អាជ្ញាធរខេត្តត្បូងឃ្មុំ ចាប់ផ្ដើមជំលៀសប្រជាពលរដ្ឋប្រមាណ៦០០គ្រួសារ ពីទឹកជំនន់

1190

នៅវេលារសៀលថ្ងៃទី៣១ខែកក្កដានេះ ប្រភពពត៌មានពីមន្ត្រីគណកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ឱ្យដឹងថា៖អាជ្ញាធរខេត្តត្បូងឃ្មុំ បានចាប់ផ្ដើមជំលៀសប្រជាពលរដ្ឋចំនួនប្រមាណ៦០០គ្រួសារ នៅក្នុងឃុំទន្លេបិទនិងឃុំជីរោទិ៍១ចេញពីភូមិដ្ឋាន ទៅរកទីទួលសុវត្ថិភាពហើយ នៅរសៀលថ្ងៃអង្គារទី៣១ខែកក្កដា។

អ្នកនាំពាក្យគណកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ លោក កែវ វី មានប្រសាសន៍កាលពីវេលាម៉ោង២រសៀលថ្ងៃអង្គារទី៣១ខែកក្កដាថា៖ទឹកជំនន់ដោយសារទឹកភ្លៀងដែលហូរចេញពីទន្លេមេគង្គ មិនត្រឹមតែបង្ខំឱ្យប្រជាពលរដ្ឋប្រមាណ៦០០គ្រួសារ ត្រូវបង្ខំចិត្តជំលៀសចេញពីលំនៅដ្ឋានប៉ុណ្ណោះទេ គឺទឹកជំនន់ថែមទាំងធ្វើឱ្យសត្វពាហនៈជាង២០០-៣០០ក្បាលត្រូវជំលៀសនិងធ្វើឱ្យដំណាំពោតជាង៤០០ហិកតារនិងដំណាំកសិករជាច្រើនហិកតារទៀត នៅខេត្តត្បូងឃ្មុំបានខូចខាត ព្រមទាំងលេចផ្លូវជាច្រើនខ្សែទៀត។

គណកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយឱ្យដឹងទៀតថារហូតមកដល់រសៀលថ្ងៃទី៣១ខែកក្កដាទឹកជំនន់បានលិចស្រុកជាច្រើនរបស់ខេត្តស្ទឹងត្រែងដែលជាខេត្តនៅតាមដងទន្លេមេគង្គផ្នែកខាងលើ ហើយនៅតាមតំបន់ទំនាបខ្លះនៃខេត្តក្រចេះ គឺទឹកបានលិចជាបណ្ដើរៗ។ អាជ្ញាធររដ្ឋាភិបាលបានអំពាវនាវ ឱ្យប្រជាពលរដ្ឋនៅក្រុងក្រចេះនិងតាមបណ្ដាស្រុកខ្លះទៀត ត្រូវប្រុងប្រយ័ត្នគ្រោះទឹកជំនន់នេះ ពីព្រោះកំពស់ទឹក ក្នុងទន្លេមេគង្គបានឡើងកាន់តែខ្ពស់។

គណកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយក៏បានអំពាវនាវ ឱ្យប្រជាពលរដ្ឋនៅខេត្តកំពង់ចាម ត្រូវប្រុងប្រយ័ត្នគ្រោះទឹកជំនន់នេះដែរ។

តាមពត៌មានឱ្យដឹងថាទឹកជំនន់ដែលកំពុងលិចឃុំមួយចំនួនរបស់ខេត្តត្បូងឃ្មុំ គឺហូរសំដៅទៅរកតំបន់ខ្លះនៃខេត្តព្រៃវែង ហើយតំបន់ខ្លះ របស់ខេត្តព្រៃវែង ក៏ទឹកបានទៅដល់ហើយដែរ ដូច្នេះសូមប្រជាពលរដ្ឋដែលរស់នៅខេត្តព្រៃវែង ជាប់ព្រំប្រទល់គ្នាជាមួយនិងខេត្តត្បូងឃ្មុំ មេត្តាប្រុងប្រយ័ត្នគ្រោះទឹកជំនន់ ដែលអាចកើតមានជាយថាហេតុ៕