លិខិតជនបរទេស៖ ការអំពាវនាវរបស់លោក សម រង្ស៊ី ឲ្យមានសង្រ្គាមស៊ីវិល

0
431

(ភ្នំពេញ)៖ សង្រ្គាមស៊ីវិលត្រូវបានកំណត់និយមន័យតាមវិទ្យាសាស្រ្តនយោបាយថា ជាជម្លោះផ្ទៃក្នុងប្រទេសមួយ ដោយមានការប្រឆាំងជំទាស់គ្នា តាមបែបហិង្សា តាមរយៈការឈ្លានពានប្រដាប់អាវុធ រវាងប្រជាពលរដ្ឋនៅក្នុងប្រទេសតែមួយ។ សង្រ្គាមស៊ីវិលចាប់ផ្តើម នៅពេលដែលប្រជាពលរដ្ឋបដិសេធការសន្ទនា រវាងទស្សនៈនយោបាយផ្ទុយគ្នា និងមានការអំពាវនាវឱ្យមានការប្រឈមមុខដាក់គ្នាតាមបែបហិង្សា។ ក្នុងការបំបែកបំបាក់មតិឯកច័្ឆន្ធរបស់ជាតិ តួនាទីរបស់កងកម្លាំងប្រដាប់អាវុធ ពិតជាមានសារៈសំខាន់ណាស់។ នៅពេលដែលការអំពាវនាវឱ្យមានការចូលរួមប្រកាន់បក្សពួកក្នុងជម្លោះនយោបាយ ដែលឈានដល់ដំណាក់កាលប្រេះឆា ក្នុងចំណោមប្រជាជន នោះមានន័យថា វាជាលក្ខណៈនៃសង្រ្គាមស៊ីវិលហើយ។

នេះជាស្ថានភាពជាក់ស្តែង ដែលប្រទេសកម្ពុជាកំពុងជួបប្រទះ ចាប់តាំងពីលោក សម រង្ស៊ី អតីតមេដឹកនាំគណបក្សសង្រ្គោះជាតិ បានអំពាវនាវឱ្យកងកម្លាំងប្រដាប់អាវុធ បះបោរប្រឆាំងនឹងស្ថាប័នស្របច្បាប់របស់ប្រទេស។ វាមិនមែនជាសំណួរ ដែលចោទប្រកាន់ដោយគ្មានហេតុផល នៅក្នុងបរិបទនៃភាពចម្រូងចម្រាស់ផ្នែកនយោបាយនោះទេ។ វាជាសំណួរនៃការរំឭកឡើងវិញខ្សែសង្វាក់ហេតុការណ៍ ដែលមិនអាចប្រកែកបាន ហើយដែលបាននាំឱ្យប្រទេសកាន់តែខិតទៅជិតស្ថានការណ៍មួរហ្មងទាំងនេះ។

ឥឡូវនេះ សូមរំឭកពីហេតុការណ៍ដែលមិនអាចប្រកែកបានទាំងអស់នេះ។ បន្ទាប់ពីការបង្កជាហិង្សាក្រោយការបោះឆ្នោត ដែលញុះញង់ដោយលោក សម រង្ស៊ី និងគណបក្សរបស់គាត់ នៅចុងឆ្នាំ២០១៣ ដើមឆ្នាំ២០១៤ នាយករដ្ឋមន្រ្តី ហ៊ុន សែន បានស្នើឱ្យលោក សម រង្ស៊ី បញ្ឈប់អំពើហិង្សា និងងាកមកអនុវត្ត «វប្បធម៌សន្ទនា» វិញ។ លោក សម រង្ស៊ី ក្នុងឋានៈជាមេដឹកនាំបក្សប្រឆាំង បានយល់ព្រម និងបានក្លាយជាដៃគូសន្ទនាដោយផ្ទាល់ជាមួយនាយករដ្ឋមន្រ្តី។ ទោះបីជាមានការកើនឡើងនៃការប្រឆាំងទៅនឹង «វប្បធម៌សន្ទនា» នៅក្នុងគណបក្សសង្គ្រោះជាតិ ជាពិសេសពីលោក កឹម សុខា ក្តី អស់រយៈពេលជាងមួយឆ្នាំនេះបរិយាកាសនយោបាយថ្មីមួយបានលេចឡើង នៅក្នុងព្រះរាជាណាចក្រនេះ ហើយកំណែទម្រង់សំខាន់ៗក៏ត្រូវបានធ្វើឡើង។

