ម្រេចឆ្នាំនេះឲ្យផលល្អជាងឆ្នាំទៅ តែតម្លៃទីផ្សារ ថោកជាងឆ្នាំទៅជិតពាក់កណ្តាល

845

ត្បូងឃ្មុំ៖ ប្រជាកសិករ ខេត្តត្បូងឃ្មុំ និយមដាំដំណាំម្រេចច្រើនជាងដំណាំផ្សេងៗ ពូជម្រេច៣ប្រភេទ ដែលកសិករជ្រើសយកមកដាំ ដោយសារវាឲ្យផលល្អ ហើយធនអាកាសធាតុ ឆ្នាំនេះការប្រមូលផលរបស់កសិករបានផលល្អជាងឆ្នាំទៅ តែតម្លៃទីផ្សារថោកជាងឆ្នាំទៅមិញជិតពាក់កណ្តាល ។

លោក ឈឹម សាវ័ន ប្រជាកសិកររស់នៅក្នុងស្រុកមេមត់ដែលមានបទពិសោធន៍ក្នុងការដាំដំណាំម្រេចរយៈពេល២០ឆ្នាំមកហើយ បានបញ្ជាក់ឲ្យដឹងថា ជាទូទៅ ប្រជាកសិករក្នុងខេត្តត្បូងឃ្មុំនិយមដាំពូជម្រេច ចំនួន៣ប្រភេទ រួមមាន៖ ពូជម្រេចខ្មែរ ហៅថាម្រេចបាយ ពូជម្រេចជូរលិន និងពូជម្រេចឥណ្ឌា ។

ពូជម្រេចទាំង៣ប្រភេទ ឲ្យផលប្រហាក់ប្រហែលគ្នា វាអាស្រ័យលើការថែទាំរបស់កសិករ បើការថែទាំដិតដល់ម្រេចឲ្យផល អាចពី ៥ ទៅ ៦ តោន ក្នុង១ហិចតា ។ ការដាំដុះក្នុងរយៈពេល១ឆ្នាំ ម្រេច ចាប់ឲ្យផលហើយ វាឲ្យពេញលេញវាមានអាយុ ចាប់ពី ៣ ទៅ ៤ឆ្នាំ ការថែទាំកសិករត្រូវស្រោចទឹករាល់៣ថ្ងៃម្តង គឺស្រោចទឹកឲ្យសើមជោគដី ការប្រើប្រាស់ជីកសិករត្រូវប្រើជី អ៊ីអឹម និង ជីលាមកគោ ជីទាំង២មុខនេះ ជាការគ្រប់គ្រាន់សម្រាប់ដំណាំម្រេច ។ ការទុកស្មៅនៅក្នុងទីចំការ ល្អម៉្យាងដែរ នៅរដូវប្រាំង វាជួយឲ្យដីចំការមានជាតិសើម ពេលយប់វាជួយបឺតទឹកសន្សើមថែមទៀតផង តែវាក៏ត្រូវការជីដែរ តែនៅរដូវវស្សាកសិករត្រូវតែជំរាស់វាចោល នោះចោលទើបល្អ ដើម្បីជៀសវាងម្រេចជាំទឹក បណ្តាល ឲ្យម្រេចងាប់ ។ ម្រេចវាមានអាយុកាលវែងណាស់ គាត់ដាំលើផ្ទៃដី៣ហិចតា រយៈពេល២០ឆ្នាំមកហើយ គាត់នៅតែប្រមូលផលរហូតនឹង កសិករចាប់ប្រមូលផលពីខែ២ រហូតដល់ខែ៦ ទើបបេះផ្លែវាអស់ ឆ្នាំនេះ ម្រេចឲ្យផលល្អ ដោយសារ អាកាសធាតុល្អ មានធ្លាក់ភ្លៀងជាហូរហែ តែតម្លៃទីផ្សារ ក្នុង១គីឡូក្រាម តម្លៃ១៩០០០រៀល ចាញ់ឆ្នាំទៅ តម្លៃរហូតដល់ ៣២០០០រៀល ។

លោក ឈឹម សាវ័ន បានបញ្ជាក់ឲ្យដឹងទៀតថា ភាពប្រឈមរបស់កសិករ តម្លៃចុះថោក ប៉ុណ្ណេះ ផាត់ថ្លៃជី ការថែទាំ កសិករចំណេញដែរតែតិចតួចណាស់ ។ ម្រេចងាប់ មូលហេតុ អាកាសធាតុក្តៅពេក ភ្លៀងខ្លាំងពេកបណ្តាលឲ្យជាំទឹក ការប្រើគីមីជីខុសបច្ចេកទេស ដូចជាការប្រើ ជីកែង ជីកុក និងក្បាលក្របីជាដើម វាឆាប់ឲ្យផលតែវាក៏ឆាប់ងាប់ដែរ យោងតាមបទពិសោធន៍ គ្មានជីអ្វី ល្អជាងការប្រើជី អ៊ីអឹម និង ជីលាមកគោនោះទេ ។

លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្មខេត្តបានបញ្ជាក់ឲ្យដឹងដែថា ខេត្តត្បូងឃ្មុំរបស់យើង ប្រជាកសិករបានដាំដំណាំម្រេច ទាំង៧ ស្រុក/ក្រុង ហើយក្នុងនោះស្រុកមេមត់ បានដាំម្រេចច្រើនជាងគេ គឺរហូតដល់ ចំនួន ២១០០ហិចតា ឯណោះ ៕