អាជ្ញាធរជាតិអប្សរាអំពាវនាវដល់ពលរដ្ឋគ្រប់មជ្ឈដ្ឋានចូលរួមដាំកូនឈើក្នុងព្រៃឧទ្យានអង្គរ

525

ការងារស្ដារគម្របព្រៃឈើក្នុងរមណីយដ្ឋានអង្គរឡើងវិញក៏ជាការងារអាទិភាពមួយក្នុងចំណោមការងារអាទិភាពផ្សេងៗក្នុងកិច្ចការអភិរក្សនិងអភិវឌ្ឍន៍ប្រកបដោយចីរភាពរមណីយដ្ឋានអង្គរ។ កូនឈើ១០០០ដើម ប្រភេទចម្រុះនេះត្រូវបានដាំឡើងវិញនៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៨ នៅចំណុចដីព្រៃខាងត្បូងប្រាសាទបន្ទាយក្តី ហើយការដាំកូនឈើទ្រង់ទ្រាយធំបែបនេះ គឺជាផ្នែកមួយនៃកិច្ចការប្រចាំថ្ងៃរបស់នាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន។

អគ្គនាយករងអាជ្ញាធរជាតិអប្សរា ឯកឧត្តម ហង់ ពៅ ដែលបានដឹកនាំកម្មវិធីដាំកូនឈើដោយមានការចូលរួមរបស់បុគ្គលិកអាជ្ញាធរជាតិអប្សរា នគរបាលបេតិកភណ្ឌ និងមន្រ្តីឧទ្យានុរក្ស បានមានប្រសាសន៍ថា ការដាំកូនឈើឡើងវិញនេះមានសារៈសំខាន់ណាស់ ព្រោះដីក្នុងរមណីយដ្ឋានអង្គរភាគច្រើនជាដីខ្សាច់ ហើយគ្រឹះប្រាសាទក៏ត្រូវការសំណើមទឹកក្រោមដី ដើម្បីរក្សាលំនឹងគ្រឹះប្រាសាទ។ ក្រៅពីនេះ ព្រៃឈើបានបង្កើតទេសភាពវប្បធម៌នៅក្នុងតំបន់អង្គរឲ្យកាន់តែទាក់ទាញ ហើយភ្ញៀវទេសចរជាច្រើនមានសេចក្តីពេញចិត្តចំពោះទេសភាពបៃតងដ៏ស្រស់ត្រកាលនេះ។ បច្ចុប្បន្នមានភ្ញៀវទេសចរមួយចំនួនចាប់អារម្មណ៍ក្នុងការជិះកង់ក្នុងព្រៃ ដែលនេះជាចំណែកមួយសំខាន់សម្រាប់វិស័យទេសចរណ៍។

ដើម្បីឲ្យប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានមានឱកាសក្នុងការចូលរួមដាំកូនឈើក្នុងព្រៃឧទ្យានអង្គរ ក៏ដូចជាការលើកទឹកចិត្តក្នុងការថែរក្សាព្រៃឈើ ឯកឧត្តម ហង់ ពៅ បញ្ជាក់ថាជាគោលការណ៍អាជ្ញាធរជាតិអប្សរាចង់បានការចូលរួមពីគ្រប់មជ្ឈដ្ឋានដើម្បីចូលរួមស្តារគម្របព្រៃឈើឡើងវិញ ហើយជាពិសេសក្នុងតំបន់រមណីយដ្ឋានអង្គរ ព្រោះថានេះពុំមែនជាភារកិច្ចផ្តាច់មុខរបស់អាជ្ញាធរជាតិអប្សរាទេ តែជាការចូលរួមទទួលខុសត្រូវទាំងអស់គ្នានៃប្រជាពលរដ្ឋគ្រប់រូប។ ដូច្នេះ សូមឲ្យប្រជាពលរដ្ឋទាំងអស់ក្នុងឬក្រៅខេត្តសៀមរាប អាចស្នើសុំពូជឈើ ឬកូនឈើពីអាជ្ញាធរជាតិអប្សរាទៅដាំនៅផ្ទះ ភូមិ ស្ថាប័នឬក្រុមហ៊ុនពួកគេបាន។ លើសពីនេះ ពួកគេក៏អាចដាំកូនឈើក្នុងព្រៃនៃឧទ្យានអង្គរបានផងដែរ ដោយគ្រាន់តែពួកគេទាក់ទងមកមន្រ្តីជំនាញព្រៃឈើដើម្បីរៀបចំទីតាំងដែលត្រូវដាំ។

គួរបញ្ជាក់ថា ផ្ទៃដីដែលដាំកូនឈើនេះ គឺជាដីដែលអាជ្ញាធរជាតិអប្សរាដោះស្រាយគោលនយោបាយជាមួយប្រជាពលរដ្ឋដើម្បីយកមកដាំកូនឈើឡើងវិញ៕