ហេតុអ្វីបានជាគេធ្វើបង្អួចយន្តហោះមូល ?

0
185

យន្តហោះដឹកអ្នកដំណើរដើរដោយប្រព័ន្ធប្រតិកម្មដំបូងគេបង្អស់ គឺជាយន្តហោះផលិតដោយប្រទេសអង់គ្លេស DH 106 Comet (1949) ។ ក្នុងចន្លោះឆ្នាំ ១៩៥៣ និង ១៩៥៤ យន្តហោះ Comet នេះធ្លាក់ ៣ គ្រឿង បណ្តាលអោយមនុស្សស្លាប់ ៩៩ នាក់ ។ ការស្រាវជ្រាវបានបង្ហាញអោយឃើញថា មូលហេតុដើមចមនៃគ្រោះថ្នាក់នេះគឺ បង្អួចជ្រុងរបស់យន្តហោះ ។

កាលពីជំនាន់មុន យន្តហោះប្រើកង្ហារប្រើកញ្ចក់បង្អួចជ្រុង តែនៅពេលយកវាមកប្រើលើយន្តហោះប្រតិកម្មបង្អួចនេះក្លាយជាចំនុចខ្សោយរបស់យន្តហោះទាំងមូល ។ យន្តហោះប្រតិកម្មហោះក្នុងកំពស់ខ្ពស់ជាងយន្តហោះកង្ហារ ។ នៅក្នុងកំពស់ខ្ពស់ សម្ពាធខ្យល់នៅខាងក្រៅខ្សោយជាងសម្ពាធនៅខាងក្នុងយន្តហោះ ។ ដោយហេតុនេះ សម្ពាធខាងក្នុងធ្វើអោយតួយន្តហោះប៉ោងជាងធម្មតាបន្តិច តែទន្ទឹមនោះ សម្ពាធនេះបានមកសង្កត់កែងជ្រុងនៃបង្អួចយ៉ាងខ្លាំងដែលអាចអោយតួយន្តហោះប្រេះហើយបាក់តែម្ដង ។

តាំងពីពេលនោះមក គេធ្វើបង្អួចយន្តហោះមូលដែលអាចពង្រាយសម្ពាធបានស្មើគ្រប់កន្លែងល្អជាងបង្អួចជ្រុង ។

Facebook Comments
Loading...