អ្នកវិភាគចៅចាក់ស្មុក៖ សម រង្ស៊ី ទម្លាក់ចលនាខុសច្បាប់ចោល ចាប់យកបក្សខ្មោច

0
320

(ភ្នំពេញ)៖ ក្រោយពីភ្លាត់ស្នៀតនយោបាយជាច្រើនលើកច្រើនសាជាមួយនឹងកឹម សុខា ដៃគូនយោបាយរបស់ខ្លួនលើការគ្រប់គ្រងឥទ្ធិពលរបស់បក្សប្រឆាំងកើតចេញ ពីការដាក់ទុនរកស៊ីរួមគ្នានិងបាត់បង់ទីតាំងឈរជើងនយោបាយរួចមក សម រង្ស៊ី បាននិងកំពុងប្រើប្រាស់កម្លាំងស្មោះត្រង់របស់ខ្លួនមួយចំនួនតូចដែលបានចូលរួម បង្កើតចលនាឧទ្ទាមសង្គ្រោះជាតិជាមួយខ្លួនឱ្យធ្វើបក្សប្រហារ ក្រោមរូបភាព «សន្និបាតពិភពលោកសាខាបក្សសង្គ្រោះជាតិ» ដើម្បីទាញយកមកវិញអំណាចគ្រប់គ្រង ខ្មោចបក្សសង្គ្រោះជាតិ និងសិទ្ធិអំណាចផ្សេងទៀតដែលខ្លួនធ្លាប់មាន។

គឺនៅថ្ងៃទី១ និងទី២ ខែធ្នូ ឆ្នាំ ២០១៨ ខាងមុខនៅរដ្ឋចចជៀ សហរដ្ឋអាមេរិក ដែលក្រុមចលនាសង្គ្រោះជាតិនៅតាមបណ្តាប្រទេសនានានៅលើពិភពលោកបន្លំខ្លួន ជាធ្វើជាតំណាងសាខាគណបក្សសង្គ្រោះជាតិនឹងរៀបចំពិធីបង្គ្រប់កិច្ចមួយដើម្បីលើកទណ្ឌិត សម រង្ស៊ី ឱ្យឡើងធ្វើជាប្រធានខ្មោចបក្សសង្គ្រោះជាតិជាផ្លូវការ ហើយពេលនោះ កឹម សុខា ដែលគេលើកតម្កើងថាជាប្រធានបក្សស្របច្បាប់ទោះបីជាបក្សសង្គ្រោះជាតិត្រូវបានរំលាយនិងបែកបាក់ខ្ទេចខ្ទីហើយក៏ដោយ នឹងទៅក្លាយជាលោកប្រធានដ៏គ្មានតម្លៃម្នាក់។ កឹម សុខា នឹងត្រូវសម្រាកទៅតាមយុទ្ធសាស្ត្ររបស់ សម រង្ស៊ី និងគូកនក្បត់បក្សរបស់ខ្លួនដែលបានគូសវាសទុក ដោយលើកឡើងថាបើបន្តទុកឱ្យ កឹម សុខា មានឈ្មោះជាប្រធាន គឺគ្មានប្រយោជន៍ឡើយ និងមិនអាចធ្វើអ្វីកើតទេ សូម្បីជួយប្រស់ខ្មោចបក្សសង្គ្រោះជាតិឱ្យរស់ឡើងវិញក៏មិនកើតដែរ ព្រោះ កឹម សុខា ត្រូវបានឃុំខ្លួនស្ថិតក្រោមការ ត្រួតពិនិត្យតាមផ្លូវតុលាការ រង់ចាំការជំនុំជម្រះក្តីពីបទសន្ទិដ្ឋិភាពជាមួយបរទេស (ឃុបឃិតជាមួយបរទេស) ផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជាស្របច្បាប់ តាមរយៈផែនការបដិវត្តន៍ពណ៌ ប៉ុនប៉ងឡើងដឹកនាំអំណាចតាមបែបមិនប្រជាធិបតេយ្យ។

ហេតុអ្វីបានជា សម រង្ស៊ី សម្រេចចិត្តបោះបង់ចោលចលនាសង្គ្រោះជាតិដែលខ្លួនបានបង្កើត ហើយងាកមកចាប់យកខ្មោចគណបក្សសង្គ្រោះជាតិមកប្រើប្រាស់សម្រាប់ការបន្តអាជីពនយោបាយរត់ចោលស្រុករបស់ខ្លួនទៅវិញ? តើមានអ្វីនៅពីក្រោយល្បិចកលនយោបាយពាលស៊ីពាលរបស់សម រង្ស៊ី?

