ឡង់គ្រីស័រ ឆ្នាំ២០១៨ បោះពួយយ៉ាងលឿនបុករបាំងថ្ម ឆេះខ្ទេចស្ទើរទាំងស្រុង

0
816

ភ្នំពេញ៖ រថយន្តស៊េរីទំនើបមួយគ្រឿង បោះពួយយ៉ាងលឿនដូចហោះ រេចង្កូតទៅបុករបាំងថ្មទ្រូងផ្លូវ និងបន្តហោះឆ្លងផ្លូវម្ខាងទៀត ទៅបុកនឹងដើមផ្ការំយោលមួយដើម រួមទាំងរបងសាលាមួយផ្ទាំងផងនោះ បណ្តាលឲ្យរថយន្តក្រឡាប់ផ្ងារជើង បង្កជាអគ្គិភ័យឆាបឆេះរថយន្តអស់ទាំងស្រុងយ៉ាងសន្ធោសន្ធៅ។ ហេតុការណ៍នេះ បានបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដល់ប្រជាពលរដ្ឋ និងរថយន្តពន្លត់អគ្គិភ័យក្រុង ចេញអន្តរាគមន៍ជួយបាញ់ពន្លត់ កាលពីវេលាម៉ោង១០៖៥០នាទី យប់ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៨ ត្រង់ចំណុចខាងមុខវិទ្យាល័យ ជាស៊ីម សាមគ្គី តាមបណ្ដោយផ្លូវ២៧១ ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញបុរសម្នាក់ ទំនងជាស្រវឹងស្រា បានបើករថយន្តមួយគ្រឿងម៉ាក ឡង់គ្រីស័រ ស៊េរីឆ្នាំ២០១៨ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2V-0079 ធ្វើដំណើរតាមបណ្តោយផ្លូវ២៧១ ទិសដៅពីត្បូងទៅជើងក្នុងលឿនយ៉ាងលឿនដូចហោះ។ លុះមកដល់ចំណុចកើតហេតុ ដែលផ្លូវមានស្ថានភាពកោងបន្តិចផងនោះ ស្រាប់តែរថយន្តបានរេចង្កូតទៅខាងឆ្វេងបុកនឹងរបាំងថ្មទ្រូងផ្លូវ បណ្ដាលឲ្យឆែបអស់មួយចំណិតធំល្មម ហើយហោះឆ្លងផ្លូវទៅបុកបង្គោលថ្មរបស់សាលាបាក់អស់៣ដើម និងឡើងលើឃឿនទៅបុកដើមផ្ការំយោល បណ្ដាលឲ្យបាក់ដាច់ជាពីរកំណាត់។ ដោយរថយន្តមិនទាន់អស់ល្បឿន បន្ទាប់បុកបាក់ដើមផ្កាដាច់ជាពីរកំណាត់ហើយនោះ រថយន្តក៏ខ្ទាតទៅប៉ះរបងសាលាបាក់អស់មួយផ្ទាំងទៀត ទើបរថយន្តក្រឡាប់ផ្ងារជើង បែរក្បាលត្រឡប់ក្រោយ គងលើដើមផ្ការំយោលមួយដើមទៀត។

ប្រភពដដែលបន្តថា មួយស្ទុះក្រោយមក គេឃើញបុរសជាអ្នកបើកបររថយន្តបង្កខាងលើ បានវារចេញពីរថយន្ត រួចគេចខ្លួនចេញពីកន្លែងកើតហេតុបាត់ស្រមោល ហើយក៏មានផ្សែងហុយខ្មួលខ្មាញ់លាយឡំនឹងអណ្ដាតភ្លើង ចេញមកពីក្នុងរថយន្តខាងលើ។ ភ្លាមនោះ ប្រជាពលរដ្ឋនៅក្បែរកន្លែងកើតហេតុ បាននាំគ្នាយកបំពង់ពន្លត់អគ្គិភ័យមកបាញ់ពន្លត់អស់ពីរបីបំពង់ ប៉ុន្តែអណ្ដាតភ្លើងនៅតែបន្តឆាបឆេះរថយន្តបង្កកាន់តែខ្លាំងៗ ទើបប្រជាពលរដ្ឋក៏រាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋាន និងរថយន្តពន្លត់អគ្គិភ័យ ឲ្យចុះមកជួយអន្តរាគមន៍តែម្ដង។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានទាក់ទងទៅសមត្ថកិច្ចជំនាញ ឲ្យចុះមកធ្វើការស្ទូចយករថយន្តខាងលើ ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំម្ចាស់ចូលខ្លួនមកធ្វើការដោះស្រាយទៅតាមផ្លូវច្បាប់៕


Facebook Comments
Loading...