លោកកាំង ហ្គិចអ៊ាង ហៅឌុច ត្រូវបានបញ្ជូនចូលបន្ទប់សង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-សូវៀត

1872

កណ្ដាល៖ លោកកាំង ហ្គិចអ៊ាង ហៅឌុច ត្រូវបានបញ្ជូនចូលបន្ទប់សង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-សូវៀត (ពេទ្យរុស្ស៊ី) នៅរសៀលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៨ ដោយមានការដាក់កម្លាំងការពារសន្តិសុខ ដើម្បីកុំឲ្យមានបញ្ហាអ្វីកើតមានឡើងជាយថាហេតុនេះបើតាមការបញ្ជាក់របស់លោកចាត ស៊ីនាង ប្រធានពន្ធនាគារខេត្តកណ្តាលបកាលពីល្ងាចថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៨។

លោកចាត ស៊ីនាង បានបញ្ជាក់ទៀតថា កាលពីថ្ងៃទី២០ ខែតុលាឆ្នាំ២០១៨ លោកកាំង ហ្គិចអ៊ាង មានអាការៈហត់ (ថប់ដង្ហើម) ហើយពេទ្យរបស់គាត់ (កាំង ហ្គិចអ៊ាង) បានស្នើសុំបញ្ជូនទៅមន្ទីរពេទ្យជ័យជំនះនៅថ្ងៃទី២១ ខែតុលា ខាងមន្ទីរពេទ្យជ័យជំនះ បានសម្រេចបញ្ជូនគាត់ទៅមន្ទីរពេទ្យរុស្ស៊ី រហូតមកដល់ថ្ងៃទី២៥ ខែតុលា គាត់កំពុងតែសម្រាកព្យាបាលនៅមន្ទីរពេទ្យរុស្ស៊ីលោកបានបញ្ជាក់ថា “ឥឡូវនេះ គាត់មិនទាន់ស្រួលទេ មុនដាក់នៅកន្លែងអ៊ុកស៊ីហ្សែននៅជាមួយប្រជាពលរដ្ឋធម្មតា តែឥឡូវនេះបញ្ជូនដាក់នៅក្នុងបន្ទប់ដាក់អ៊ុកស៊ីហ្សែនដោយឡែកតែឯង ហើយព័ត៌មានចុងក្រោយដែលទទួលបាន គឺបញ្ជូនទៅបន្ទប់សង្គ្រោះបន្ទាន់ស្មារតីគាត់នៅចាំបានល្អ ប៉ុន្តែគាត់មានអាការៈហត់ ណាមួយគាត់ចាស់ផង។

ប្រធានពន្ធនាគារខេត្តកណ្តាលបានបន្តថា ចំពោះបញ្ហាការពារសន្តិសុខ គឺលោកបានស្នើសុំទៅអគ្គនាយកដ្ឋានពន្ធនាគារ ដើម្បីចាត់ទាំងកម្លាំងនាយកដ្ឋានសន្តិសុខមកសហការជាមួយកម្លាំងពន្ធនាគារដើម្បីជួយការពារសន្តិសុខ ពីព្រោះវាផុតពីសមត្ថកិច្ចរបស់ខាងខេត្ត។

សូមបញ្ជាក់ផងដែរថា៖ លោក កាំង ហ្គិចអ៊ាង ហៅឌុច បានផ្ទេរពីពន្ធនាគាររបស់សាលាក្តីខ្មែរក្រហមនៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៣ ទៅកាន់ពន្ធនាគារខេត្តកណ្តាល ក្រោយពីការប្រកាសសាលលដីការបស់អង្គជំនុំជម្រះសាលាក្តីខ្មែរក្រហម នៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១២មក។

ចំណែកលោកនេត្រ ភត្រា្ត អ្នកនាំពាក្យសាលាក្តីខ្មែរក្រហមបានប្រាប់ថា៖លោក កាំង ហ្គិចអ៊ាង ហៅឌុច ត្រូវបានកាត់ទោសពីបទឧក្រិដ្ឋកម្មប្រឆាំងនិងមនុស្សជាតិ និងឧក្រិដ្ឋកម្មសង្គ្រាមពាក់ព័ន្ធជាមួយនិងតួនាទីរបស់គាត់ជាប្រធានគុកទួលស្លែង ដែលគុកទួលស្លែងនេះ គឺជាកន្លែងគុកសម្ងាត់ដែលស្និទ្ធទៅនិងបក្សកុម្មុយហើយត្រូវបានគេដឹងថា មានមនុស្សយ៉ាងហោចណាស់ ១៥០០០នាក់ ដែលត្រូវបានចាប់ខ្លួនឃុំបញ្ជូនទៅមន្ទីរសន្តិសុខ ស-២១ ដើម្បីធ្វើការសួរចម្លើយ និងយកទៅសម្លាប់ចោលនៅក្នុងរបបខ្មែរក្រហម ពីថ្ងៃទី១៧ មេសា ១៩៧៥ ដល់ថ្ងៃទី៦ មេសា ១៩៧៩។

លោកបានបន្តថា សាលដីការបស់អង្គជំនុំជម្រះតុលាការកំពូលដែលចេញនៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១២ គឺបានសម្រេចផ្តន្ទាទោសលោកកាំង ហ្គិចអ៊ាង ហៅឌុច ដាក់ពន្ធនាគារអស់មួយជីវិត ពីបទឧក្រិដ្ឋកម្មប្រឆាំងនិងមនុស្សជាតិ និងឧក្រិដ្ឋកម្មសង្គ្រាម៕ ដោយ សនសុភ័ក្ដ