សត្វគោ ក្របី ចំនួន231ក្បាលត្រូវបានចាក់វាក់សាំងការពារជំងឺឆ្លង

1014

ត្បូងឃ្មុំ ៖ ដើម្បីការពារជាមុននូវជំងឺឆ្លងផ្សេងៗក្រុមការងារគ្រូពេទ្យ ការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ បានចុះចាក់វ៉ាក់សាំសត្វគោ ក្របី ជូនប្រជាពលរដ្ឋដែលជម្លៀសមករស់នៅទួលសុវត្ថិភាពក្នុងភូមិទួលវិហារ ឃុំជីរោទិ៍២ ស្រុកត្បូងឃ្មុំខេត្តត្បូងឃ្មុំបានចំនួន ២៣១ក្បាល ក្នុងនោះសត្វគោចំនួន១២៥ក្បាល និងក្របីចំនួន ១០៦ ក្បាល ។ ប្រតិបត្តិការនេះធ្វើឡើងក្រោមអធិបតីភាពឯកឧត្តម ណៅ ធួក រដ្ឋលេខាធិការក្រសួងកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទ ។ឯកឧត្តម ណៅ ធួក មានប្រសាសន៍លើកឡើងថា នេះគឺជាយុទ្ធនាការមួយដើម្បីការពារ និងទប់ជម្ងឺឆ្លងផ្សេងដល់សត្វគោ ក្របី របស់បងប្អូនប្រជាពលរដ្ឋ ពីព្រោះរដូវទឹកឡើង និងទឹកស្រកទៅវិញវាងាយ និងកើតជម្ងឺឆ្លង ។ ជាមួយនឹងការលើកឡើងបែបនេះ ឯកឧត្តមក៏បានអំពាវនាវដល់ប្រជាពលរដ្ឋត្រូវសហការជាមួយមន្ត្រីគ្រប់លំដាប់ថ្នាក់ដោយត្រូវរាយការណ៍ជាបន្ទាន់នៅពេលសត្វពាហនៈកើតមានជម្ងឺដើម្បីក្រុមការងារចុះមកពិនិត្យ និងព្យាបាលជូន ក្នុងនោះក៏ត្រូវរស់នៅប្រុងប្រយ័ត្ន និងមានអនាម័យខ្ពស់ផងដែរ ។លោក រី ដាវិន ប្រធានការិយ៉ាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថាប្រតិបត្តិការចុះចាក់វ៉ាក់សាំងនេះគឺដើម្បីទប់ស្កាត់ការពារជម្ងឺ អ៊ុតក្តាម ក្នុងស្រុកគោលដៅចំនួន3គឺស្រុកក្រូចឆ្មារ ស្រុកត្បូងឃ្មុំ និងស្រុកអូរាំងឪ ដោយស្រុកនិមួយៗមានក្រុមការងារប្រចាំការទទួលខុសត្រូវដាច់ពីគ្នា។ លោកបន្តថា នេះជាផែនការដែលការិយាល័យបានរៀបចំ ព្រោះពេលមានទឹកជំនន់កើតឡើងចាប់ពីពេលទឹកឡើងហើយស្រកទៅវិញគឺមានមេរោគមួយចំនួនលើដី ឬវាលស្មៅដូច្នេះហើយទើបក្រុមការងារចាក់វ៉ាក់សាំងការពារជំងឺសត្វគោ ក្របី ជូនប្រជាពលរដ្ឋជាមុនឲ្យហើយ ។ ក្រៅពីការងារនេះក៏មានការងារសង្គ្រោះបន្ទាន់នៅពេលសត្វពាហនៈពួកគាត់ឈឺដោយក្រុមការងារបានត្រៀមថ្នាំព្យាបាលភ្លាមៗដោយមិនគិតប្រាក់ផងដែរ ។សូមជម្រាបថា គិតមកដល់ថ្ងៃទី៣ ខែសីហា នេះទឹកទន្លេមេគង្គនៅតែបន្តឡើងក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំដោយមានកម្ពស់១៥,១២ ម៉ែត្រ បើប្រៀបថ្ងៃម្សិលមិញខ្ពស់ជាង ០,១០ម៉ែត្រ ខណៈទឹកត្រូវប្រកាសអាសន្នឲ្យមានការប្រុងប្រយ័ត្នកម្ពស់ ១៥,២០ ម៉ែត្រ ៕