អ្នកវិភាគ៖ ហេតុអ្វីបានជាសម រង្ស៊ី និង កឹម មនោវិទ្យា ប្រកាសឈប់ដឹកនាំបាតុកម្មនៅបូរីញូយ៉ក?

0
743

(ភ្នំពេញ)៖ តាមរយៈបណ្តាញទំនាក់ទំនងសង្គមធ្វីតធ័រ សម រង្ស៊ី បានប្រកាសថា «មិនបានចូលរួមមហាបាតុកម្មនៅបូរីញូយ៉កបានទេ ដោយសារតែជាប់រវល់នឹងភារកិច្ចផ្សេង»។ ចំណែកកូនស្រី កឹម សុខា គឺ កឹម មនោវិទ្យា តាមរយៈហ្វេសប៊ុករបស់ មុត ចន្ថា អះអាងថា «កញ្ញា កឹម មនោវិទ្យា ពុំដែលមានគម្រោង ឬពុំដែលគ្រោងទៅចូលរួម ឬដឹកនាំបាតុកម្មអ្វីឡើយ»។ នេះគឺជាគោលជំហរចុងក្រោយរបស់អ្នកនយោបាយទាំងពីរក្រុម ដែលគេមើលឃើញថា កំពុងតែបែកបាក់គ្នាធ្ងន់ធ្ងរ និងដណ្តើមឥទ្ធិពលគ្នាគ្រប់គ្រង លើខ្មោចបក្សសង្គ្រោះជាតិដែលត្រូវបានរលាយសាបសូន្យជិតមួយឆ្នាំមកហើយនោះ។

សាធារណមតិប្រាកដជាឆ្ងល់ ហើយអ្នកគាំទ្ររបស់ខ្លួនមួយដំបរស្វាដែលដាក់ចិត្តដាក់កាយចូលរួមបាតុកម្មនៅញូយ៉កក៏ឆ្ងល់ដែរ ថាហេតុអ្វីបានជា សម រង្ស៊ី និងកឹម មនោវិទ្យា មិនចូលរួមក្នុងបាតុកម្មព្រោះក្នុងខិត្តបណ្ណនិងសេចក្តីជូនដំណឹងផ្សេងៗគេឃើញមាន ដាក់ថា «មហាបាតុកម្មដឹកនាំដោយលោក សម រង្ស៊ី» និងសេចក្តីជូនដំណឹងខ្លះថា «មហាបាតុកម្មដឹកនាំដោយ កញ្ញា កឹម មនោវិទ្យា»? តើមូលហេតុអ្វីពិតប្រាកដនៅពីក្រោយការប្រកាសមិនដឹកនាំ និងមិនចូលរួមក្នុងបាតុ កម្មដែលពួកគេខិតខំប្រកូកប្រកាសត្រៀមច្រើនខែមកនេះ?

