ភ្នំពេញៈ​ ​បេក្ខជន​ជាប់ឆ្នោត​តំណាងរាស្ត្រ​មកពី​គណបក្ស​សង្គ្រោះ​ជាតិលោកស្រី,មូរ-សុខ​ហួរ-បានទាមទារ​ឲ្យ​ប្រមុខ​រដ្ឋាភិបាលកម្ពុជា លោក ហ៊ុន សែន និង លោក ស ខេង រដ្ឋមន្ត្រីក្រសួង មហាផ្ទៃ ធ្វើការ​បញ្ជាក់​ឲ្យ​បាន​ច្បាស់​អំពី​ប្រភព​របស់​ក្រុម​សន្តិសុខ​ដែល​ពាក់មួក​សុវត្ថិភាព និង​បាន​ដើរ​បង្ក្រាប​ដោយ​វាយដំ​យ៉ាង​ហិង្សា​លើ​ប្រជាពលរដ្ឋ​ក្នុង​មួយរយៈ​កន្លងមកនេះ​។​
​ការប្រកាស​ទាមទារ​រ​បស់​បេក្ខជន​ជាប់ឆ្នោត​តំណាងរាស្ត្រ​មកពី​គណបក្ស​សង្គ្រោះ​ជាតិ​រូបនេះ បាន​ធ្វើឡើង​បន្ទាប់ពី​កម្លាំង​សន្តិសុខ​ទាំងនោះ​បានធ្វើ​ការរារាំង និង​បណ្ដេញ​គាត់ ចេញពី​ទីលាន​ប្រជាធិបតេយ្យ ខណៈពេល​ពួកគេ​ប្រមាណ​ជិត ១០០ នាក់​កំពុង​ប្រមូល​ផ្ដុំគ្នា​ហ្វឹកហាត់​អំពី​យុទ្ធវិធី​បង្ក្រាប​បាតុកម្ម​។​

​លោកស្រី សុខ​ហួរ បាន​មានប្រសាសន៍ថា ជារឿយៗ​ក្រុម​កម្លាំង​សន្តិសុខ ដែល​ពាក់​ឯកសណ្ឋាន​ព​ណ៌​ទឹក​ប៊ិក និង​ក្រមៅ ហើយ​ពាក់មួក​សុវត្ថិភាព​ទាំងនេះ បាន​វាយ​បង្ក្រាប​ដោយ​ប្រើ​ដំបង​វាយ​សំពង និង​ទាត់​ធាក់​យ៉ាង​ឃោរឃៅ​លើ​ប្រជាពលរដ្ឋ និង​ចាប់ខ្លួន​ពលរដ្ឋ​ដោយ​ខុសច្បាប់​ខណៈ​ពលរដ្ឋ​ធ្វើការ​តវ៉ា​ទាមទារ​ដំណោះស្រាយ​អ្វីមួយ​ពី​រដ្ឋាភិបាល ប៉ុន្តែ​អាជ្ញា​ធរមាន​សមត្ថកិច្ច​មិនដែល​ចាប់ខ្លួន​ឬក៏​ធ្វើការ​ដាក់ពិន័យ​ដល់​ក្រុម​សន្ដិសុខ​ទាំង​នោះទេ​។​

​លោកស្រី​បាន​បន្តថា​៖ «​ខ្ញុំ​នឹង​ប្ដឹង​ឡើង​តុលាការ ប៉ុន្តែ​ខ្ញុំ​មិន​ប្ដឹង​ក្រុម​សន្តិសុខ​ទាំង​នោះទេ ព្រោះ​ពួកគេ​និយាយ​មួយ​ម៉ាត់​ណា​ក៏​ថា ធ្វើតាម​បញ្ជា​របស់​មេ ឬក៏​ថ្នាក់លើ​របស់​ពួកគេ​ដែរ​។ ករណីនេះ ខ្ញុំ​ចង់​ឲ្យ​លោក ហ៊ុន សែន និង​លោក ស ខេង ធ្វើការ​ពន្យល់​ឲ្យ​បាន​ច្បាស់​អំពី​ក្រុម​នេះ ហើយ​ទទួលស្គាល់​ក្រុម​នេះដែរ​ឬ​អត់​? បើ​មិន​ទទួលស្គាល់​នោះ​គឺជា​រឿង​មួយ​ផ្សេងទៀត​»​។​

