អភិបាលខេត្តមណ្ឌលគិរីជម្រុញដល់ទីចាត់ការធនធានមនុស្ស រៀបចំតំឡើងនូវកាំឋានន្តរស័ក្កដល់មន្រ្តីរាជការ និងគិតគូដល់មន្រ្តីដែលចូលនិវត្តន៍

0
993

ខេត្តមណ្ឌលគិរី៖ ថ្លែងនៅក្នុងពីធីជួបសំណេះសំណាលជាមួយមន្រ្តីរាជការចំណុះអោយរដ្ឋបាលសាលាខេត្តមណ្ឌលគិរី នៅរសៀលថ្ងៃទី០២ខែតុលាឆ្នាំ២០១៨នេះ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាល នៃគណៈអភិបានខេត្តមណ្ឌលគិរី បានមានប្រសាសន៍ជម្រុញដល់ ទីចាត់ការធនជាតិមនុស្ស ត្រូវធ្វើបច្ចុប្បន្នភាពអោយបានត្រឹមត្រូវទៅលើមន្រ្តីដែលសកម្ម រៀបចំតំឡើងនូវកាំឋានន្តរស័ក្ក ប័ណ្ណសរសើរ និងមេដៃការងារ ដើម្បីលើកទឹកចិត្តដល់មន្រ្តីរាជការដែលបានបំពេញការងាររបស់ខ្លួនក្នុងការងាររដ្ឋបាលសាលាខេត្តបានល្អ ជាពិសេសមន្រ្តីរាជការដែលកន្លងមកពុំបានទទួលនូវប័ណ្ណសសើរ និងមេដៃការងារពីថ្នាក់ដឹកនាំ ។

ទន្ទឹមនោះសូមអោយមន្រ្តីរាជការដែលត្រូវបានតែងតាំងតំឡើងឋានន្តរស័ក្កពីថ្នាក់ដឹកនាំនាពេលកន្លងមក ត្រូវខិតខំយកចិត្តទុកដាក់បន្តការអនុវត្តនូវតួនាទីភារកិច្ចរបស់ខ្លួនអោយបានល្អប្រសើរ និងសកម្មបន្តទៅទៀត ពីព្រោះរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា សម្តេចបានជម្រុញការតម្លើងប្រាក់បៀរវត្សជូនដល់មន្រ្តីរាជការជាបន្តបន្ទាប់។

ឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី បានបន្តថា មិនតែប៉ុណ្ណោះ ទីចាត់ការធនធានមនុស្ស សូមមេត្តាគិតគូអោយបានត្រឹមត្រូវទៅតាមគោលការណ៏ណែនាំរបស់រាជរដ្ឋាភិបាល ចំពោះមន្រ្តីដែលចូលនិវត្តន៍ ដោយគិតទៅតាមអតីតភាពការងារ ជៀសវាងការបាត់បង់ថវិការបស់មន្រ្តីដែលចូលនិវត្តន៍។

ក្នុងពិធីជួបសំណេះសំណាលជាមួយមន្រ្តីរាជការសាលាខេត្តមណ្ឌលគិរី ឯកឧត្តម ស្វាយ សំអ៊ាង អភិបាល នៃគណៈអភិបាលខេត្ត បានឧបត្ថម្ភថវិកាផ្ទាល់ខ្លួនរបស់ឯកឧត្តម ដល់មន្រ្តីរាជការចំណុះអោយរដ្ឋបាលសាលាខេត្តក្នុងមួយនាក់ៗទទួលបានថវិកាចំនួនប្រាំម៉ឺនរៀល៕ ដោយ៖មនោរម្យ

Facebook Comments
Loading...