ទី១៖ ចលនាសង្គ្រោះជាតិដែល សម រង្ស៊ី អះអាងថាគឺជាសំប៉ានជួយទាញសំពៅខ្មោចគណបក្សសង្គ្រោះជាតិឱ្យបានឡើងគោលរស់ឡើងវិញនោះ បានស្លាប់ទៅវិញនៅក្នុងអំឡុងពេលបង្កើតឡើងនៅដើមឆ្នាំ ២០១៨ នេះ ដោយសារតែគ្មានការចូលរួមពីកម្លាំងគាំទ្ររបស់ កឹម សុខា កឹម មនោវិទ្យា។ ចលនានេះមិនត្រូវបានទទួលស្គាល់ដោយសកម្មជនគាំទ្ររបស់ខ្លួនឡើយព្រោះពួកគេដឹងថា សម រង្ស៊ី បង្កើតចលនានេះឡើងគឺគ្រាន់តែដើម្បីដណ្តើមយកអំណាចគ្រប់គ្រងខ្មោចបក្សសង្គ្រោះជាតិមកវិញតែប៉ុណ្ណោះ ព្រោះសម រង្ស៊ីអស់ជំនឿទៅលើ កឹម សុខា ដែលធ្វើឱ្យគណបក្សសង្គ្រោះជាតិត្រូវបានតុលាការរំលាយព្រោះទង្វើក្បត់ជាតិរបស់ខ្លួន។ សម្រាប់ សម រង្ស៊ី នៅពេលដែលគណបក្សសង្គ្រោះជាតិត្រូវបានរំលាយថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ ២០១៧ គឺជាឱកាសមាសរបស់ខ្លួន ដើម្បីដណ្តើមតំណែងជាប្រធានកម្លាំងនយោបាយប្រឆាំងមកវិញ តាមរយៈការបង្កើតចលនាសង្គ្រោះជាតិមកជំនួស និងរំពឹងថា អាចប្រមែរប្រមូលកម្លាំងនយោបាយដែលបែកបាក់ឱ្យមក ស្ថិតក្រោមការគ្រប់គ្រងរបស់ខ្លួនវិញ។

ប៉ុន្តែក្តីរំពឹងនេះត្រូវបានរលាយនៅពេលដែលអន្តរជាតិមិនបានទទួលស្គាល់ចលនាឧទ្ទាមខុសច្បាប់របស់សម រង្ស៊ី ហើយនៅតែបន្តទទួលស្គាល់ខ្មោចបក្សសង្គ្រោះជាតិ កឹម សុខា ថាស្របច្បាប់ ហើយទទួលស្គាល់ កឹម មនោវិទ្យា ថាជាតំណាងស្របច្បាប់របស់ខ្មោចបក្សសង្គ្រោះជាតិ។ សកម្មភាពដែល សម រង្ស៊ី ធ្វើនៅក្នុងនាមចលនាសង្គ្រោះជាតិមិនត្រូវបានគេទទួលស្គាល់ឡើយ ហើយធ្វើឱ្យអន្តរជាតិខ្លាចរអារព្រោះពួកគេដឹងថាអ្វីដែល សម រង្ស៊ី ធ្វើគឺខុសច្បាប់។ ខុសច្បាប់ទី១ ព្រោះ សម រង្ស៊ី បង្កើតចលនានយោបាយឧទ្ទាមមួយដែលមានចេតនាចង់ផ្តួលរំលំរបបដឹកនាំស្របច្បាប់តាមរយៈបដិវត្តន៍ពណ៌ ធ្វើនយោបាយប្រជោបាយនិយម និងប្រជាភិថុត និងខុសច្បាប់ទី២ ព្រោះការបង្កើតចលនាសង្គ្រោះជាតិរបស់សម រង្ស៊ី គឺជាការធ្វើបក្សប្រហារ។

ទី២៖ នៅក្នុងយុទ្ធនាការការទូតកៀងគរអន្តរជាតិឱ្យដាក់សម្ពាធនយោបាយ និងទណ្ឌកម្មសេដ្ឋកិច្ចមក លើកម្ពុជាធ្វើចលនាដោយក្រុមអ្នកនយោបាយប្រឆាំងរត់ចោលស្រុក គឺបរទេសមួយចំនួននិយាយតែឈ្មោះគណបក្សសង្គ្រោះជាតិ និងកឹម សុខា តែប៉ុណ្ណោះ មិនមាននិយាយឈ្មោះ សម រង្ស៊ី ឡើយ។ ការណ៍នេះបាន ធ្វើឱ្យសមរង្ស៊ី កាន់តែឯកោ និងកាន់តែត្រូវបានគេផាត់ចេញពីឆាកនយោបាយ។ សម រង្ស៊ី បានដឹងខ្លួនដូចខ្មោចស្លាប់៧ថ្ងៃថា ខ្លួនអស់តម្លៃសម្រាប់ល្បែងនយោបាយរបស់បស្ទឹមប្រទេសមួយចំនួន។ ពីមុន សម រង្ស៊ី គឺជាអាយ៉ងនយោបាយដ៏មានតម្លៃ ប៉ុន្តែដោយសារតែគោលជំហរក្រឡិចក្រឡុច និងធ្វើនយោបាយអំពិលអំពែក សម រង្ស៊ី បានបាត់តម្លៃក្នុងនាមជាអ្នកនយោបាយ បាត់តម្លៃក្នុងនាមជាកញ្ជះបរទេស និងអស់តម្លៃសម្រាប់ជារូបភាពនយោបាយ។ បច្ចុប្បន្ននេះ សម រង្ស៊ី មានតម្លៃខ្លាំងសម្រាប់ការអនុវត្តច្បាប់ ព្រោះបានបំពានច្បាប់ និងត្រូវបានតុលាការកាត់ទោសដាក់ពន្ធនាគារជាច្រើនឆ្នាំ។

