អាជ្ញាធរខេត្តត្បូងឃ្មុំ អំពាវនាវឲ្យប្រជាពលរដ្ឋ ចូលរួមគោរពច្បាប់ចរាចរណ៍អោយបានម៉ឺងម៉ាត់ កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍

0
1311

ខេត្តត្បូងឃ្មុំ៖ នៅព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ លោក ហាក់ សុខមករា អភិបាលរងខេត្តត្បូងឃ្មុំ បានអំពាវនាវដល់អ្នកប្រើប្រាស់ផ្លូវ និងអ្នកធ្វើដំណើរតាមផ្លូវទាំងអស់ ចូលរួមគោរពច្បាប់ចរាចរណ៍អោយបានម៉ឺងម៉ាត់ ដើម្បីរួមចំណែក ឈានឆ្ពោះទៅ ទប់ស្កាត់ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ឲ្យចុះមកកម្រិតទាបបំផុត។

ជាពិសេសចូលរួមអនុវត្តឲ្យបាននូវអនុសាសន៍ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា «ថ្ងៃនេះ ថ្ងៃស្អែក កុំឲ្យមានគ្រោះថ្នាក់ចរាចណ៍» ព្រមទាំងអនុវត្តវិធានការទាំង៨ចំណុច ដោយផ្តោតសំខាន់ទៅលើពាក្យស្លោក «មួកសុវត្ថិភាពមួយ ការពារជីវិតម្នាក់» និង «បើពិសាគ្រឿងស្រវឹង កុំបើកបរ បើបើកបរ កុំពិសារគ្រឿងស្រវឹង»។

លោក ថ្លែងបែបនេះ ក្នុងឳកាសអញ្ជើញជាអធិបតី ប្រារព្ធទិវាអន្តរជាតិរំលឹកដល់ជនរងគ្រោះ ដោយគ្រោះថ្នាក់ចរាចរណ៍ ផ្លូវគោកលើកទី១៣ នៅស្រុកមេមត់ ដោយមានអ្នក ចូលរួមជាង៥០០នាក់ ដែលរៀបចំដោយមន្ទីរសាធារណៈការខេត្តត្បូងឃ្មុំ និងចូលរួមឧបត្ថម្ភជាមួកសុវត្ថិភាព ដោយក្រុមហ៊ុនធានារ៉ាប់រង Forteផងដែរ ។

លោកបានឲ្យដឹងថាបន្តថា ស្ថានការណ៍ទូទៅនៅកម្ពុជា កាន់តែវិវឌ្ឍន៍រីកចំរើនឥតឈប់ឈរ ស្ថិរភាព សន្តិសុខសង្គម និងសុវត្ថិភាពសណ្តាប់ធ្នាប់សាធារណៈ កាន់តែត្រូវបានធានាយ៉ាងរឹងម៉ាំ ភាពរស់នៅដោយ សុខក្សេមក្សាន្ត និង ជីវភាពប្រជាពលរដ្ឋទូទាំងប្រទេស កាន់តែល្អប្រសើរ បានធ្វើឲ្យកំណើនមធ្យោបាយយានយន្តគ្រប់ប្រភេទ បានកើនឡើងយ៉ាងគំហុក នាប៉ុន្មានឆ្នាំថ្មីៗនេះ ទន្ទឹមនឹងនេះគ្រោះថ្នាក់ចរាចរណ៍ ក៏ស្ថិតក្នុងកំណើនមួយគួរឲ្យ ព្រួយបារម្ភ ។

ក្នុងនាមអាជ្ញាធរខេត្ត លោក ហាក់ សុខមករា បានធ្វើការស្នើរគ្រប់អ្នកពាក់ព័ន្ធទាំងអស់ក្នុងខេត្តទាំងមូល ត្រូវបង្កើនកិច្ចសហប្រតិបត្តិការអោយបានក្លាំងខ្លាបន្ថែមទៀត ដើម្បីចូលរួមអនុវត្តច្បាប់ ប្បញ្ញតិចរាចរណ៍នានា សំដៅធ្វើយ៉ាងណាកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នៅលើដងផ្លូវ ពិសេសក្នុងទឹកដីខេត្តត្បូងឃ្មុំ។
បើតាមលោក គី វីរិន ប្រធានមន្ទីរសាធារណៈការខេត្តត្បូងឃ្មុំ បានគូសបញ្ជាក់ឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ដែលកើតមានឡើងនៅលើសកលលោក មិនថាតែប្រទេសកម្ពុជានោះទេ ស្តែងឡើងលើកត្តា៣យ៉ាងគឺ កត្តាមនុស្ស កត្តាយានជំនិះ និងកត្តាផ្លូវ ។

លោក បន្តថា ដោយមូលហេតុនេះ ទើបថ្ងៃនេះបានប្រារព្ឋទិវារអន្តរជាតិរំលឹកដល់ជនរងគ្រោះ ដោយគ្រោះថ្នាក់ចរាចរណ៍ ផ្លូវគោក នេះឡើង ដើម្បីពញាក់ស្មារតី ក៍ដូចជាក្រើនរំលឹកដល់ ប្រជាពលរដ្ឋគ្រប់ស្រទាប់ ជាពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ឲ្យមានការភ្ញាក់រលឹក ផ្លាស់ប្តូរឥរិយាបថ មកគោរពច្បាប់ចរាចរណ៍ អោយបានម៉ឺងម៉ាត់ រួមគ្នាដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា ពិសេសក្នុងខេត្តត្បូងឃ្មុំតែម្តង។

នាឱកាសនោះដែរ គណៈអធិបតីបានធ្វើការចែកជូនមួកសុវត្ថិភាពប្រមាណ៣០០មួក ក្នុងនោះ២០០មួក ក្រោមការឧបត្ថម្ភដោយក្រុមហ៊ុនធានារ៉ាប់រង Forte និងចែកសៀវភៅច្បាប់ចរាចរណ៍ ស្លាកស្ទីកគ័រដល់អ្នកចូលរួម និងនិមន្តព្រះសង្ឃសូត្រមន្តប្រោះព្រំ នៅលើដងផ្លូវ ទៅតាមជំនឿប្រពៃណីសាសនាផងដែរ ៕

Facebook Comments
Loading...