លោក ប៉ែន រ័ត្ន ៖ ប្រសិនបើទឹកឡើងតែកម្ពស់២តឹក ឬ២តឹកកន្លះ សម្រាប់ឃុំកំពង់ទ្រាសទាំងមូលគឺគ្មានទីទួលសុវត្ថិភាពជ្រកទៀតទេ

0
494

ខេត្តត្បូងឃ្មុំ ៖ នៅថ្ងៃសុក្រ ១៤រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៨នេះ លោកឧត្តមសេនីយ៍ទោ បែន រ័ត្ន ស្នងការនគរបាលខេត្តត្បូងឃ្មុំបានដឹកនាំកម្លាំងចុះត្រួតពិនិត្យ និងតាមដានសភាពការណ៍ ដើម្បីការពារសុវត្ថិភាព និងទប់ស្កាត់ ជូនប្រជាពលរដ្ឋ ក្នុងភូមិសាស្ត្រស្រុកក្រូចឆ្មា ពិសេសឃុំកំពង់ទ្រាស និងឃុំកោះពីរ ដែលកំពុងរងគ្រោះដោយទឹកជំនន់ ។

លោកឧត្តមសេនីយ៍ទោ បែន រ័ត្នឲ្យដឹងថា «ក្នុងស្រុកក្រូចឆ្មារមានប្រជាពលរដ្ឋរស់នៅជាង៣០០០គ្រួសារ ខណៈប្រជាពលរដ្ឋក្នុងឃុំកំពង់ទ្រាសមានជាង២០០០គ្រួសារ ក្នុងនោះជាង៥០០គ្រួសារត្រូវបានអាជ្ញាធរ សមត្ថកិច្ចជួយសង្គ្រោះជម្លៀសមកកាន់ទីទួលសុវត្ថិភាព ដែលមានទំហំដីតែ១ហិកតាប៉ុណ្ណោះ ។ លោកថា នៅពេលនេះតំបន់នេះកំពុងប្រឈមនឹងទឹកជំនន់ជន់លិចថែមទៀត ប្រសិនបើទឹកឡើងតែកម្ពស់២តឹក ឬ២តឹកកន្លះ សម្រាប់ឃុំកំពង់ទ្រាសទាំងមូលគឺគ្មានទីទួលសុវត្ថិភាពជ្រកទៀតទេ» ។

លោកបញ្ជាក់ថា នៅថ្ងៃស្អែកនេះកម្លាំងនគរបាល១៥០នាក់ នឹងបញ្ជូនមកកាន់តំបន់ដែលកំពុងរងគ្រោះ ដោយទឹកជំនន់ ត្រៀមការពារសុវត្ថិភាព និងចាំបម្រើជួយសង្គ្រោះប្រជាជន ពិសេសជួយដឹកជញ្ជូនស្បៀងអង្ករជាង៩០តោន និងសម្ភារផ្សេងៗទៀតប្រមាណ១០០តោន សម្រាប់ជួយឧបត្ថម្ភបងប្អូននៅឃុំកោះពីរចំនួនជាង១០០០គ្រួសារ និងឃុំកំពង់ទ្រាសជាង២០០០គ្រួសារ ដើម្បីចែកជូនបងប្អូននៅថ្ងៃស្អែកក្នុងឃុំទាំងពីរ ដែលចំណុះឲ្យស្រុកក្រូចឆ្មា» ។

សូមជម្រាបថា ពិធីចែកអំណោយមនុស្សធម៌កាកបាទក្រហមកម្ពុជាដល់ប្រជាពលរដ្ឋ ដែលកំពុងរងគ្រោះ ដោយទឹកជំនន់ចំនួន៦០១គ្រួសារ នៅស្រុកត្បូងឃ្មុំ និង២.៦៧១គ្រួសារទៀតនៅស្រុកក្រូចឆ្មា ។

សម្រាប់ស្រុកក្រូចឆ្មា ៖ នឹងប្រព្រឹត្តទៅនៅទួលចំការគរ ភូមិទី៥ ឃុំកំពង់ទ្រាស ចំនួន២.៦៧១គ្រួសារ នាថ្ងៃ សៅរ៍ ទី១១ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោង៩ព្រឹក ក្រោមអធិបតីភាព សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ។

សម្រាប់ស្រុកត្បូងឃ្មុំ ៖ នឹងប្រព្រឹត្តទៅនៅចំណុចឃ្លាំឡុងស្រេង ស្ថិតក្នុងភូមិទន្លេបិទ ឃុំទន្លេបិទ ចំនួន៦០១គ្រួសារ នាថ្ងៃសុក្រទី១០ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោង៨ព្រឹក ក្រោមអធិបតីភាពលោក លី ឡេង អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត ៕

Facebook Comments
Loading...