មេព្រៃខេត្ត និងមេព្រៃថ្នាក់កណ្តាល បង្ក្រាបរថយន្តដឹកដេីមអកាស្យា១គ្រឿងបំរុងយកទៅលក់នៅប្រទេសវៀតណាម

0
1033

ខេត្តត្បូងឃ្មុំ៖ កម្លាំងមន្រ្តីរដ្ឋបាលព្រៃឈើខេត្តត្បូងឃ្មុំ សហការជាមួយរដ្ឋបាលព្រៃឈើថ្នាក់កណ្តាល នៅរសៀលថ្ងៃទី៥ ខែវិច្ឆិកានេះ បាននិងកំពុងបើកប្រតិបត្តិការចាប់ឃាត់រថយន្តហ៉ីយុនដាយ១គ្រឿង ក្បាលពណ៌ខៀវ ទ្រុងពណ៌ខៀវ ពាក់ស្កាកលេខ ភ្នំពេញ 3A.9175 នៅចំណុចផ្លូវចូលច្រកដូនរ័ត្ន ស្ថិតក្នុងភូមិដកពរ ឃុំមេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ មានដឹកដេីមអាកាស្យាពេញ ជារបស់ឈ្មួញជនជាតិវៀតណាម ដែលកន្លងមកបានសម្រុកដឹកឈើ កៅស៊ូលមូល ដើមស្វាយចាន់ទី និងដើមអាកាស្សា នាំចេញទៅកាន់ប្រទេសវៀតណាម ដោយខុសច្បាប់ ។

លោក គឹម ឈុនលី បានឲ្យដឹងថា ប្រតិបត្តិការខាងលើនេះ បានធ្វើឡើងក្រោយមានបញ្ជាផ្ទាល់ពីរដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន ចំពោះសកម្មភាពដឹកជញ្ជូន ឈើកៅស៊ូមូលខុសច្បាប់ពីសំណាក់ក្រុមឈ្មួញវៀតណាម នៅក្នុងខេត្តត្បូងឃ្មុំ ឆ្ពោះទៅកាន់វៀតណាមដោយខុសច្បាប់ ។

កាលពីប៉ុន្មានថ្ងៃមុននេះ រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន បានបញ្ជាក់ឲ្យដឹងថា លោកបានចាត់វិធានការជាបន្ទាន់ ទៅថ្នាក់ដឹកនាំខេត្តត្បូងឃ្មុំ ឲ្យទប់ស្កាត់ការនាំចេញ ដើមឈើកៅស៊ូខុសច្បាប់ ទៅកាន់ប្រទេសវៀតណាមរួចហើយ ក្រោយមានពាក្យបណ្តឹង និងសេចក្តីរាយការណ៍ជាបន្តបន្ទាប់លើបញ្ហានេះ ដែលនៅតែកំពុងកើតមានឡើងនោះ។

នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តត្បូងឃ្មុំ បានបញ្ជាក់ថា ក្រោយមានបញ្ជាពីលោករដ្ឋមន្រ្តី កម្លាំងរបស់លោក បានសហការជាមួយកម្លាំងរដ្ឋបាលព្រៃឈើថ្នាក់កណ្តាល តាមចាប់ឃាត់រថយន្តមួយគ្រឿង ដឹកឈើអាកាស្យានេះ ហើយធ្វើការសួរនាំ និងសុំគោលការណ៍បន្តពីលោករដ្ឋមន្រ្តី ។

យ៉ាងណាក៏ដោយ តាមសេចក្តីរាយការណ៍ពីអ្នករកស៊ីទិញដើមកៅស៊ូមូលក្នុងស្រុកវិញ បានលួចបង្ហើបថា ក្រុមឈ្មួញវៀតណាម បានប្រើរូបភាពលែងសូវដឹកចេញពេលថ្ងៃទៀតហើយ ដោយលួចដឹកចេញពេលយប់តែម្តង។

ព័ត៌មាននេះបានបង្ហាញទៀតថា ក្រុមឈ្មួញវៀតណាមទាំងនេះ ក្រោយពេលប្រមូលទិញឈើរួចហើយ ពួកគេនឹងឈរជើងនៅកន្លែងណាមួយ ដោយមិនទាន់ដឹកចេញនោះទេ លុះយប់ឡើង ជាពិសេសនៅយប់នេះតែម្តង នឹងសម្រុកនាំចេញទៅកាន់ប្រទេសរបស់ខ្លួនតាមច្រករបៀងភ្លាមៗតែម្តង ដូច្នេះសូមមន្រ្តីរដ្ឋបាលព្រៃឈើ និងសមត្ថកិច្ចគ្រប់ជាន់ថ្នាក់នៅតាមព្រំដែន ជួយមានវិធានការឲ្យបានខ្លាំងក្លា និងមានប្រសិទ្ធភាពផង ។

យោងតាមលិខិតសំណូមពររបស់តំណាងរោងចក្រកែច្នៃឈើកៅស៊ូ ដែលដាក់ជូនរដ្ឋមន្ដ្រីក្រសួងកសិកម្ម បានលើកឡើងដោយសុំឲ្យពិនិត្យ និងអន្ដរាគមន៍ បិទការនាំចេញឈើកៅស៊ូមូល ស្វាយចន្ទី អាកាសស្យាមិនទាន់កែច្នៃរបស់ឈ្មួញវៀតណាម ដែលគេចបង់ពន្ធជូនរដ្ឋដោយពួកគេបានចូលមកទិញចំការពីប្រជាជន ហើយជួលឡានដឹកតាមច្រករបៀង ក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ យ៉ាងអណាធិបតេយ្យ ជាពិសេសនៅច្រកដារ ដែលធ្វើឲ្យរោងចក្រកែច្នៃឈើក្នុងស្រុក គ្មានឈើចូលរោងចក្រសម្រាប់កែច្នៃ ចំណែកកម្មករ គ្មានការងារធ្វើ និងបាត់បង់ចំណូលពន្ធរបស់រដ្ឋយ៉ាងធ្ងន់ធ្ងរ។

ជាមួយគ្នានេះ អ្នករកស៊ីកែច្នៃឈើកៅស៊ូក្នុងស្រុក ក៏បានដាក់លិខិតសុំអន្ដរាគមន៍មួយផ្សេងទៀត ជូនអភិបាលខេត្តត្បូងឃ្មុំ ដើម្បីមានចំណាត់ការ ប៉ុន្ដែនៅតែមិនទាន់ទទួលបានប្រសិទ្ធភាពនៅឡើយ ។
បច្ចុប្បន្ន រថយន្តល្មេីសខាងលេីត្រូវបានកម្លាំងអូសមករក្សាទុកនៅសង្កាត់រដ្ឋបាលព្រៃឈេីមេមត់ដេីម្បីចាត់ការទៅតាមនិតិវិធី ៕

Facebook Comments
Loading...