មឿន សុខហ៊ុចអាចបង្កើនកំណត់ត្រាឈ្នះក្នុងប្រវត្តិរបស់ខ្លួនឬទេ ?

0
455

ភ្នំពេញ: អ្នកប្រដាល់ជើងខ្លាំងកម្ពុជា២រូបបានត្រៀមខ្លួនរួចជាស្រេចហើយដើម្បីប្រកួតជាមួយអ្នកប្រដាល់ថៃលើសង្វៀនខារ៉ាបាវរបស់អាស៊ីអាគ្នេយ៍រសៀលថ្ងៃទី៥មករា ។

ឈឿន ឆៃដែនក្លិបនិរោធន៍មានជ័យនឹងត្រូវតស៊ូជាមួយអ្នកប្រដាល់ថៃឆាយ ឡេក(Chhay Lek)ដោយពួកគេប្រកួតគ្នាក្នុងប្រភេទទម្ងន់៦០គីឡូក្រាម ។ ឆៃដែនបាត់មុខពីសង្វៀនអាស៊ីអាគ្នេយ៍យូរដែរហើយពេលនេះគេបានលេចមុខមកវិញជាមួយនឹងក្ដីសង្ឃឹមខ្ពស់ក្នុងការប្រជែងគ្នាយកជ័យជំនះ ។

អ្នកប្រដាល់ដែលចូលចិត្តប្រើកែង និង ជង្គង់ដើម្បីផ្ដួលគូប្រកួតរូបនេះគេបានសម្ងំត្រាំពឹសមួយរយៈពេលវែងគ្រាន់បើដែរហើយ ។ការបង្ហាញមុខលើកនេះគេជឿថាឆៃដែននឹងមានអ្វីកាន់តែអស្ចារ្យជាងមុនជាមិនខានឡើយ ។ គេមានប្រវត្តិប្រកួតចំនួន៧១ដង ឈ្នះ៦០ដង និងចាញ់១១ដង ។

ចំពោះអ្នកប្រដាល់ថៃឆាយ ឡេកវិញនោះនេះជាលើកដំបូងហើយដែលគេធ្វើដំណើរមកប្រកួតនៅស្រុកខ្មែរតាមរយៈលោកថៃ អ៊ូដែលជាប្រធានសមាគមប្រដាល់ខេត្តបន្ទាយមានជ័យ ។មិនមាននរណាដឹងថាអ្នកប្រដាល់ថៃរូបនេះខ្លាំងឬខ្សោយនោះទេ ហើយរបៀបវ៉ៃយ៉ាងណាៗក៏មិនមានអ្នកដឹងដែរ ។

ឆាយ ឡេកមានប្រវត្តិប្រកួតចំនួន៦១ដង ឈ្នះ៥៤ដង និង ចាញ់៧ដង ។អ្នកប្រដាល់ថៃរូបនេះបានបោះសំដីមកថាគេត្រូវស្ពាយជ័យជំនះត្រឡប់ទៅវិញ ។ និយាយលេង ឬ និយាយមែន?

មឿន សុខហ៊ុចក្លិបពុទ្ធសេរីវង្សដែលមួយរយៈនេះគេមានការប្រកួតច្រើននោះគេត្រូវតស៊ូជាមួយអ្នកប្រដាល់ថៃឈ្មោះផាឆត ណាគ្រីន(Phat Nakrin)ដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៦០គីឡូក្រាម ។

ផាត ណាគ្រីនក៏ពុំធ្លាប់មកប្រកួតនៅស្រុកខ្មែរដែរ ។ គេជាអ្នកប្រដាល់ដែលប្រើជើងទាត់បានល្អ កណ្ដាប់ដៃធ្ងន់ ។ គេមានប្រវត្តិប្រកួតចំនួន៦៩ដង ឈ្នះ៥៨ដង និង ចាញ់១១ ដង ។

ចំពោះសុខហ៊ុចវិញនៅស្រុកខ្មែរនរណាក៏ទទួលស្គាល់ថាគេជាអ្នកប្រដាល់លំដាប់កំពូលមួយរូបក្នុងប្រភេទទម្ងន់៦៥គីឡូក្រាម ។ គេជាអ្នកប្រដាល់ដែលមានអាវុធសំបូរបែប មានចិត្តធំ ហើយមួយរយៈមកនេះគេជួបនឹងជ័យជំនះជាប់រហូត ។ សុខហ៊ុចមានប្រវត្តិប្រកួតចំនួន១៥១ដង ឈ្នះ១២៤ដង ចាញ់២២ដងស្មើពិន្ទុ៥ដង ។ នរណាឈ្នះ នរណាចាញ់មិនអាចទាយមុនបានឡើយ ។

Facebook Comments