅចុះ ។

ប្រកួតក្នុងព្រឹត្តិការណ៍នេះដែរវ៉ាន់ វឿនក្លិបឃ្លាំ់ងមឿងកីឡាដែលជាម្ចាស់មេដាយសំរិទ្ធស៊ីហ្គេមលើកទី២៩នៅប្រទេសម៉ាឡេស៊ីនោះជួបប្រកួតជាមួយអ្នកប្រដាល់ថៃដឹក គែន(Deuk Ken) ។

វ៉ាន់ វឿនមានផ្លែវ៉ៃល្អ រហ័សតែការវ៉ៃចេញរបស់គេមិនធ្ងន់ឡើយ ។អ្នកប្រដាល់រូបនេះប្រកួតជាមួយអ្នកប្រដាល់បរទេសគេវ៉ៃបានល្អតែជួបជាមួយអ្នកប្រដាល់រួមជាតិគេតែងតែត្រូវអ្នកប្រដាល់កម្ពុជាគ្នាឯងទាត់ឲ្យខូចជើង ។

វ៉ាន់ វឿនមានប្រវត្តិប្រកួតចំនួន៦៩ដង ឈ្នះ៥៥ដង ចាញ់១២ដង និង ស្មើពិន្ទុ២ដង ។ ចំពោះដឹក គែនគេទើបតែមកប្រកួតនៅស្រុកខ្មែរជាលើកដំបូងនេះទេ ។ គេមានប្រវត្តិប្រកួតចំនួន៥៩ដង ឈ្នះ៤៨ដង និងចាញ់១១ដង ។

ជំនួបនេះតើវ៉ាន់ វឿនមានសង្ឃឹមដណ្ដើមជ័យជំនះលើគូប្រកួតថ្ងៃបើកសង្វៀនដំបូងឬទេ ? ចំពោះដឹក គែនវិញមិនដឹងថាមានឱកាសឬយ៉ាងណាឡើយ ។

Facebook Comments
Loading...