ទោះអាមេរិក និងជប៉ុន មិនចូលរួមសង្កេតការណ៍បោះឆ្នោត ក៏អត់បញ្ហាដែរ

538

ភ្នំពេញ ៖ – លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានថ្លែង នាព្រឹកថ្ងៃទី២៦ កក្កដានេះថា ស្ថានទូតដែលប្រចាំនៅកម្ពុជាស្ទើរតែទាំងអស់ បានដាក់អ្នកសង្កេតការណ៍ឃ្លាំមើលការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ ក្នុងនោះមានដូចជា ស្ថានទូតមីយ៉ាន់ម៉ា ចិន សិង្ហបុរី ទីម័រខាងកើត ហ្វីលីពីន ប្រ៊ុយណេ ថៃ នីហ្សេនីយ៉ា រ៉ូម៉ានី និងស្ថានទូតផ្សេងៗមួយចំនួនទៀត ។

ចំពោះការប្រកាសរបស់ប្រទេសជប៉ុន និងអាមេរិក ដែលមិនដាក់អ្នកសង្កេតការណ៍បោះឆ្នោត ត្រូវបានលោក ហង្ស ពុទ្ធា អះអាងថា៖ «នេះគឺជាភាសាប្រយោលទេ ប៉ុន្តែបច្ចុប្បន្នការិយាល័យរបស់ជប៉ុន ស្ថិតនៅជាមួយ គ.ជ.ប និងធ្វើការជាមួយ គ.ជ.ប យ៉ាងជិតស្និទ្ធ ។ ទាក់ទងនឹងការលើកឡើងរបស់ស្ថានទូតសហរដ្ឋអាមេរិកនោះ គឺជាសិទ្ធិនៃការសម្រេចចិត្តរបស់គេ ហើយខាងណាចង់ចូលរួមក៏ចូល បើមិនចូលរួមទេ ក៏មិនប៉ះពាល់ដល់ភាពត្រឹមត្រូវ និងដំណើរការនៃការបោះឆ្នោតដែរ» ។

លោកបន្តថា រហូតមកដល់ពេលនេះ អ្នកសង្កេតការណ៍ជាតិសម្រាប់ឃ្លាំមើលការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ នេះមានចំនួន ៧៩៦២១នាក់ (ស្រីចំនួន ៤៣៩២៩នាក់) មកពីស្ថាប័ន អង្គភាពចំនួន១១២ ។ ហើយអ្នកសង្កេតកការណ៍អន្តរជាតិមានចំនួន២១៣នាក់ (ស្រីចំនួន៥៩នាក់) មកពីស្ថាប័ន និងប្រទេសចំនួន ៣២ ហើយការទទួលអ្នកសង្កេតការណ៍អន្តរជាតិរហូតមកដល់ពេលនេះ នៅមិនទាន់ចប់នៅឡើយទេ គឺ គ.ជ.ប កំពុងតែពិនិត្យនៅសល់ ១០ស្ថាប័នទៀត និងមានគ្នាចំនួន៩៣នាក់ (ស្រីចំនួន២១នាក់) ។