ជើងខ្លាំង៤រូបចុងក្រោយប្រជែងគ្នាយកកៅអីវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ

0
222

ភ្នំពេញ: ព្រឹត្តិការណ៍TV5 Boxing Knock-Out Serie by K-Cement សម្រាប់យប់ថ្ងៃទី១៥កញ្ញាគឺជាការប្រកួតវគ្គជម្រុះជុំទី៣ហើយ ។

អ្នកដែលឈ្នះក្នុងវគ្គជម្រុះជុំទី៣នឹងបានឡើងទៅប្រកួតបន្តវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ។ពុទ្ធ សំបូររបស់ក្លិបពុទ្ធសេរីវង្ស ត្រូវប្រជែងដណ្ដើមកៅអីសម្រាប់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាមួយអ្នកប្រដាល់ជើងខ្លាំងលិញ ភារម្យ ក្លិបភារម្យគុនខ្មែរ ។ កាលប្រកួតជម្រុះនៅជុំទី១ពុទ្ធ សំបូរឈ្នះអ្នកប្រដាល់សុខ វីរៈក្លិបសំរោងកោងកីឡាខេត្តបាត់ដំបងនៅទឹកទី១ដោតទាត់ឲ្យខូចជើង ។

នៅជុំទី២ សំបូរឈ្នះណាម ម៉ូរ៉ាក់ក្លិបពន្លឺសាមគ្គីខេត្តបាត់ដំបងដោយពិន្ទុ ។ ចំពោះលិញភារម្យវិញនៅជុំទី១ ឈ្នះប៉ូ វ៉ាន់សក្តិក្លិបអាណាចក្រប្រយុទ្ធខេត្តសៀមរាបទឹកទី២ និងជុំទី២ឈ្នះកូយ ឡាយក្លិបទ័ពឆ័ត្រយោង៩១១ដោយពិន្ទុ ។ សម្រាប់ជុំទី៣នេះមិនដឹងថានរណាមានសមត្ថភាពដណ្ដើមបានកៅអីសម្រាប់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រឡើយ ។

ប្រកួតជម្រុះនៅជុំទី៣នេះដែរម៉ឺន មេឃាក្លិបកងចក្រភ្នំតូចដែលគេស្គាល់ជាទូទៅថាជាកូនប្រុសរបស់អតីតអ្នកប្រដាល់ជើងខ្លាំងអេភូថងនោះប្រកួតជាមួយលន បញ្ញាសមាគមប្រដាល់ក្រសួងការពារជាតិ ។

ម៉ឺន មេឃាកាលប្រកួតជម្រុះនៅជុំទី១គេបានផ្ដួលអ្នកប្រដាល់កុយ ចាន់តូក្លិបគីសែមានរិទ្ធនៅទឹកទី២ ហើយនៅវគ្គជម្រុះជុំទី២គេផ្ដួលសម ភក្ដីក្លិបរ៉ាហាប់ស្វាយប៉ាកនៅទឹកទី១ ។ ចំពោះលន បញ្ញាវិញកាលពីប្រកួតជម្រុះនៅជុំទី១ គេឈ្នះនួន រ៉ាថេបក្លិបតាឯកដំបងដែកមានរិទ្ធដោយពិន្ទុ នៅជុំទី២ឈ្នះសេន កុសលក្លិបមោងឬស្សីមរតកគុនខ្មែរដោយពិន្ទុដែរ ។

សម្រាប់ជុំទី៣ដែលជាជុំប្រជែងគ្នាដណ្ដើមកៅអីវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនេះមិនដឹងថានរណាជួបសំណាងល្អនោះឡើយ ។ ម៉ឺន មេឃាគេជឿថាមានឱកាសច្រើនជាងលន បញ្ញា ។

ការប្រកួតជាមិត្តភាពអន្តរាជាតិជាមួយថៃវិញនោះម៉ន រដ្ឋាក្លិបការិយាល័យទី៥កងទ័ពជើងគោកប្រកួតជាមួយអ្នកប្រដាល់ថៃលីង លុន លុកហួរថុន(Ling Lun Luk Hourthon)ដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៥៧គីឡូក្រាម ។

Facebook Comments
Loading...