ពិធីបុណ្យ ភ្ជុំបិណ្ឌ

0
380

ពិធីបុណ្យកាន់បិណ្ឌឬហៅថា “បុណ្យភ្ជុំបិណ្ឌ” គឺជាបុណ្យប្រពៃណីរបស់ខ្មែរ ដែលមានតាំងពីសម័យបុព្វកាលរហូតរៀងមក ។ បុណ្យកាន់បិណ្ឌនេះ មិនមានឃើញតម្រាណាមួយដែលកំណត់ច្បាស់ថា ផ្តើមធ្វើចាប់ពីពុទ្ធសករាជទីប៉ុន្មាន ឬក្នុងរជ្ជកាលស្តេចអង្គណានោះឡើយ គឺឃើញតែ ប្រារព្ធធ្វើតៗគ្នាដរាបមកដល់សព្វថ្ងៃនេះ។ និយមន័យសំខាន់ក្នុងការធ្វើបុណ្យនេះគឺដើម្បីឧទ្ទិសកុសលបញ្ជូនទៅចំពោះវិញ្ញាណក្ខន្ធបុព្វការីជនមានជីដូនជីតាមាតាបិតាញាតិការ ៧ សន្តានដែលបានចែកឋានធ្វើមរណៈកាលទៅ ។

នៅក្នុងសាស្រ្តាសម្រាយមួយដែលមានឈ្មោះថា (សាស្រ្តាវិជ្ជាធម៌) បានរៀបរាប់បញ្ជាក់ថា ៖ មានព្រះថេរៈមួយព្រះអង្គមានព្រះនាមព្រះឧបគុត្តថេរ លោកបានហោះជ្រែកទម្លុះមហាប្រថពីទៅកាន់មហានរកដោយកម្លាំងឫទ្ធានុភាពរបស់ព្រះហាថេរនោះ ដោយមានផ្កាឈូកមាសទ្រព្រះអង្គផង។ លុះទៅដល់ឋាននរកពួកអស់សត្វនរកក៏បានដកដង្ហើមចេញចូលបានធូរស្រួលក៏នាំគ្នាមកក្រាបថ្វាយបង្គំព្រះមហាថេរក៏បានសម្តែងធម្មទេសនាជាសន្តាប់នៃពពួកនរកទាំងឡាយ។នាគ្រានោះ ក្រោយពីបានស្តាប់ព្រះធម៌ និងឱវាទព្រះមហាថេររួចហើយពួកសត្វនរកទាំងឡាយផ្តាំផ្ញើ និងសំណូមពរឲ្យព្រះមហាថេរនាំដំណឹងទៅផ្សាយប្រាប់ដល់ឪពុកម្តាយបងប្អូនកូនចៅញាតិសន្តានរបស់ខ្លួននៅឋានមនុស្សដោយបញ្ជាក់ថា ខ្លួនឈ្មោះនេះឈ្មោះនោះរស់នៅឋាននរកកំពុងរងទុក្ខវេទនា ណាស់សូមឲ្យជួយធ្វើបុណ្យដាក់ទានឧទ្ទិសកុសលមកឲ្យពួកយើងផង ។

ព្រះមហាឧបគុត្តថេរក៏បានទទួលនូវបណ្តាំពួកសត្វនរកទាំងឡាយនោះ ហើយក៏ហោះមកឋានមនុស្សវិញ នាំបណ្តាំនេះទៅថ្វាយព្រះមហាក្សត្រមួយព្រះអង្គ។ កាលនោះព្រះមហាក្សត្រក៏នាំនាម៉ឺនសព្វមុខមន្ត្រី គហបតីសេដ្ឋីទាំងអស់ចូលទៅបង្គំទូលថ្វាយព្រះដ៏មានបុណ្យ ដើម្បីរកវិធីជួយដោះស្រាយចំពោះសត្វនរកទាំងឡាយដែលបានផ្តាំផ្ញើនោះ ។ លំដាប់នោះព្រះដ៏មានបុណ្យទ្រង់ត្រាស់តបថា៖ បើមហារាជមានបំណងចង់ធ្វើជាកុសលឧទ្ទិសជូនចំពោះទៅសត្វនរកទាំងឡាយនោះដើម្បីដោះទុក្ខលំបាក គឺត្រូវចាប់ផ្តើមធ្វើពីថ្ងៃ១រោជ ខែភទ្របទ នេះតទៅដោយរៀបចំធ្វើបាយបិណ្ឌបាយបិតត្បូរ ឧទ្ទិសបញ្ជូនរហូតទៅដល់ថ្ងៃ១៥រោជ ខែភទ្របទ ជាដរាបរៀងរាល់ឆ្នាំ ។

កាលចំណេរតទៅបើអ្នកទាំងឡាយណាដល់ខែភទ្របទហើយ ដែលពុំបានរៀបចំធ្វើរណ្តាប់បាយបិណ្ឌបាយបិតត្បូរប្រគេនថ្វាយព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ដាក់បញ្ជូនទៅទេ អស់ពួកសត្វប្រេតនរកទាំងឡាយ ក៏សឹងតែអត់បាយក្រហាយទឹកស្រេកឃ្លាន កើតជាទុក្ខវេទនាជាអនេកណាស់ ហើយពួកទាំងអម្បាលនោះក៏កើតក្តីក្រោតខឹងជេរប្រទេចផ្តាសាមកញាតិការទាំងឡាយអោយរលាយហិនហោចទ្រព្យសម្បត្តិ និរាសព្រាត់ប្រាស់ប្តី ប្រពន្ធ ញាតិផៅក្តៅក្រហាយរស់នៅមិនបានសុខសាន្តឡើយ ។