ទំនាក់ទំនងដោយមានការទុកចិត្តគ្នា ត្រូវបានបង្កើតឡើងរវាងលោក សម រង្ស៊ី និងនាយករដ្ឋមន្រ្តី ហ៊ុន សែន។ ថ្ងៃមួយ តាមការអញ្ជើញរបស់នាយករដ្ឋមន្រ្តី ហ៊ុន សែន គ្រួសារទាំងពីរ បានចំណាយពេលមួយល្ងាចជាមួយគ្នាដ៏រីករាយ នៅសណ្ឋាគារដ៏ល្បីមួយនៅរាជធានីភ្នំពេញ។ វាជាព្រឹត្តិការណ៍មួយ ដែលគេចងចាំថាជា «ការជប់លៀងជាមួយនឹង ការថតរូបសែលហ្វីរួមគ្នា» “Selfies Party”។ ពីរបីថ្ងៃក្រោយមក នៅក្នុងបទសម្ភាសន៍ជាមួយកាសែតបរទេសដ៏សំខាន់មួយ លោក សម រង្ស៊ី បានវាយប្រហារដោយ ពាក្យពេជន៍ហិង្សា ទៅលើនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលបានជឿជាក់លើលោក ដូច្នេះហើយវាជាការបញ្ចប់ «វប្បធម៌សន្ទនា» តែម្តង។ ចាប់តាំងពីការបែកបាក់នយោបាយ ដ៏សំខាន់នេះមក ពុំដែលមានការលើកឡើង ឬសរសេរដោយកាសែតលោកខាងលិច អ្នកវិភាគ អង្គការសិទ្ធិមនុស្ស និងស្ថាប័ននានា ដែលតែងតែធ្វើអត្ថាធិប្បាយអំពីនយោបាយកម្ពុជានោះឡើយ។

នៅពេលដែលមេដឹកនាំកម្ពុជា ត្រូវបានប្រមាថ និងបរិហារកេរ្តិ៍វិញ អំពើទាំងនេះត្រូវបានអនុញ្ញាត ដោយមានការការពាររបស់លោកខាងលិច និងមហាអំណាចលោកខាងលិច។ តាមរបៀបដូចគ្នា បណ្តាញផ្សព្វផ្សាយរបស់លោកខាងលិច បានពិពណ៌នាជាប្រព័ន្ធថា «ត្រូវបានមើលឃើញយ៉ាងទូលំទូលាយថាមាន ពាក់ព័ន្ធនឹងនយោបាយ» នៅរាល់ពេលមានការវិនិច្ឆ័យថ្កោលទោសលោក សម រង្ស៊ី។ ប៉ុន្តែត្រូវចងចាំថា ការវិនិច្ឆ័យរបស់តុលាការកម្ពុជា មានលក្ខណៈដូចគ្នាទៅនឹងការប្រកាសបីដងរបស់តុលាការបារាំង ដែល
បានទទួលស្គាល់ការនិយាយបង្ខូចរបស់គាត់ទៅលើរដ្ឋាភិបាលផងដែរ។ គឺការវិនិច្ឆ័យដ៏ច្បាស់លាស់ទាំងនេះហើយ ដែលធ្វើឲ្យ លោក សម រង្ស៊ី បានធ្វើនិរទេសដោយខ្លួនឯង ហើយប្រាប់គេឯងថា គាត់ថាជា «ជនរងគ្រោះ»។ អ្នកអភិរក្សអាមេរិកជាមួយនឹងមូលនិធិបេតិកភ័ណ្ឌ បានសម្រេចចិត្តផ្តល់ការគាំទ្រយ៉ាងពេញទំហឹងដល់គណបក្សសង្រ្គោះជាតិ ដែលតំណាងឱ្យរូបមន្តជាជម្រើសមួយ ចំពោះការអំពាវនាវឲ្យមានការផ្លាស់ប្តូររបបមួយ ដែលគេ (មូលនិធិបេតិកភ័ណ្ឌ) បានកំពុងធ្វើ។