ទី១៖ កៀងគរមនុស្សមកធ្វើបាតុកម្មមិនបាន៖ ក្រុមសម រង្ស៊ី និយមដឹកនាំដោយ សម រង្ស៊ី និងក្រុម កឹម សុខា និយមដែលដឹកនាំដោយ កឹម មនោវិទ្យា ទទួលបរាជ័យក្នុងការ កៀងគរ មនុស្សមកធ្វើបាតុកម្មព្រោះបងប្អូនពលរដ្ឋខ្មែរដែល ធ្លាប់តែគាំទ្រខ្មោចបក្សសង្គ្រោះជាតិ បានដឹងច្បាស់ពីល្បិចកលស្មោគគ្រោករបស់ក្រុមអ្នកនយោបាយរត់ចោលស្រុក កញ្ជះបរទេសទាំងនេះ។ ពួកគេបានត្រឹមតែភូតកុហក និងបោកប្រាស់ប្រាក់ពួកគាត់ប៉ុណ្ណោះ គឺបោកពីមួយអាណត្តិទៅមួយអាណត្តិ ស្រមើស្រម៉ៃនៅក្នុងការយល់សប្តិ និងការញុះញង់របស់ សម រង្ស៊ី។ ពលរដ្ឋខ្មែរដែលធ្លាប់ដើរតាមការញុះញង់របស់សម រង្ស៊ី អស់ជំនឿនិងយល់ថាជីវិតនយោបាយ សម រង្ស៊ី បានបញ្ចប់ សម រង្ស៊ី គ្មានតម្លៃនយោបាយអ្វីសម្រាប់ជាតិ និងប្រជាជនកម្ពុជាទៀតឡើយហើយការដើរស្រែកតវ៉ាគឺ គ្មានអ្វីក្រៅតែពីការលម្អទីក្រុង និងសំឡេងរំខានអ្នកធ្វើដំណើរប៉ុណ្ណោះ។ ពលរដ្ឋខ្មែរខ្លះគាត់សម្រេចចិត្តមិនចូលរួមបាតុកម្មជាមួយ សម រង្ស៊ី និងកឹម មនោវិទ្យា ព្រោះបានដឹងច្បាស់ពីសភាព ការណ៍ពិតនៅកម្ពុជាមិនដូចអ្វីដែល សម រង្ស៊ី និងក្រុមកឹម មនោវិទ្យា និងចៅហ្វាយបរទេសរបស់ពួកគេបរិហារឡើយ គឺជាកម្ពុជាមួយដែលពោរពេញ ដោយសុខសន្តិភាព និងការអភិវឌ្ឍ ហើយសម្តេចតេជោ ហ៊ុន សែនដែលមេដឹកនាំប្រទេសក៏ទទួលបានការគាំទ្រភ្លូកទឹកភ្លូកដីតាមរយៈការបោះឆ្នោតតាមគន្លងលទ្ធិប្រជាធិបតេយ្យ និងមានការអបអរសាទរពីប្រទេសយ៉ាងច្រើន។ ដូច្នេះបងប្អូនមិនជឿតាមការញុះញង់របស់ក្រុមជន ក្បត់ជាតិទាំងនេះឡើយ។

ហេតុដូច្នេះហើយបានជាក្រុមបែកបាក់ទាំងពីរនេះមិនអាចរកអ្នកចូលរួមបានច្រើន ចូលរួមក្នុងបាតុកម្មឡើយ។