​ទាក់ទង​ទៅនឹង​បញ្ហា​នេះ​លោក ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួង មហាផ្ទៃ បាន​ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ថា កម្លាំង​កងសន្តិសុខ​ទាំងនោះ​ជា​កម្លាំង​ក្រៅ​ក្របខ័ណ្ឌ​របស់​សាលា ខណ្ឌដូនពេញ ដែលមាន​តួនាទី​ជា​អ្នកថែរក្សា​សណ្ដាប់ធ្នាប់​តាម​សួន​សាធារណៈ​។​

​លោក ខៀវ សុភ័គ បាន​ថ្លែងថា​៖ «​ក្រុម​សន្តិសុខ​ទាំងនេះ មិនមែនជា​នគរបាល​យុត្តិធម៌​នោះទេ​»​។ លោក​បាន​បន្តថា​៖ «​ទីលាន​ប្រជាធិបតេយ្យ​នៅពេលនេះ [​ម៉ោង ៥:៣០ នាទី​ល្ងាចម្សិលមិញ​] ប្រជាពលរដ្ឋ​កំពុង​លេង​បាល់ទាត់ មានន័យថា គ្មាន​នរណា​ហាមឃាត់​មិន​ឲ្យ​ដើរ​នៅលើ​ទីលាន​នេះឡើយ​។​

​ប៉ុន្តែ ហេតុអ្វី បានជា​លោកស្រី មូរ សុខ​ហួរ ត្រូវបាន​សន្តិសុខ រារាំង​ឬមួយ​គាត់​ធ្វើ​សកម្មភាព​អ្វីដែល​ភាសា​ខ្មែរ​ថា ឌឺ​ដាក់​ពួកគេ ក្នុង​គោលបំណង​សន្សំរឿង ជាមួយ​ពួកគេ​?»​។​

​លោកស្រី សុខ​ហួរ បាន​បដិសេធ ហើយ​បាន​ប្រាប់​ឲ្យ​ដឹង​ទៀតថា កាលពី​ព្រឹក​ម្សិលមិញ គាត់​បាន​បើករថយន្ត​ទៅ​ទីលាន​ប្រជាធិបតេយ្យ​តែម្នាក់ឯង ទៅដល់​ទីនោះ​គាត់​បាន​ចុះ​ពីលើ​រថយន្ត ហើយ​ដើរ​ឡើង​ទៅលើ​ទីលាន​ក្នុង​គោលបំណង​ចង់បង្ហាញ​ឲ្យ​សាធារណៈមតិ​ជាតិ​និង​អន្តរជាតិ​បាន​យល់​កាន់តែច្បាស់​អំពី​ស្ថានភាព​សិទ្ធិសេរីភាព​នៃ​ការបញ្ចេញមតិ​នៅ​កម្ពុជា​។ ភ្លាមៗ​នោះ​គាត់​ត្រូវបាន​ក្រុម​កម្លាំង​សន្តិសុខ​ទាំងនោះ​ប្រមាណ​ជាង ១០ នាក់​បានធ្វើ​ការរារាំង និង​បណ្ដេញ​គាត់​ចេញពី​ទីលាន ដោយ​មិន​តម្រូវ​ឲ្យ​គាត់​ដើរ​នៅលើ​ទីលាន​នោះឡើយ​។​
​លោកស្រី សុខ​ហួរ បញ្ជាក់ថា​៖ «​សកម្មភាព​ទាំងនេះ​បញ្ជាក់ថា សិទ្ធិសេរីភាព​នៃ​ការបញ្ចេញមតិ​នៅ កម្ពុជា នាពេល​បច្ចុប្បន្ន បាន​ធ្លាក់​ដល់​កម្រិត​សូន្យ​។​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយសារ​ការបាត់បង់​ដីធ្លី ស្រែចម្ការ និង​ផ្ទះសម្បែង រួមទាំង​កម្មករ កសិករ និង​មន្ត្រីរាជការ​មួយចំនួន មិនអាច​សម្ដែង​មតិ ឬ ក្ដីកង្វល់​អ្វី​បានទេ នៅទីនេះ​។​»