ចាប់តាំងពីសហរដ្ឋអាមេរិកទទួលបរាជ័យក្នុងការដកគណបក្សប្រជាជនកម្ពុជា ចេញពីឆាកនយោបាយ ក្នុងឆ្នាំ១៩៩៣ មក ដៃគូរបស់ពួកគេនៅអឺរ៉ុប រួមជាមួយមូលនិធិ Friedrich Neumann Stiftung បានបន្តជំរុញរបៀបវារៈនេះ។ ម្តងរួចមកហើយ អំឡុងពេលប៉ុន្មានឆ្នាំនៃអព្យាក្រឹត្យភាពរបស់ សម្តេច សីហនុ, លោក សម សារី ឪពុករបស់ សម រង្ស៊ី ដែលមានការគាំទ្រពីសហរដ្ឋអាមេរិក បានប្រកាសខ្លួនគាត់ជាអ្នកគាំទ្រការប្រមូលផ្តុំនៅក្នុងប្រទេស និងបានរៀបចំផែនការប្រឆាំង នឹងស្ថាប័នស្របច្បាប់របស់ប្រទេស រហូតដល់មានការប៉ុនប៉ងធ្វើឃាតប្រមុខរដ្ឋ។

មិនថាវាជាការឡកឡឺយផ្នែកប្រវត្តិសាស្រ្ត ឬជារឿងតំណពូជ កូនប្រុសរបស់គាត់ លោក សម រង្ស៊ី បានជ្រើសរើសផ្លូវនៃការបះបោរដោយហិង្សាដូចគ្នា ជាមួយនឹងការគាំទ្រដូចគ្នាផងដែរ។ គម្រោងនៃការផ្លាស់ប្តូររបប ដោយវិធីសាស្រ្តមិនមានលក្ខណៈប្រជាធិបតេយ្យ បានក្លាយជាភស្តុតាង នៅពេលលោក កឹម សុខា ដែលជាអ្នកស្នងតំណែងជាអ្នកដឹកនាំគណបក្សសង្រ្គោះជាតិ ជំនួសលោក សម រង្ស៊ី បានធ្វើខុសដោយអួតខ្លួនជាសាធារណៈអំពីការគាំទ្រផ្នែកហិរញ្ញវត្ថុ និងបញ្ញាស្មារតីរបស់សហរដ្ឋអាមេរិក ដើម្បីផ្តួលរំលំរដ្ឋាភិបាលកម្ពុជា។

គាត់បាននិយាយថា «សហរដ្ឋអាមេរិកបានជួយខ្ញុំឱ្យអនុវត្តតាមម៉ូដែលនៃប្រទេសយូហ្គោស្លាវី និងប្រទេសស៊ែប៊ី»។ ភស្តុតាងដែលប្រមូលបាន បាននាំដល់ការចាប់ខ្លួន និងការរំលាយគណបក្សសង្គ្រោះជាតិ ដែលជាឧបករណ៍នយោបាយវិទ្ធង្សនារបស់អាមេរិក។ ដោយការបរាជ័យរបស់គាត់ក្នុងការផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់ លោក សម រង្ស៊ី ក៏ដូចឳពុករបស់ខ្លួនដែរ បានចាប់ផ្តើមកៀងគរទាំងគ្មានសង្ឃឹមតាមបែប ឧទ្ទាមបះបោរ និងការបំផ្លិចបំផ្លាញ ជាចំហ។ គាត់កំពុងធ្វើយុទ្ធនាការជាមួយរដ្ឋាភិបាលលោកខាងលិច ដើម្បីបិទទ្វារទីផ្សាររបស់ពួកគេចំពោះផលិតផលកម្ពុជា ដែលធ្វើឱ្យមានហានិភ័យនៃការបំផ្លាញកម្លាំងឧស្សាហកម្មរបស់កម្ពុជា និងធ្វើឱ្យកម្មករ ១លាននាក់ និងក្រុមគ្រួសាររបស់ពួកគេ បាត់បង់ការងារធ្វើ និងរងទុក្ខវេទនា។