ទី២៖ ខ្លាចអាម៉ាស់មុខ កំសាក បោកប្រាស់រហូត៖ ការបរាជ័យក្នុងការប្រមូលមនុស្សមកធ្វើបាតុកម្ម នេះបានធ្វើឱ្យមេក្រុមបាតុករទាំងពីរសម្រេចប្រកាសលុបចោល ការចូលរួមបាតុកម្មព្រោះបើខ្លួនបន្តចូលរួម នោះនឹងធ្វើឱ្យអាម៉ាសមុខកាន់តែខ្លាំង។ បទពិសោធនៅប្រទេសអូស្ត្រាលី គឺជាមេរៀនដ៏ជូរចត់បំផុតរបស់ក្រុមប្រឆាំងដែលដែលចូលរួមបាតុកម្មមិនដល់១០០នាក់ផង ចំណែកអ្នកគាំទ្រសម្តេចតេជោ ហ៊ុន សែន បានឡើងដល់ជិត ១០០០នាក់ដែលបានអញ្ជើញទៅស្វាគមន៍បង្ហាញការគោរពស្រឡាញ់ក្នុងនាមជាមេដឹកនាំ ប្រទេសប្រកបដោយគុណធម៌ សមត្ថភាព និងមានទេពកោសល្យខ្ពស់។ ដោយសារតែប៉ានស្មានកម្លាំងរបស់ ខ្លួនមានចំនួនតិចតួចក្នុងការចូលរួម «មហាបាតុកម្ម» សម រង្ស៊ី និងកឹម មនោវិទ្យា ត្រូវដោះដៃ មិនចង់លក់មុខកណ្តាលចំណោមក្រុមបាតុករមកពីប្រទេសផ្សេងទៀតនោះទេ។ អ្នកដែលបាក់មុខកាន់តែខ្លាំងគឺអ្នកឈរ ឈ្មោះរៀបចំបាតុកម្មដោយរំពឹងថានឹងទទួលបានមូលនិធិ និងចំណេញប្រាក់ខ្លះពីការបរិច្ចាករបស់បងប្អូនពល រដ្ឋ ប៉ុន្តែឥឡូវផែនការត្រូវបានរលាយដោយសារតែពលរដ្ឋខ្មែរនៅក្រៅប្រទេសលែងជឿលើ សម រង្ស៊ី និង កឹម សុខា ទៀត។
នេះក៏ជាមេរៀនសម្រាប់អ្នករៀបចំបាតុកម្មដូចជា អ៊ុង រិទ្ធី ជាដើមថា សម រង្ស៊ី គឺអីចឹង បើ អ្វីដែលគ្មានផលប្រយោជន៍សម្រាប់គាត់ទេ គឺគាត់បត់ក្បាលលឿនណាស់ ក្រឡិចក្រឡុច និងកំសាក ហើយពូកែបោកប្រាស់។ ឥឡូវ អ្នកដែលចេញមុខនេះត្រូវបន្តដោះសារជាមួយអ្នកដែលកក់សំបុត្រយន្តហោះ និង កក់សណ្ឋាគារត្រៀមមកធ្វើបាតុកម្មជាមួយសម រង្ស៊ី តែឥឡូវ សម រង្ស៊ី ដាក់មេប្រូចបាត់ ហើយ កឹម មនោ វិទ្យា ក៏ប្រកាសថា ខ្លួនគ្មានគម្រោងចូលរួម និងដឹកនាំបាតុកម្មដែរ។ ធ្វើអីកយ! ដំបូងប្រកាសថា ដឹកនាំមហាបាតុកម្ម ដល់ពេលអត់មនុស្សចូលរួមប្រកាសថារវល់ និងគ្មានផែនការចូលរួមបាតុកម្មទេ! នេះគឺជាចរិតពិត ដែលគ្មានការទទួលខុសត្រូវរបស់អ្នកនយោបាយក្បត់ជាតិទាំងនេះ។

នៅក្នុងស្រុក ដើរបង្កបញ្ហា អាងរត់នឹងចោលស្រុក ហើយឥឡូវនៅក្រៅស្រុក ពេលអត់អ្នកគាំទ្រ នាំគ្នារត់ចោលទៀត។ តាមពិត សម រង្ស៊ី ប្រកាស មិនចូលរួមបាតុកម្មដើម្បីកុំឱ្យអាម៉ាស់មុខ និងរក្សាទុកឥទ្ធិពលបោកប្រាស់ទៅមុខទៀត។
ក្រុមបាតុករមួយដំបរស្វាដែលគ្មានមេកើយដឹកនាំនេះនឹងប្រាកដជារត់ទៅជ្រកក្រោមស្លាកបាតុករផ្សេងទៀត និងថតរូបបង្ហាញថា មានការគាំទ្រច្រើនដូចនៅអូស្ត្រាលីទៀតហើយ។