ដោយសារតែខ្លួនត្រូវបានចៅហ្វាយនាយរបស់ខ្លួនបំភ្លេចចោល និងស្ទើរតែភ្លេចមុខក្នុងចំណោមអ្នកគាំទ្រខ្លួននោះ សម រង្ស៊ី ត្រូវខ្នះខ្នែងនៅនាទីចុងក្រោយនៃជី វិតនយោបាយរបស់ខ្លួនដើម្បីស្វែងរកទីតាំងឈរជើង។ ហេតុដូច្នេះហើយបានជា សម រង្ស៊ី ត្រូវធ្វើមុខក្រាស់ ដើរត្រាចចរតាមប្រទេសនានាដើម្បីស្វែងរកជួបក្រុមអ្នកនយោបាយតំណាងរាស្ត្រ ឬក៏ព្រឹទ្ធសមាជិកបក្ស ប្រឆាំងដែលស្ថិត នៅក្នុងក្រុមបណ្តាញគណបក្សប្រឆាំងជាមួយគ្នា និងជួបប្រជុំថតរូបបង្អួតអ្នកគាំទ្រខ្លួនថាប្រទេសនេះ ឬក៏ប្រទេសនោះបានគាំទ្រខ្លួន។ តាមពិតគឺគ្រាន់តែ ជាអ្នកនយោបាយប្រឆាំងនៃប្រទេសនោះមួយក្តាប់តូចប៉ុណ្ណោះ មិនឆ្លុះបញ្ចាំងពីគោលជំហរនិងនយោបាយ របស់ប្រទេសនោះឡើយ។ តាមពិតគឺគ្មាន អ្វីសម្រេចជាដុំកំភួនឡើយក្រៅពីការធ្វើប្រជាភិថុតិ និងសង្គ្រាមចិត្តសាស្ត្រ។

យូរនិងឆាប់ ពលរដ្ឋខ្មែរបានដឹងច្បាស់ថា ក្រុមអ្នកនយោបាយរត់ចោលស្រុកធ្វើកាន់តែចាញ់ពេលវេលា និងគ្មានបានទទួលលទ្ធផលអ្វីឡើយ។ ប៉ុន្តែក្រុម កឹម សុខា ឯណេះវិញទេដែលទទួលបានការចាប់អារម្មណ៍ និងយកចិត្តទុកដាក់ព្រោះ កឹម សុខា និង កូនស្រី កឹម មនោវិទ្យា នៅតែជាអាយ៉ងដ៏មានតម្លៃ ព្រោះបានឈរជាប់ជាមួយនឹងខ្មោចបក្សសង្គ្រោះជាតិ ហើយកឹម សុខា រងគ្រោះរហូតដល់ជាប់គុកក៏ដោយសារតែផែនការបំផ្លាញកម្ពុជារបស់ពួកគេ។ ដូច្នេះរវាង សម រង្ស៊ី និងកឹម សុខា គឺកឹម សុខា នៅតែជាកូនអុកនយោបាយមានតម្លៃដដែល។

ដោយមើលឃើញពីការមិនអើពើរបស់បរទេសមួយចំនួនចំពោះខ្លួន និងកាន់តែមានអារម្មណ៍ឯកោទៅៗដូច្នេះហើយបានជា សម រង្ស៊ី ចាប់ផ្តើមប្រវេប្រវ៉ារកការគ្រប់គ្រងខ្មោចបក្សសង្គ្រោះជាតិឡើងវិញ និងផ្សាភ្ជាប់ខ្លួននឹងការទាមទាររបស់បរទេសមួយចំនួនវិញដើម្បីខ្លួនអាចមានឱកាសទទួលបាន នូវការលើកលែងទោសក្នុងករណីមានដំណោះស្រាយនយោបាយដែលខ្លួនយល់សប្តិជាយូរមកហើយនោះ។ ដើម្បីឆ្ពោះទៅរកការក្តោបក្តាប់គ្រប់គ្រងខ្មោចបក្សសង្គ្រោះជាតិ នាពេលខាងមុខជាផ្លូវការ សម រង្ស៊ី បានចាប់ផ្តើមប្រើប្រាស់ឈ្មោះ «គណបក្សសង្គ្រោះជាតិ» ពេញមាត់ និងនិយាយពេញៗមាត់ថាខ្លួនតំណាង ឱ្យផលប្រយោជន៍នៃខ្មោចបក្សសង្គ្រោះជាតិ។