មិនតែប៉ុណ្ណោះ គាត់ថែមទាំងបានជំរុញឱ្យកងកម្លាំងប្រដាប់អាវុធកម្ពុជា ក្រោកឡើងប្រឆាំងនឹងរដ្ឋាភិបាល បន្ថែមពីការអំពាវនាវឲ្យមានការស្អប់ខ្ពើមជាតិសាសន៍ និងជាតិនិយមជ្រុល ដែលស្រដៀងទៅនឹងគោលនយោបាយរបស់ ប៉ុលពត។ វាគឺជាការអំពាវនាវពិតប្រាកដមួយឱ្យមានសង្រ្គាមស៊ីវិល។ គាត់គឺជាការគំរាមកំហែងដល់សន្តិភាពរបស់ប្រទេស និងជាមួយប្រទេសជិតខាង។

ប្រជាជនកម្ពុជា មិនដែលភ្លេចថា សង្រ្គាមស៊ីវិលត្រូវបានបង្កឡើងដោយមនុស្សដូចលោក សម រង្ស៊ី នៅឆ្នាំ១៩៧០ នោះទេ ហើយដូចគ្នាដែរជាមួយនឹងការគាំទ្ររបស់ សហរដ្ឋអាមេរិក។ ពួកគេចងចាំថា សង្រ្គាមបាននាំទៅដល់សោកនាដកម្មដ៏អាក្រក់បំផុតនៅសតវត្សទី២០។ ហើយគ្រប់គ្នាដឹងថា សង្រ្គាមស៊ីវិលមិនគ្រាន់តែជាសង្រ្គាមនោះទេ។ វាមិនត្រឹមតែប្រឆាំងនឹងកងទ័ពប៉ុណ្ណោះទេ ប៉ុន្តែជនស៊ីវិលក៏ត្រូវបានបែកបាក់ដោយការបែងចែកផងដែរ។ មិនមានអ្វីអាក្រក់ជាងភាពភ័យរន្ធត់នៃសង្រ្គាមស៊ីវិល ដែលបែងចែកគ្រួសារ មិត្តភក្តិ និងនិស្សិតនោះទេ។ មិនមានដែនកំណត់ចំពោះការស្អប់ និងអំពើហិង្សាក្នុងសង្រ្គាមស៊ីវិលទេ ហើយ ការរងទុក្ខវេទនា ក៏មិនមានដែនកំណត់ដែរ។

សង្រ្គាមស៊ីវិល ជាអំពើហិង្សាប្រដាប់អាវុធនៅក្នុងបេះដូងសង្គម។ សង្គ្រាមស៊ីវិលនេះជាអ្វីដែលលោក សម រង្ស៊ី កំពុងតែតស៊ូមតិ តាមរយៈការធ្វើឱ្យខ្មែរប្រឆាំងគ្នាទៅវិញទៅមក ដោយញុះញង់ឱ្យស្អប់ខ្ពើមគ្នា។ តាមរយៈវិធីសាស្រ្តដែលគាត់ប្រើ លោក សម រង្ស៊ី មិនមែនជាអ្នកប្រជាធិបតេយ្យដូចដែលគាត់បានអះអាងនោះឡើយ។ ប្រជានិយម ការរើសអើងជាតិសាសន៍ និងជាតិនិយមជ្រុល បានគំរាមកំហែងដល់ប្រជាធិបតេយ្យដ៏ក្មេងខ្ចីរបស់កម្ពុជា និងសន្តិភាព នៅក្នុងតំបន់។
ប្រទេសប្រជាធិបតេយ្យ ត្រូវការពារខ្លួនឯងពីអ្វីដែលគំរាមកំហែងដល់ខ្លួន។ វាជាកាតព្វកិច្ចចាំបាច់របស់រដ្ឋាភិបាលកម្ពុជាក្នុងការការពារកុំឱ្យប្រវត្តិសាស្រ្តជាន់ដានចាស់ឡើងវិញ។ នាយករដ្ឋមន្រ្តី ហ៊ុន សែន បានធ្វើការងារនេះ ទោះប្រឈមនឹងការរិះគន់ពីសំណាក់អ្នកដែលគេហៅថា ជាអ្នកការពារ លទ្ធិប្រជាធិបតេយ្យលើឆាកអន្តរជាតិ និងអ្នកគាំទ្រលោកខាងលិចទៅនឹងទណ្ឌកម្មប្រឆាំងនឹងកម្ពុជា។ ប៉ុន្តែការរក្សាសន្តិភាព និងស្ថិរភាព ជួនកាល តម្រូវឱ្យមានការប្រឈមខ្ពស់។

