អាណាចក្របៃតងការពារតំណែងជើងឯកពានរង្វាន់សម្ដេចអគ្គមហាពញាចក្រីបានសម្រេច

0
713

ភ្នំពេញ៖ ក្រុមបាល់ទាត់អាណាចក្របៃតង បានការពារតំណែងជើងឯកពានរង្វាន់សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន រដូវកាលទី២ បានសម្រេចដូចបំណង បន្ទាប់ពីប្រកួតផ្ដាច់ព្រ័ត្រនាយប់ថ្ងៃទី២០តុលានៅពហុកីឡដ្ឋានជាតិអូឡាំពិក ដោយយកឈ្នះក្រុមTNខេត្តកណ្ដាលក្នុងលទ្ធផល១ ទល់០ ។

គ្រាប់បាល់ដែលធ្វើឲ្យក្រុមអាណាចក្របៃតងលើកពានកម្រិតពាក់កណ្ដាលអាជីពលើកទី២នេះគឺធ្វើបានសម្រេចដោយកីឡាករ លឹម ចាន់លាភ ក្រោយការបញ្ជូនបាល់ពីសមាជិកមកពីក្លឹបអគ្គស្នងការដ្ឋាននគរបាលជាតិ នៅនាទី៦៥ ។ ដោយឡែកក្រុមធីអិនកណ្ដាលក៏ព្យាយាមវាយសងវិញដែរតែធ្វើមិនបានសម្រេចធ្វើឲ្យក្រុមអាណាចក្របៃតងរក្សាតំណែងជើងឯកបាន ។

លោក ម៉ុក ចាន់ករុណា ស្ថានិកក្រុមអាណាចក្របៃតង បានសម្ដែងនូវក្ដីរីករាយជាខ្លាំង ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កូនក្រុម និងការសហការគ្នាជាក្រុមបានយ៉ាងល្អ ។ លោកសង្កត់ធ្ងន់ថា សមិទ្ធិផលដ៏ល្អនេះ គឺកើតចេញពីការសាមគ្គីគ្នារបស់យុវជន ហើយលោកសង្ឃឹមថា វានឹងក្លាយជាគំរូដ៏ល្អ សម្រាប់យុវជនដទៃ ពិសេសយុវជនរាជធានីភ្នំពេញ ដើម្បីចូលរួមលេងកីឡា រឹតចំណងមិត្តភាព និងសាមគ្គីភាពទៅវិញទៅមក ។

ទន្ទឹមជាមួយគ្នាឯកឧត្តម វង សូត រដ្ឋមន្ដ្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនិតីសម្បទា និងជាប្រធានក្រុមទីប្រឹក្សាសម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាជាតិ នៃកម្ពុជា បានសម្ដែងនូវការកោតសរសើរចំពោះក្រុមចូលរួមទាំង ២១ក្រុម ដែលបានគោរពតាមបទបញ្ជាការប្រកួត និងអាជ្ញាកណ្ដាល ធ្វើឲ្យព្រឹត្តិការណ៍នេះ បញ្ចប់ដោយជោគជ័យ ។ បន្ថែមលើនេះ ឯកឧត្តមបានជំរុញកីឡាករ និងយុវជនត្រូវបន្ដខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីត្រៀមការប្រកួតប្រជែងនារដូវកាលថ្មី ។

ព្រឹត្តិការណ៍នេះក្រុមអាណាចក្របៃតងអមដោយការលើកពានពួកគេទទួលបានប្រាក់រង្វាន់និងប្រាក់ឧបត្ថម្ថបន្ថែមសរុប ១ម៉ឺនដុល្លារ, ក្រុមជើងឯករង ធីអិនកណ្ដាល ទទួលបានប្រាក់រង្វាន់ និងប្រាក់ឧបត្ថម្ភសរុប ៦ពាន់ដុល្លារ និងក្រុមលេខ៣ បានទៅក្រុមពិស្ណុការ ក្រោយយកឈ្នះក្រុមយុវជនបៃតង ដោយលទ្ធផល ៤-២ ទទួលបានប្រាក់រង្វាន់ និងប្រាក់ឧបត្ថម្ភសរុប ៤,៥០០ដុល្លារ ។ រីឯក្រុម Fair-Play បានទៅក្រុមពិស្ណុកា ទទួលបានប្រាក់រង្វាន់ ៦លានរៀល ស្របពេលអ្នកចាំទីល្អ បានទៅកីឡាករ ហាន់ មាន និងកីឡាកររកគ្រាប់បាល់បានច្រើនជាងគេ គឺកីឡាករ នុត ស៊ីនួន រកបាន ១២គ្រាប់ទទួលបានប្រាក់រង្វាន់ ២លានរៀលដូចគ្នា។

សូមបញ្ជាក់ថាព្រឹត្តិការណ៍នេះបានចាប់ផ្ដើមប្រកួតតាំងពីថ្ងៃទី២៦សីហានិងបានបញ្ចប់នៅយប់ថ្ងៃទី២០តុលា ។

Facebook Comments
Loading...