​ចាប់តាំងពី​ដើមឆ្នាំ​រហូត​មកទល់ពេលនេះ អាជ្ញាធរ​រាជធានី​ភ្នំពេញ​បាន​ហាមឃាត់ ប្រជាពលរដ្ឋ​មិន​ឲ្យ​ប្រមូល​ផ្តុំគ្នា​ដើម្បី​ធ្វើការ​បញ្ចេញមតិ​ឬ​ទាមទារ​អ្វីមួយ​នៅ​ទីលាន​ប្រជាធិបតេយ្យ​នេះ បើទោះជា​ប្រមុខ​រាជរដ្ឋាភិបាល លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាស​លុបចោល​ប​ម្រាម​ខាងលើនេះ​ក្ដី​។ មិនតែប៉ុណ្ណោះ​បានដាក់​ពង្រាយ​កម្លាំង​ប្រជាប់​អាវុធ និង​ដាក់​រាយ​បន្លា​លួស ព័ទ្ធជុំវិញ​ទីលាន​នេះ ព្រមទាំង​យក​ទីលាន​ប្រជាធិបតេយ្យ ដែលជា​កន្លែង​សម្រាប់​ពលរដ្ឋ​សម្ដែង​មតិ​ទៅធ្វើជា​កន្លែង​ហ្វឹកហាត់​កម្លាំង​សម្រាប់​បង្ក្រាប​លើ​អ្នក​សម្ដែង​មតិ​ទៅវិញ​។​
​ទោះជា​យ៉ាងណា លោកស្រី សុខ​ហួរ បាន​ថ្លែងថា​៖ «​ខ្ញុំ​ចង់​រក្សា​ការពារ​នូវ​សិទ្ធិសេរីភាព​នៃ​ការបញ្ចេញមតិ ហើយ​ខ្ញុំ​ចង់​រក្សា​ទីលាន​ប្រជាធិបតេយ្យ សម្រាប់​សាធារណជន​ទូ​ទៅមក​បញ្ចេញមតិ​ស្ដីពី​ទុក្ខ​កង្វល់​របស់​ពួកគេ​ដើម្បី​ឲ្យ​រដ្ឋាភិបាល​បានដឹង និង​ជួយ​ដោះស្រាយ​នោះ ស្ថិតនៅ​ជា​អមតៈ​»​។​

​លោកស្រី​បាន​បន្តទៀតថា ពលរដ្ឋ​ជាច្រើន​នាក់​បាន​បាត់​បង់ជីវិត​ដោយសារ​ការតស៊ូ​ដើម្បី​ឲ្យ​មានការ​បង្កើត​ទីលាន​នេះ​ឡើង ប៉ុន្តែ​ពេលនេះ វា​បាននិងកំពុង​ក្លាយទៅជា​មូលដ្ឋាន​សម្រាប់​ហ្វឹកហ្វឺន​កងកម្លាំង​សន្តិសុខ​ក្រៅ​ក្របខ័ណ្ឌ​រដ្ឋ ទុក​វាយ​បង្ក្រាប​ពលរដ្ឋ​ដែល​មក​បញ្ចេញមតិ​អំពី​ទុក្ខ​របស់​ពួកគេ​នៅទីនេះ​ទៅវិញ​»៕

20140403_06