ប្រទេសកម្ពុជាមានសន្តិភាពអស់រយៈពេលជិត ២០ឆ្នាំមកហើយ។ កិច្ចព្រមព្រៀងសន្តិភាពទីក្រុង ប៉ារីសឆ្នាំ១៩៩១ និងអង្គការសហប្រជាជាតិបានបរាជ័យក្នុងការ នាំឱ្យមានសន្តិភាព។ «គោលនយោបាយ ឈ្នះឈ្នះ» របស់នាយករដ្ឋមន្រ្តី ហ៊ុន សែន ទៅវិញទេ ដែលបាននាំមកនូវសន្តិភាពនៅចុងឆ្នាំ១៩៩៨។ ដោយសារសកម្មភាពរបស់រដ្ឋាភិបាល ក្នុងរយៈពេលតិចជាង ២០ ឆ្នាំនេះ ព្រះរាជាណាចក្រកម្ពុជាទទួលបានអត្រាអភិវឌ្ឍន៍គួរឱ្យកត់សម្គាល់ និងការងើបឡើងវិញយ៉ាងពិតប្រាកដ។

សិទ្ធិមនុស្សជាមូលដ្ឋាន ដូចជាសិទ្ធិសុខភាព អប់រំ លំនៅដ្ឋាន និងការងារ ដូចដែលបានចែងក្នុង សេចក្តីប្រកាសជាសកលស្តីអំពីសិទ្ធិមនុស្ស (មាត្រា២២ ដល់២៦) គឺជាវិស័យអាទិភាពសម្រាប់អ្នកដែលមានភារកិច្ចក្នុងការស្ថាបនាឡើងវិញនូវប្រជាជាតិ ដែលរងការបំផ្លិចបំផ្លាញការបាត់បង់ធនធានមនុស្ស និងការឆ្លងកាត់ការដាក់ទណ្ឌកម្មរបស់លោកខាងលិច អស់រយៈពេលជាង១២ឆ្នាំ។

តើសន្តិភាពរបស់កម្ពុជាឥឡូវនេះ គួរតែត្រូវបានគំរាមកំហែងដូច្នេះ តាមរយៈការអនុញ្ញាតឱ្យ ក្រុមអ្នកប្រឆាំងដែលមានគំនិតប្រជានិយម ប្រកាន់ជាតិសាសន៍ ហិង្សា និងមានចរិតចូលចិត្តបង្កជម្លោះអនុវត្តគម្រោងបំបះបំបោររបស់ខ្លួនឬ? ⁣ទោះជាគណបក្សដ៏គ្រោះថ្នាក់នេះទទួលបានការគាំទ្រពីលោកខាងលិចក៏ដោយក្តី? ប្រជាជនកម្ពុជា ធ្លាប់មានបទពិសោធន៍ផ្ទាល់ហើយនូវចំណាប់អារម្មណ៍តិចតួច ដែលលោកខាងលិចមាន នៅពេលដែលការរស់រានមានជីវិតរបស់ប្រទេសកម្ពុជា មានភាពមិនទៀងទាត់។ ដូច្នេះហេតុអ្វីបានជាយើងត្រូវទុកចិត្តប្រទេសលោកខាងលិច នៅពេលដែលពួកគេគាំទ្រអ្នកដែលសាបព្រោះគ្រាប់ពូជនៃសង្រ្គាមស៊ីវិល?

ប្រជាជនកម្ពុជា បានរៀនរួចហើយពីមេរៀននៃការលាក់ពុតរបស់លោកខាងលិច។ យើងស្នើសុំនូវ «តម្លៃ និងគោលការណ៍» នៅពេលនិយាយដល់ប្រទេសកម្ពុជា តែយើងបានភ្លេចនូវអ្វីអស់ទាំងនោះ នៅពេលដែលវាជាប្រទេសសម្បូរធនធាន ដែលប្រទេសលោកខាងលិចត្រូវការ។

ដោយ៖ បណ្ឌិត រ៉ាអ៊ូល ម៉ាក់ជឺណា

Facebook Comments
Loading...