កីឡាបាលទះកម្ពុជា ចាប់ផ្តើមជ្រើសរើសកីឡាករល្អៗ សំរាប់ជម្រើសជាតិ

0
280

ភ្នំពេញ: បន្ទាប់ពីមកដល់ស្រុកខ្មែរកាលពីថ្ងៃទី១សីហានោះគ្រូបង្វឹកបាល់ទះចិនគឺ លោកJi Junបានចាប់ផ្ដើមជ្រើសរើសកីឡាករល្អៗដើម្បីបញ្ចូលជាក្នុងក្រុមជម្រើសជាតិហើយ ។ ការជ្រើសរើសធ្វើឡើងរយៈពេល២ថ្ងៃគឺថ្ងៃទី៥ និង ទី៦សីហានៅទីលានវិសាខានាក្រុងរណបហ្គ្រេនភ្នំពេញ។

លោកបឹង គឹមតោអគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជាបានបញ្ជាក់ឲ្យដឹងថា តាមការគ្រោងទុកត្រូវមានក្រុមខ្លាំងៗចំនួន៥ចូលរួមតែដោយសារក្រុមចំនួន២គឺក្រុមបញ្ជាការដ្ឋានអង្គរក្ស និងក្រុមកងពលធំអន្តរាគមន៍លេខ៣មានបេសកកម្មមិនអាចចូលរួមបាននោះទើបមានតែ៣ក្រុមចូលរួមគឺក្រុមវិសាខា ចំនួន២ក្រុម និងក្រុមក្រសួងមហាផ្ទៃ។

ការប្រកួតជ្រើសរើសរកកីឡាករសម្រាប់ក្រុមជម្រើសជាតិនេះលោកស សុខាដែលជាអនុប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជាជាអ្នកចំណាយទាំងស្រុង ។លោកគ្រូ Ji Jun ជាអ្នកសម្រេចចិត្តក្នុងការជ្រើសរើសដោយខ្លួន លោក ឯ លោកស សុខាជាអ្នកចំណាយ ។

លោក Ji Jun គឺជាគ្រូបង្វឹកបាល់ទះមកពីមជ្ឈមណ្ឌលគ្រប់គ្រងកីឡាបាល់ទះនៃមន្ទីរកីឡាខេត្តហ្វ៊ូជាំង ។ លោកត្រូវបង្ហាត់នៅស្រុកខ្មែររយៈពេល៥ឆ្នាំ ។លោកស សុខាបានប្រាប់ទៅគ្រូបង្វឹកថាក្នុងរយៈពេល៥ឆ្នាំដែលលោកបង្ហាត់សហព័ន្ធចង់បានត្រឹមតែមេដាយសំរិទ្ធស៊ីហ្គេមក៏អស់ចិត្តដែរ ។

គ្រូបង្វឹករូបនេះបានអះអាងវិញថាលោកនឹងខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ។ លោកនឹងមិនលាក់លៀមអ្វីឡើយគឺអ្វីដែលលោកមានលោកបញ្ចេញទាំងអស់ ។គ្រូបង្វឹករូបនេះសំណូមពរថាបន្ទាប់ពីជ្រើសរើសបានលោកសុំឲ្យពួកគេរស់នៅក្នុងជម្រំជាមួយគ្នាដើម្បីលោកងាយស្រួលក្នុងការគ្រប់គ្រង ។

ករណីនេះលោកស សុខាបានស្ម័គ្រចិត្តធ្វើតាមសំណូមពរហើយលោកធានាចិញ្ចឹមពួកគេ ដោយលោកស្វះស្វែងរកការជួយគាំទ្រពីផ្នែកឯកជន។សូមបញ្ជាក់ថាដើម្បីលើកទឹកចិត្តដល់បណ្ដាក្លិបដែលបញ្ជូនក្រុមកីឡាករមកធ្វើតេស្តដើម្បីរកកីឡាករល្អៗបញ្ជុលក្រុមជម្រើសជាតិនេះលោកស សុខាបានចំណាយលុយផ្ទាល់ខ្លួនចំនួន៣.០១៥ដុល្លារ សម្រាប់ការជ្រើសរើសនេះ ។ លុយនេះក៏ចំណាយផងដែរទៅលើប្រាក់រង្វាន់សម្រាប់ក្រុមដែលចូលរួមគឺក្រុមបានលេខ ១បាន៣.០០០.០០០រៀល លេខ២បាន២.០០០.០០០រៀល និង លេខ៣បាន១.០០០.០០០រៀល ។

Facebook Comments
Loading...