ហ៊ានខ្លាំងណាស់! ជនជាតិចិនជិះរថយន្តគ្មានពន្ធ ថែមទាំងប្រើប្រាស់ស្លាកលេខក្លែងក្លាយទៀត

643

ខេត្តព្រះសីហនុ៖ កាលពីរសៀលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៨ មន្ត្រីសាខាគយនិងរដ្ឋាករខេត្តព្រះសីហនុ ដោយមានការសម្របសម្រួលពីលោកស្រីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រះសីហនុ និងចូលរួមពីសមត្ថកិច្ចកងរាជអាវុធហត្ថខេត្ត ព្រមទាំងអាជ្ញាធរដ្ឋបាលខេត្តព្រះសីហនុ បានចុះឃាត់រថយន្តគ្មានពន្ធ ០១ គ្រឿង ម៉ាក Mercedes ពណ៌ស ចង្កូតឆ្វេង ដែលមានម្ចាស់ជាជនជាតិចិន ដោយប្រើប្រាស់ស្លាកលេខក្លែងក្លាយ ព្រះសីហនុ 2A-3800 នៅមុខហាងលក់ទំនិញមួយកន្លែង តាមផ្លូវឯករាជ្យ ក្នុងសង្កាត់២ ក្រុងព្រះសីហនុ ។

បើតាមលោកប្រធានសាខាគយនិងរដ្ឋាករខេត្តព្រះសីហនុអោយដឹងបន្ថែមថា រថយន្តមួយគ្រឿងនេះ នឹងនាំយកទៅរក្សាទុកនៅអង្គភាពសាខាគយនិងរដ្ឋាករខេត្ត ដើម្បីបន្តនិតិវិធីតាមផ្លូវច្បាប់ និងថាប្រតិបត្តិការនេះធ្វើឡើងដើម្បីទប់ស្កាត់ការបន្លំគេចពន្ធពីម្ចាស់យានយន្តគ្រប់ប្រភេទ ដូចដែលសាខាគយនិងរដ្ឋាករខេត្តព្រះសីហនុអនុវត្តន៍កន្លងមកទៅលើកន្លែងលក់យានយន្តក្នុងខេត្ត សំដៅប្រមូលប្រាក់ពន្ធតាមច្បាប់បង់ចូលថវិកាជាតិ៕