អត្ថបទបំភ្លឺលើករណីបាតុភូតវត្តមានសត្វ “ព្រៀង” ឬ “ទំពុន”

0
601

កាលពីថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៨ ទំព័រ Facebook ផ្លូវការរបស់ក្រសួងបរិស្ថាន បានផ្តល់ព័ត៌មាននិងបំភ្លឺអំពីវត្តមានរបស់សត្វដែលមានរូបរាងដូចក្នុងវីដេអូ YouTube រួចមកហើយ ដោយបានធ្វើការសន្និដ្ឋានជាបឋមថា សត្វនេះមិនមែនជាដង្កូវគីនីឡើយ។ យោងតាមការសិក្សា និងការចុះទៅសាកសួរព័ត៌មានបន្ថែមរបស់ក្រុមការងារនាយកដ្ឋានជីវៈចម្រុះ ពីប្រជានេសាទ និងមន្រ្តីឧទ្យានុរក្សនៅខេត្តកោះកុង និងខេត្តកំពត បានបញ្ជាក់ថា សត្វក្នុងវីដេអូនោះ ត្រូវបានអ្នកស្រុកកោះកុងហៅថាសត្វ “ព្រៀង” ចំណែក អ្នកស្រុកកំពតហៅថា សត្វ “ទំពុន” ហើយសត្វនេះឃើញមានវត្តមាននៅក្នុងតំបន់ពាមសមុទ្រ មាត់សមុទ្រ និងព្រៃកោងកាង ម្តុំកោះកាពិ កោះមូល កោះកុង ពាមក្រសោបក្នុងខេត្តកោះកុង និងតំបន់ទឹកភ្លាវដែលមានដុះព្រៃកោងកាង ចម្ងាយប្រមាណ២០គីឡូម៉ែត្រពីទីរួមខេត្តកំពត។ ប្រជាជននៅតំបន់នោះបានបញ្ជាក់ថា សត្វ “ព្រៀង” ឬ “ទំពុន” គឺជាសត្វពេញវ័យរបស់ដង្កូវ ឬ ព្រូន ដូចមានក្នុង រូបទី១ និងទី២ ដែលមានសម្បុរស រស់នៅក្នុងសាច់ឈើនៃដើមកោងកាង ហើយនៅពេលពេញវ័យ វាមានរូបរាងដូចសត្វពស់ និងមានប្រវែងរហូតដល់ជិត៦០សម (រូបទី៣) ដូចគ្នាទៅនឹងហ្វូងសត្វក្នុងវីដេអូ YouTube។ សត្វ “ព្រៀង” ឬ “ទំពុន” គឺជាពពួកសិប្បីសត្វ (Mollusca)។ នៅប្រទេសកម្ពុជា គេសង្កេតឃើញសត្វនេះពេញវ័យក្នុងរដូវភ្ជុំបិណ្ឌ ចន្លោះខែកញ្ញា និងតុលា និងបានហែលចេញពីព្រៃកោងកាងក្នុងខណៈពេលទឹកនាច សំដៅទៅរកទឹកសមុទ្រ ជារៀងរាល់ឆ្នាំ។ ដោយឡែកក្នុងឆ្នាំ២០១៨នេះ ដោយសារទឹកជោរឡើងខ្លាំងបណ្តាលឱ្យលិចព្រៃកោងកាងច្រើនជាងឆ្នាំកន្លងទៅ ទើបគេសង្កេតឃើញវត្តមានសត្វ “ព្រៀង” ឬ “ទំពុន” ហែលចេញទៅសមុទ្រយ៉ាងច្រើនកុះករ។ ប្រជានេសាទ និងមន្រ្តីឧទ្យានុរក្សក៏បានបញ្ជាក់ដែរថា គេអាចយក សត្វ “ព្រៀង” ឬ “ទំពុន” ដែលឋិតក្នុងដំណាក់កាលជាដង្កូវ មកធ្វើជាអាហារ ហើយព័ត៌មាននេះដូចគ្នាទៅនឹងព័ត៌មាន នៅក្នុងគេហទំព័រ https://www.instagram.com/p/BaEjqcnnWZS/?utm_source=ig_embed&utm_campaign=embed_video_watch_again ដែរថាប្រជាជនរស់នៅខេត្តប៉ាឡាវាន់នៃប្រទេសហ្វីលីពីន ក៏បានប្រមូលសត្វ “ព្រៀង” ឬ “ទំពុន” មកធ្វើជាចំណីអាហារដែរ។ តាមការបញ្ជាក់របស់ប្រជានេសាទថា សត្វ “ព្រៀង” ឬ “ទំពុន” នេះ មិនបានបង្កផលប៉ះពាល់អវិជ្ជមានដល់មនុស្សឡើយ ផ្ទុយទៅវិញវាជា ចំណីរបស់ពួកមច្ឆាសមុទ្រ នៅពេលវាពេញវ័យនិងបានហែលទៅដល់សមុទ្រ ហើយក៏ជាចំណីរបស់មនុស្សនៅពេលវាជាដង្កូវ។

ទោះជាយ៉ាងណាក៏ដោយទាំងនេះគ្រាន់តែជាព័ត៌មានដែលទទួលបានពីប្រជានេសាទប៉ុណ្ណោះ ពុំទាន់មានការសិក្សាច្បាស់លាស់ជាលក្ខណៈវិទ្យាសាស្រ្តនៅឡើយ ដោយសារតែនាយកដ្ឋានជីវៈចម្រុះនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព ពុំអាចប្រមូលសំណាកសត្វ “ព្រៀង” ឬ “ទំពុន” មកធ្វើការកំណត់អត្តសញ្ញាណបាន ព្រោះសត្វនេះបានអស់វត្តមានចាប់ពីដើមខែវិច្ឆិកាម្ល៉េះ។

នាយកដ្ឋានជីវៈចម្រុះ នឹងធ្វើការសិក្សាស្រាវជ្រាវឱ្យបានច្បាស់លាស់នៅឆ្នាំក្រោយប្រសិនបើមានព្រឹត្តិការណ៍បែបនេះកើតឡើងម្តងទៀត។

Facebook Comments
Loading...