អគ្គលេខាធិការថ្មីសហព័ន្ធកីឡាទូកកានូ និងរ៉ូវីងកម្ពុជាប្រកាសសងបំណុលដែលសហព័ន្ធចាស់ជំពាក់គេ

0
445

ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯកជា ប៊ុនហេងដែលបានជាប់ឆ្នោតជាអគ្គលេខាធិការសហព័ន្ធទូកកានូ និង រ៉ូវីញនៅក្នុងមហាសន្និបាតនាព្រឹកថ្ងៃទី៨មករានោះបានប្រកាសជួយសងបំណុលនានាដែលសហព័ន្ធចាស់ជំពាក់គេ ។

តាមពិតអារឿងជំពាក់លុយគេវាជារឿងខ្លាំង ឬ ខ្សោយរបស់អគ្គលេខាធិការ ។នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់សហព័ន្ធពីឆ្នាំ២០១៥ដល់ឆ្នាំ២០១៨មានចំណូល៤៤១.០០០.០០០រៀល ។ ជាមួយនឹងចំណូលប៉ុណ្ណេះសហព័ន្ធបានចំណាយទៅវិញអស់ចំនួន៤៤៣.១៤៨.០០០រៀល ហេតុនេះសហព័ន្ធត្រូវជំពាក់គេចំនួន២.១៤៨.០០០រៀល
ទៀត ។ លោកឧត្តមសេនីយ៍ឯកជា ប៊ុនហេងបានប្រកាសថាបំណុលនេះលោកទទួលសងទោះបីអាណត្តិមុនមិនមានឈ្មោះលោកនៅក្នុងសហព័ន្ធនេះក៏ដោយ ។

សូមបញ្ជាក់ថា អាណត្តិមុននេះលោកមាស សារិនជាអគ្គលេខាធិការតែបន្ទាប់ពីឆ្លងកាត់មហាសន្និបាត
នេះមកលោកមាស សារិនជាអនុប្រធានអចិន្រ្តៃយ៍ក្នុងចំណោមអនុប្រធានចំនួន៥ ។អភិបាលរាជធានី-ខេត្តទាំង២៥បានក្លាយជាសមាជិកប្រតិបត្តិរបស់សហព័ន្ធដែលអាណត្តិនេះមានសមាជិកប្រតិបត្តិចំនួន៣៣រូប ។

អភិបាលរាជធានីភ្នំពេញគឺលោកឃួង ស្រេង និង លោកអភិបាលខេត្តកណ្ដាលគឺលោកម៉ៅ ភិរុណបានក្លាយជាអនុប្រធានសហព័ន្ធ ។ ចំពោះអភិបាលនៃខេត្តចំនួន២៣ទៀតគឺជាសមាជិកប្រតិបត្តិធម្មតា ។ សម្ដេចក្រឡាហោមស ខេងនៅកាន់ជាប្រធានសហព័ន្ធដដែល ឯ លោកនាយឧត្តមនាវីទៀ វិញនៅជាអនុប្រធានសហព័ន្ធ និង មានលោករដ្ឋមន្ត្រីពាណិជ្ជកម្មប៉ាន់ សូរស័ក្តិ ជាអនុប្រធានសហព័ន្ធដែរ ។

លោកឧត្តមសេនីយ៍ឯកជា ប៊ុនហេងដែលក្លាយជាអគ្គលេខាធិការនោះបានអះអាងថាលោកជាអ្នកកាន់
កីឡាក្រសួងមហាផ្ទៃលោកមិនមានចរឹកចង់បានផលប្រយោជន៍ពីកីឡាឡើយ ។ ទូកលោកពុំធ្លាប់កាន់នោះទេតែលោកសន្យាថានឹងរួមចំណែកអភិវឌ្ឍន៍កីឡានេះ ។ បញ្ហាបច្ចកទេសលោកមិនសូវដឹងទេតែលោកនឹងជួយជាធនធានហើយ សហព័ន្ធមួយនេះត្រូវរួមគ្នាធ្វើទាំងអស់គ្នាកុំនៅមើលបំណាំគ្នាដើម្បីចាប់កំហុសគ្នា ។សូមបញ្ជាក់ថាកញ្ញាមាស តឿ
ជាអគ្គហិរញ្ញឹករបស់សហព័ន្ធ ។

មហាសន្និបាតនេះធ្វើឡើងដោយមានការចូលរួមពីសំណាក់លោកព្រំ ប៊ុណ្ណយីដែលជាតំណាងក្រសួងអប់រំយុវជន និងកីឡា និង មានការចូលរួមពីតំណាងគណៈកម្មាធិការជាតិអូឡាំពិកទៀតផង ។

Facebook Comments
Loading...