ជជែកគ្នាពីរបាយការណ៍វឌ្ឍនភាពស៊ីហ្គេម២០២៣

0
590

ភ្នំពេញ: ពេញមួយព្រឹកថ្ងៃទី២៥ធ្នូគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានរៀបចំកិច្ចប្រជុំមួយ របាយការវឌ្ឍនភាពស៊ីហ្គេម២០២៣ ក្រោមអធិបតីភាពលោកថោង ខុនប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ។

កិច្ចប្រជុំនេះធ្វើឡើងដោយមានការចូលរួមពីសំណាក់លោកស សុខារដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា តំណាងក្រសួងហិរញ្ញវត្ថុ តំណាងសហព័ន្ធជាតិ លោកGunterlange ដែលជាអ្នកឯកទេសរៀបចំព្រឹត្តិការណ៍ប្រកួតជនជាតិអាល្លឺម៉ង់ លោកDiamil អ្នកឯកទេសខាងកីឡាមកពីប្រទេសសេណេហ្គាល់ ។

បើតាមលោកGunterlange នោះថាដើម្បីបានមេដាយពីស៊ីហ្គេមត្រូវតែអភិវឌ្ឍន៍កីឡាថ្នាល។ សហព័ន្ធជាអ្នកបង្កើតលទ្ធភាពឯគ្រូ និង កីឡាជាអ្នកធ្វើឲ្យបានសម្រេចក្នុងការដណ្ដើមមេដាយ ។ បើតាមការវាយតម្លៃនោះថាមកទល់ពេលនេះមានតែសហព័ន្ធគុនដាវ សហព័ន្ធបាល់ទាត់ និង សហព័ន្ធកីឡាកាយសម្ព័ន្ធប៉ុណ្ណោះដែលបានរៀបចំផែន
ការមេរយៈពេល២ឆ្នាំមកហើយ ។ ចំពោះសហព័ន្ធដទៃទៀតអ្វីៗទំនងជានៅក្នុងថតតុនៅឡើយទេ ។

លោកDiamil ក៏បានអះអាងដែរថាការរៀបចំព្រឹត្តិការណ៍មួយវាមិនមែនជារឿងសាមញ្ញនោះទេគឺគិតតាំងពីការធ្វើដំណើរ ការហូបចុក ការស្នាក់នៅគឺធ្វើយ៉ាងណាឲ្យបន្ទាប់ពីបញ្ចប់ស៊ីហ្គេមទៅកម្ពុជានៅរក្សាបានកេរ្តិ៍ឈ្មោះល្អ ។

លោកវ៉ាត់ ចំរើនអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាមានប្រសាសន៍ថាផែនការមេគណៈ
កម្មាធិការជាតិអូឡាំពិកកម្ពុជាបានធ្វើហើយតាំងពីឆ្នាំ២០១៦តែអ្វៀៗបានដំណើរការយឺតដោយសារតែសាមីសហព័ន្ធមួយចំនួនមិនព្រមសិក្សាពីផែនការមេនោះដើម្បីអភិវឌ្ឍន៍សហព័ន្ធរបស់ខ្លួន ។ផែនការមេជាយុទ្ធសាស្ត្រក្នុងការស្វែងរកមេដាយហេតុនេះមិនត្រូវទុកវាចោលឡើយ ។

លោកអ៊ុក សិទ្ធិជាតិអគ្គនាយកកីឡាបានបញ្ជាក់ថាក្រសួងអប់រំបានធ្វើការកែទម្រង់នៅក្នុងវិស័យកីឡា
ក្នុងនោះមានទាំងការរៀបចំការប្រកួត ការកសាងហេដ្ឋារចនាសម្ព័ន្ធ និង ការកសាងធនធានមនុស្ស ។នៅក្នុងផែនការមេបានកំណត់៣៥ប្រភេទកីឡាសម្រាប់ស៊ីហ្គេមឆ្នាំ២០២៣តែបើប្រភេទកីឡាណាគ្មានសក្ដានុពលត្រូវដកចេញហើយអាចជ្រើសរើសប្រភេទកីឡាថ្មីដែលមានសក្ដានុពលមកជំនួសវិញ ។

លោកស សុខា បានបន្ទោសចំពោះសហព័ន្ធខ្លះដែលយកផែនការមេមកទុកចោលក្នុងថតតុហើយមិនព្រមយកមកមើល តើសហព័ន្ធទាំងនោះរង់ចាំពេលណាទើបចាប់ផ្ដើមមើលផែនការមេនេះ។

លោកថោង ខុនបានអះអាងពីការបញ្ជូនកីឡាទៅហ្វឹកហាត់នៅក្រៅស្រុកដូចជាតំបន់អាស៊ីអាគ្នេយ៍ ឬអាចទៅប្រទេសចិន កូរេ ជប៉ុន ឬអាចប្រទេសនៅអ៍រុបក៏បានដែរឲ្យតែសហព័ន្ធនោះមានផែនការច្បាស់លាស់ខ្លួនឯងមក។

Facebook Comments
Loading...