បុរសវៀតណាម២នាក់ត្រូវចាប់ខ្លួនពីបទនាំសាច់និងឆ្អឹងខ្លាចូលប្រទេសថៃ

0
89

កាសែតបាងកកប៉ុស្តិ៍បានផ្សាយឲ្យដឹងថា បុរសជនជាតិវៀតណាម២នាក់ត្រូវបានចាប់ខ្លួនកាលពីថ្ងៃព្រហស្បត្តិ៍ ក្រោយពីសមត្ថកិច្ចឆែកឆេរក្នុងកាបូបរបស់គាត់រកឃើញក្បាលខ្លា ឆ្អឹងខ្លា និងសាច់ងៀតខ្លា ពេលជិះរថយន្តបឺសឆ្លងកាត់ចំណុចឆែកឆេរនៃតំបន់Tak-Mukdahan។ ប៉ូលីសចាប់បានអ្នកទាំងពីរនៅចំណុចរថយន្តបឺសឈប់​សម្រាក​នៃខេត្តពិស្ណុលោក ដើម្បីឲ្យអ្នកដំណើរចុះសម្រួលបត់ដៃបត់ជើង។

ជនសង្ស័យទាំង២នេះម្នាក់ឈ្មោះឡេ ប៊ីញ អាយុ៤០ឆ្នាំ និងម្នាក់ទៀតឈ្មោះង្វៀន វ៉ាន់ទុង អាយុ២៩ឆ្នាំបាននិយាយថា ទំនិញនេះគេបានទិញពីឈ្មួញវៀតណាមមិនស្គាល់អត្តសញ្ញាណម្នាក់ក្នុងតម្លៃ៣០០០០បាតពីស្រុកម៉ាវស៊ុតប្រុងនាំទៅកាន់ស្រុកម៉កដាហាន ។

ប៉ូលីសថៃសង្ស័យថា អ្នកទាំង២ទំនងជាក្រុមឈ្មួញក្បាលដុះស្លែក្នុងការរត់ពន្ធនាំយកសាច់និងឆ្អឹងខ្លាចូលទៅក្នុងប្រទេសវៀតណាម។ ប៉ូលីសថៃកំពុងតែបន្តស៊ើបករណីនេះទៀត៕

Facebook Comments
Loading...