ប៉ុន្តែទោះបីជា សម រង្ស៊ី បោះបង់ចោលចលនាសង្គ្រោះជាតិ និងងាកមកចាប់យកខ្មោចបក្សសង្គ្រោះជាតិនៅពេលនេះ ក៏អ្វីៗបានហួសពេល និងអកហ្សឺនយោបាយបាត់អស់ទៅហើយ។ អកហ្សឺនយោបាយរបស់សម រង្ស៊ី នៅពេលនេះគឺ៖

ក) សម រង្ស៊ី នឹងគ្មានវាសនាទទួលបានការលើកលែងទោសចំពោះបទល្មើសរបស់ខ្លួនទៀតឡើយ ព្រោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីដែលមានសិទ្ធិបង្គុំទូលថ្វាយស្នើសុំព្រះមហាក្សត្រខ្មែរលើក លែងទោសដល់ទណ្ឌិតនោះ បានសន្យារួចហើយថានឹងមិនចុះហត្ថលេខាស្នើសុំឱ្យមានការលើកលែងទោស ចំពោះទណ្ឌិត សម រង្ស៊ី ជាជនក្បត់ជាតិតពីឪដល់កូននេះទេ។ សម្តេចសន្យាជាឱឡារិកថានឹងកាត់ដៃស្តាំសម្តេចចោល ប្រសិនបើចុះហត្ថលេខាលើកលើងទោសឱ្យទណ្ឌិត សម រង្ស៊ី ជាលើកទី ៣។

ខ) តម្លៃនយោបាយ សម រង្ស៊ី បានចប់ទាំងស្រុងក្រោយការបោះឆ្នោតខែកក្កដា ឆ្នាំ ២០១៨ ព្រោះសម រង្ស៊ី ចាញ់ទាំងយុទ្ធសាស្ត្រនយោបាយ ដែលញុះញង់ពលរដ្ឋកុំទៅបោះឆ្នោត និងចាញ់ទាំងការធ្វើប្រជាមតិព្រោះពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោតចំនួន ៨៣,២% ដែលបានទៅបោះឆ្នោត ហើយក្នុង នោះប្រមាណ ៧៧% បោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា គាំទ្រសម្តេចតេជោ ធ្វើជានាយករដ្ឋមន្ត្រី។

គ) សម រង្ស៊ី ទោះខំធ្វើបក្សប្រហារនៅដើមខែធ្នូខាងមុខ ក៏មិនអាចជួយសង្គ្រោះជីវិតនយោបាយដ៏ អាប់រស្មីរបស់ខ្លួនបានឡើយ ទោះបីជាខំប្រឹងទម្លាក់ចោលចលនាឧទ្ទាមខុសច្បាប់ មកចាប់យកខ្មោចបក្សស ង្គ្រោះជាតិវិញក៏ដោយ។ អស់ទាំងបក្ស បាត់ទាំងកម្លាំងគាំទ្រ សូម្បីតែកម្លាំងធ្វើបាតុកម្មក៏ប្រមូលមិនបាន។ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ ២០១៨ នេះ នៅចំពោះមុខកម្មករកម្មការិនីជាច្រើនពាន់នាក់ក្នុងខេត្តកណ្តាល សម្តេចតេជោ ហ៊ុន សែន បានផ្តាំទៅអ្នកនយោបាយមួយចំនួនឱ្យចាំថា «ខ្មោចដែលស្លាប់ហើយ» មិនអាចរស់ឡើងវិញបានទេ។ សម្តេចតេជោ ហ៊ុន សែន បានបន្តថា ឆ្កែខាំជើង យើងយកមាត់ទៅខាំជើងឆ្កែវិញមិនកើត ឆ្កែព្រុះយើងយើងមិនអាចព្រុះវិញទេ។ ដូច្នេះ សម រង្ស៊ី គ្មានតម្លៃអ្វីឱ្យពលរដ្ឋខ្មែរតបតឡើយព្រោះជននេះគឺ ជា «ជនចង្រៃសម្រាប់ជាតិ និងជាសត្រូវរបស់ប្រជាជន សត្រូវនៃសន្តិភាព និងការអភិវឌ្ឍ»។

ដោយ៖ ចៅ ចាក់ស្មុក
រាជធានីភ្នំពេញ ថ្ងៃទី ៣១ ខែតុលា ឆ្នាំ២០១៨

Facebook Comments
Loading...