ទី៣៖ ចាញ់បារមីសម្តេចតេជោ និងអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា៖ សម រង្ស៊ី មិនត្រឹមតែចាញ់ នៅក្នុងស្រុកទេ ប៉ុន្តែចាញ់នៅក្រៅស្រុក និងនៅលើទឹកដីនៃចៅហ្វាយនាយខ្លួនទៀត។ ដោយសារតែទង្វើទុច្ចរិតបំផ្លាញជាតិរបស់ក្រុម សម រង្ស៊ី និងក្រុមកឹម សុខា បារមីថែរក្សាព្រះរាជាណាចក្រកម្ពុជា ថែរក្សាព្រះ មហាស្វេតឆ័ត្រមិនបានការពារពួកគេឡើយ ប៉ុន្តែបានការពារអ្នកសង្គ្រោះជាតិ និងអ្នកកសាងជាតិ ស្មោះត្រង់ នឹងជាតិ សាសនា ព្រះមហាក្សត្រពិតប្រាកដគឺសម្តេចតេជោ ហ៊ុន សែន និងអ្នកគាំទ្រ និងស្រឡាញ់គណបក្សប្រជាជនកម្ពុជាទាំងអស់។ ក្រុមអ្នកនយោបាយរត់ចោលស្រុកបានចាញ់យ៉ាងអាម៉ាសជាទីបំផុតនៅលើទឹកដី នៃប្រទេសអូស្ត្រាលី ហើយពួកគេនឹងកាន់តែអាម៉ាសយ៉ាងខ្លាំងនៅលើទឹកដីសហរដ្ឋអាមេរិកខណៈពេលនេះ បងប្អូនប្រជាពលរដ្ឋខ្មែររស់នៅសហរដ្ឋអាម៉េរិក កាណាដាជិត ១០០០ នាក់ហើយដែលបានត្រៀមខ្លូនទទួល ស្វាគមន៍បង្ហាញការគាំទ្រចំពោះសម្តេចតេជោ ហ៊ុន សែន និងរាជរដ្ឋាភិបាលថ្មីដែលទើបនឹងបង្កើតឡើង។
កម្លាំងគាំទ្រនេះគឺចេញពីទឹកចិត្តផ្ទាល់របស់បងប្អូនប្រជាពលរដ្ឋខ្មែរ ដែលធ្វើឱ្យក្រុមមារសត្រូវអ្នកក្បត់ជាតិ មិនអាចនឹងតតាំងជាមួយកម្លាំងស្រឡាញ់សន្តិភាព និងការអភិវឌ្ឍបានឡើយ។ ក្រុមប្រឆាំងមានសិទ្ធិធ្វើបាតុកម្មប្រឆាំង ប៉ុន្តែពលរដ្ឋដែលគាំទ្រសម្តេចតេជោ និងគណបក្សប្រជាជន ស្រឡាញ់កម្ពុជា ក៏មានសិទ្ធិធ្វើបាតុ កម្មគាំទ្រចំពោះការដឹកនាំប្រទេស ប្រកបដោយការរីកចម្រើនរបស់សម្តេចតេជោ និងគណបក្សប្រជាជនកម្ពុជាដែរ។ នេះគឺជាល្បែងប្រជាធិបតេយ្យ!

ដូច្នេះកាលដែល សម រង្ស៊ី និងកឹម មនោវិទ្យា ប្រកាសមិនចូលរួមនិងមិនដឹកនាំបាតុកម្មនៅបូរីញូយ៉ក គឺជាការគេចវេសដូចសព្វមួយដងពីការពិតតែប៉ុណ្ណោះ។ ការពិតដែលថាពួកគេគ្មានកម្លាំងគាំទ្រគ្រប់គ្រាន់ទេ ចំពោះបុព្វហេតុបំផ្លាញជាតិរបស់ខ្លួន។ សម រង្ស៊ី និង ក្រុម កឹម មនោវិទ្យា បានបាត់បង់កម្លាំងគាំទ្រស្ទើរតែទាំងស្រុងទាំងក្នុង និងក្រៅប្រទេសដោយសារតែនយោ បាយបំផ្លាញជាតិ និងបោកប្រាស់ប្រជាជន។ ពលរដ្ឋខ្មែរលែងគាំទ្រក្រុមអ្នកបំផ្លាញជាតិទៀតហើយប៉ុន្តែបែរមកគាំទ្រអ្នកស្នេហាជាតិពិតប្រាកដគឺសម្តេចតេជោ ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជា៕

ដោយ ចៅ ចាក់ស្មុក
ស្រុកកំចាយមារ ខេត្តព្រៃវថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨


Facebook Comments
Loading...