ដោយដំណើរហេតុនោះហើយក៏បានតាំងជាទម្លាប់ប្រពៃណីរហូតមកដល់សព្វថ្ងៃនេះ បុព្វរបស់ដូនតាខ្មែរក៏បានរួមប្រស្រ័យជាមួយអ្នកប្រាជ្ញរាជបណ្ឌិតឯកភាពកំណត់យកពិធីកាន់បិណ្ឌរយៈពេល១៥ ថ្ងៃ រួមទាំងភ្ជុំផងក្នុងវស្សាន្តរដូវដែលសម្បូណ៍ភ្លៀងធ្លាក់ជោគជាំនាំឲ្យព្រះសង្ឃពិបាកក្នុងកិច្ចស្វែងរកភិក្ខាហារ ទើបសម្រេចយករយៈពេលកន្លះខែនេះដើម្បីប្រារព្វធ្វើពិធីបុណ្យកាន់បិណ្ឌ (ភ្ជុំបិណ្ឌ) ដែលរាប់ពីថ្ងៃ ១រោជ ដល់ថ្ងៃ១៥រោជ ខែភទ្របទ ជារៀងរាល់មួយឆ្នាំម្តងរហូតមកដល់បច្ចុប្បន្ននេះ ។

(ទំនៀមកាន់បិណ្ឌ)

គ្រប់ក្រុមគ្រួសារអ្នកកាន់បិណ្ឌសុទ្ធតែបានកំណត់វេលារបស់ខ្លួនទីប៉ុន្មានដោយគណកម្មការអាចារ្យវត្ត ដែលរាប់ពីថ្ងៃ១រោជ ដល់ថ្ងៃទី១៥រោជ ។ តាមទម្លាប់កាលបើបានឮសម្លេងទូងស្គរជាសញ្ញាដល់អ្នកជើងវត្តក៏ដូចជាម្ចាស់កាន់វេនបិណ្ឌ ដើម្បីប្រញាប់រៀបចំបាយបិណ្ឌបាយបិតត្បូរ និងម្ហូបចំណីផ្សេងទៀតទៅកាន់វត្តមុនពេលថ្ងៃរះ ។ គេក៏បាននាំគ្នាដើរប្រទក្សិណព័ទ្ធព្រះវិហារបីជុំរួចទើបនាំគ្នាទៅស្តាប់ព្រះសង្ឃស្វាធ្យាយធម៌ ។ ធម៌មួយសម្រាប់ឧទ្ទិសសែនដល់ខ្មោច ធម៌មួយទៀតសម្រាប់តឿនព្រះអាទិត្យឲ្យឆាប់រះ ។ លុះអរុណរះពេលព្រលឹមអ្នកកាន់វេនរៀបចំចង្ហាន់ព្រះសង្ឃ រួចហើយទើបត្រឡប់ទៅផ្ទះវិញ ។ លុះដល់វេលាថ្ងៃជិតត្រង់ទើបនាំយកចង្ហាន់ទៅប្រគេនព្រះសង្ឃឆាន់ត្រង់ និងវេរឧទ្ទិសដល់បុព្វការីជនទាំង៧ សន្តាន ដើម្បីទទួលកុសលបុណ្យ។ គេធ្វើបែបនេះរហូតគ្រប់ ១៥ ថ្ងៃ ចាប់ពីថ្ងៃទី១រោជដល់ថ្ងៃ ១៥រោចខែភទ្របទ ។

(ទំនៀមក្នុងពិធីភ្ជុំបិណ្ឌ)

ថ្ងៃដាច់ខែភទ្របទគឺជាថ្ងៃសំខាន់ជាងគេក្នុងរដូវបុណ្យនេះ នោះគឺជាថ្ងៃប្រជុំបិណ្ឌ ដែលជាទម្លាប់ហៅថា (ភ្ជុំបិណ្ឌ) គេសង្កេតឃើញគ្រប់ក្រុមគ្រួសារម្ចាស់កាន់វេនទាំងអស់បានមកជួបជុំគ្នានៅវត្តនិងនាំយកនូវម្ហូបអាហារបាយសម្លនំអន្សម នំគម នំបត់ និងភេសជ្ជៈផ្សេងៗទៅប្រគេនព្រះសង្ឃ ស្តាប់ព្រះសង្ឃស្វាធ្យាយម្រើនព្រះបរិត បង្សកូល ឧទ្ទិសកុសលផ្សាយទៅដល់ញាតិការទាំង៧ សន្តាន ។
បន្ទាប់មកគេនាំគ្នាស្រង់ព្រះពូនភ្នំខ្សាច់ជាដើមទៅតាមការនិយមជាទំនៀមតាមតំបន់ផ្សេងៗ ។

(និយមន័យបីយ៉ាងនៃពិធីបុណ្យភ្ជុំបិណ្ឌ)
១. ធ្វើឡើងដើម្បីឧទ្ទិសចំពោះមាតាបិតាជីដូនជីតាញាតិការទាំង៧សន្តានដែលបានធ្វើមរណៈកាលទៅពិសេសដល់ពពួកប្រេតនរកទាំងឡាយទោះញាតិសន្តានក្តី ឬអ្នកដទៃក្តី។
២. ធ្វើដើម្បីសន្សំកុសលផលបុណ្យសុំសេចក្តីសុខចម្រើនដែលបានកើតពីផលទានខ្លួនឯង។
៣.ធ្វើដើម្បីរួមចំណែកលើកស្ទួយសាសនាជាតិរបស់ខ្លួន រួមចំណែកថែរក្សាប្រពៃណីទំនៀមទម្លាប់វប្បធម៌ពិសេស ដើម្បីបង្កើននូវសាមគ្គីភាព សាមគ្គីធម៌ ៕

Facebook Comments
Loading...