មន្ទីរព័ត៌មានខេត្តប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០១៨ និងលើកទិសដៅសម្រាប់ឆ្នាំ២០១៩

690

ខេត្តត្បូងឃ្មុំ៖ នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨នេះ នៅសាលប្រជុំមន្ទីរព័ត៌មានខេត្តត្បូងឃ្មុំ បានបើកកិច្ចប្រជុំបូកសរុបរបាយការណ៍ការងារប្រចាំឆ្នាំ២០១៨ និងលើកទិសដៅឆ្នាំ២០១៩ របស់មន្ទីរព័ត៌មានខេត្តត្បូងឃ្មុំ ក្រោមអធិបតីភាព លោក ស ស៊ីណា ប្រធានមន្ទីរព័ត៌មានខេត្ត ព្រមទាំងមានការចូលរួមពី លោក ធ៉ីន ស៊ីថាច អនុប្រធានមន្ទីរ លោក លោកស្រី ប្រធាន អនុប្រធានការិល័យ មន្ត្រី និងបុគ្គលិកទាំងអស់នៃមន្ទីរព័ត៌មានខេត្តត្បូងឃ្មុំ។

ក្នុងកិច្ចប្រជុំនោះ លោក ធ៉ីន ស៊ីថាច អនុប្រធានមន្ទីរខេត្តត្បូងឃ្មុំ បានឡើងអានរបាយការណ៍ការងារដែលមន្ត្រីគ្រប់ផ្នែកទាំងអស់អនុវត្តន៍ និងខិតខំបំពេញនាពេលកន្លងមក ក៍ដូចជាសមិទ្ធផលនានាដែលមន្ទីរសម្រេចបាន។

បន្ទាប់ពីប្រធានការិយាល័យទាំង៤ រួមមានការិយាល័យរដ្ឋបាល និងគណនេយ្យ ការិយាល័យសោតទស្សន៍ ការិយាល័យទូរទស្សន៍ និងការិយាល័យវិទ្យុ បានធ្វើរបាយការណ៍លទ្ធផលការងារដែលអនុវត្តន៍បាន ព្រមទាំងលើកឡើងនូវបញ្ហាប្រឈម សំណូមពរ ក៍ដូចជារំលេចនូវទិសដៅសម្រាប់អនុវត្តន៍ជាបន្តរួចមក លោក ស ស៊ីណា ប្រធានមន្ទីរព័ត៌មានខេត្តត្បូងឃ្មុំ បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងបំពេញការងាររបស់មន្ត្រីគ្រប់ជាន់ថ្នាក់ទាំងអស់ក្នុងមន្ទីរ រហូតទទួលបានលទ្ធផលការងារបានយ៉ាងល្អប្រសើរ ពិសេសរាល់សំណូមពរ ដែលជាបញ្ហាប្រឈមនានា លោកក៍បានដោះស្រាយបំពេញជូនអោយអស់ពីលទ្ធភាពផងដែរ។

ក្នុងនោះ លោកប្រធានមន្ទីរ បានគូសបញ្ជាក់ទៅលើការិយាល័យទូរទស្សន៍ និងវិទ្យុ ដែលការិយាល័យទាំង២នេះ មានវិសាលភាពក្នុងការផ្សព្វផ្សាយព័ត៌មាននានា ទៅអោយស្រទាប់មហាជនបានដឹង និងជ្រាប ទាំងក្នុងខេត្ត ក្នុងប្រទេស ក៍ដូចជាទៅកាន់សកលលោក ដោយផ្សាយតាមរយ:វិទ្យុ ទូរទស្សន៍ខ្សែកាប គេហទំព័រវេបសាយ ហ្វេសបុក និងយូធូបតាមរយ:ការផ្សាយតាមវិទ្យុជាតិត្បូងឃ្មុំ និងតាមទូរទស្សន៍ជាតិត្បូងឃ្មុំ ស្របតាមទិសស្លោក ប្លែកលឿន ទុកចិត្តបាន ទីណាពិណាក៍បាន ។

ក្នុងនោះ កម្មវិធីព័ត៌មាន២ដែលកំពុងបានការគាំទ្រ គឺកម្មវិធីព័ត៌មានព្រឹកនេះ និងកម្មវិធីបច្ចុប្បន្នភាពកម្ពុជា ដែលសហការគ្នារវាងការិយាល័យទាំង២នេះ ក៍ដូចជាការផ្សាយបន្តផ្ទាល់ពីទូរទស្សន៍ជាតិកម្ពុជា (ទទក) នូវព្រឹត្តិការណ៍ធំៗនានា សមិទ្ធផលនានាដែលរាជរដ្ឋាភិបាលសម្រេចបាន សកម្មភាពនានានៃថ្នាក់ដឹកនាំខេត្ត ក៍ដូចជាថ្នាក់ជាតិ ពិសេសរាល់កម្មវិធីរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

លោក ស ស៊ីណា បានជំរុញអោយគ្រប់ការិយាល័យទាំងអស់បន្តខិតខំបំពេញការងារ ទទួលខុសត្រូវខ្ពស់លើភារកិច្ចរៀងៗខ្លួន អោយកាន់តែខ្លាំងក្លាបន្ថែម ។
លោក ក៍បានធ្វើការសំណូមពរ ដល់មន្រ្តីគ្រប់ជាន់ថ្នាក់ទាំងអស់ សូមសាមគ្គីភាពផ្ទៃក្នុងជាធ្លុងមួយ ជាគ្រួសារតែមួយ បំពេញភារកិច្ចរៀងៗខ្លួនអោយអស់ពីលទ្ធភាព ដើម្បីលទ្ធផលការងារមន្ទីរព័ត៌មានខេត្តត្បូងឃ្មុំ កាន់តែវិវឌ្ឍន៍ទ្វេឡើងជាបន្តទៀត៕