កសិករប្រផលស្រូវបានជាង១ម៉ឺនហិចតាហេីយ នៅខេត្តត្បូងឃ្មុំ

0
854

ខេត្តត្បូងឃ្មុំ៖ ប្រជាកសិករនៅក្នុងខេត្តត្បូងឃ្មុំ កំពុងមមាញឹកញាប់ដៃញាប់ជេីង ប្រមូលផលស្រូវធ្ងន់ ប្រភេទស្រូវផ្ការំដួល យ៉ាងសប្បាយរីក ខណៈឆ្នាំនេះ ស្រូវឱ្យផលល្អ និងមានតម្លៃខ្ពស់ជាងឆ្នាំទៅ ដែលអាចជួយទ្រទ្រង់ជីវភាពកសិករយេីង ឱ្យបានប្រសេីរគួរមោទនភាពយ៉ាងក្រៃលែង ។

លោក សំ ងួន អាយុ៥៥ឆ្នាំ រស់នៅភូមិពោន ឃុំអញ្ចេីម ស្រុក/ខេត្តត្បូងឃ្មុំ បានបញ្ជាក់ឱ្យដឹងថា ចំពោះប្រភេទស្រូវផ្ការំដួលនេះ កសិករនិយមដាំណាស់ ក្នុងរយៈពេលជិត៧ខែ កសិករនឹងបានផលហេីយ ។ ក្នុងនោះដែរកសិករ បន្ទាប់ពីធ្វេីដី ស្អាត គឺព្រួសស្រូវតែម្តង មិនស្ទូងដូចមុនទៀតទេ កសិករអាចប្រេីជីលាមកគោ និងជីរូបសញ្ញាផែនដីរបស់ជប៉ុន ជាការស្រេច ។ ការប្រឈមអាចបណ្តាលមកពីកត្តាអាកាសធាតុ រាំងស្ងួត ខ្វះទឹកភ្លៀង ចំពោសត្វល្អិតមានដែរតែតិចតួច មិនជាបញ្ហាអ្វីទេ ។ ក្នុងទំហំដី១ហិចតា ត្រូវប្រេីដេីមទុនអស់ជិត ៦០ម៉ឺនរៀលដែរ ហេីយរំដួលឱ្យផលបានជិត ៤តោន គិតជាទឹកប្រាកបានជិត៥លានរៀលផងដែរ ។ ក្នុង១ឆ្នាំយេីងអាចធ្វេីវាបានតែម្តងគត់ តែបេីធ្វេីស្រូវស្រាលគឺស្រូវ៣ខែ មានស្រូវសែនក្រអូប និងស្រូវពូជ៤៩ គុណភាពវាក៏ឆ្ងាញ់ ផលវាក៏ឱ្យល្អដែរ ។

លោកស្រី យ៉ន រ៉ានអាយុ៤៥ឆ្នាំ រស់នៅភូមិក្រោយវត្ត ឃុំអញ្ចេីម ស្រុក/ខេត្តត្បូងឃ្មុំ ក៏បានឱ្យដឹងដែរថា បច្ចុប្បន្ន ការប្រមូលផលស្រូវកសិករលែងសូវច្រូតដូចមុនទៀតហេីយ គឺប្រេីម៉ាស៉ីនច្រូតស្រូវតែម្តង ក្នុង១ហិចតាតម្លៃ ៣០រៀល គឺ១ម៉ែត្រតម្លៃ៣០០រៀល ។ ចំពោះស្រូវដួលរាបដល់ដី កសិករអាចច្រូតប្រមូលយកមកបោកដោយដៃ ព្រោះម៉ាស៉ីនច្រូតបានតែស្រូវឈរទេ ។ យេីងបោកដៃជួយទប់ផល កុំឱ្យបាត់បង់ច្រេីនពេក ។ ចំពោះទីផ្សារស្រូវឆ្នាំនេះ ស្រួលលក់មានម៉ូយចូលមកទិញដល់ស្រែតែម្តង ច្រូតភ្លាមទិញភ្លាម ក្នុង១គីឡូក្រាមស្រូវសេីមតម្លៃ ១២០០រៀល តែបេីហាលស្ងួតអាចបាន ១៣០០ទៅ១៤០០រៀក ក្នុង១គីឡូក្រាម ឆ្នាំនេះស្រូវឱ្យផលល្អជាងឆ្នាំទៅ ដោយឆ្នាំទៅ មានតម្លៃតែ ៩០០រៀលតែប៉ុណ្ណោះ ។

លោក យូរ តាំងហ៉ី អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តត្បូងឃ្មុំ បានបញ្ជាក់ឱ្យដឹងថា គិតមកដល់ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៨ នេះ កសិករប្រមូលផលស្រូវបាន ១០២៣០ហិចតាហេីយ ស្មេី១៣ភាគរយ នៃផ្ទៃដីជាង ៧ម៉ឺនហិចតា ហេីយស្រុកដែលប្រមូលផលស្រូវបានច្រេីនជាងគេ គឺស្រុកអូរាំងឪ ៕

Facebook Comments
Loading...