ក្រុមកីឡាករចម្រុះលីគជប៉ុន នឹងមកប្រកួតជាមួយក្លឹបបឹងកេត និងក្រុមបាទី U19

366

ភ្នំពេញ៖ ក្រុមកីឡាករចម្រុះក្របខណ្ឌលីគជប៉ុន(JAPAN FOOTBALL LEAGUE) នឹងចូលរួម ប្រកួតជាមិត្តភាពចំនួន២ប្រកួតជាមួយក្រុមម្ចាស់ផ្ទះកម្ពុជាពោល គឺត្រូវជួបក្រុមយុវជនសាលាបាល់ទាត់ជាតិ U19បាទី និងជួបជាមួយក្រុមកំពូលតារាងបឹងកេត នាដើមខែសីហាខាងមុខ

លោក ឆាំង ពិសិដ្ឋ លេខាធិការប្រតិបត្តិរបស់គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា(CNCC) បានបញ្ជាក់ថា ដោយសារបឹងកេត ត្រូវប្រកួតមិត្តភាពជាមួយក្រុមជម្រើសជាតិលីគជប៉ុន នាថ្ងៃទី០៥ ខែសីហា ជាន់គ្នានឹងកម្មវិធីប្រកួតលីគកំពូលកម្ពុជា រវាងបឹងកេត និងក្រុមម្ចាស់ផ្ទះក្រសួងការពារជាតិ ដូច្នេះទើប CNCC សម្រេចលើកការប្រកួតក្រុមទាំងពីរ មកធ្វើនៅថ្ងៃទី២៧ ខែកក្កដានេះវិញ តែមុនជួបបឹងកេតរយៈពេល ២ថ្ងៃ ក្រុមជម្រើសលីគជប៉ុន នឹងធ្វើការប្រកួតមិត្តភាពជាមួយក្រុម U19បាទីមុន នៅថ្ងៃទី០៣ ខែសីហាខាងមុខ

លោកឆាំង ពិសិដ្ឋបានចាត់ទុកការប្រកួតខាងលើ គឺជាឱកាសដ៏ល្អ ដើម្បីចែករំលែក និងផ្លាស់ប្ដូរបទពិសោធន៍ ពិសេសគឺការរឹតចំណងមិត្តភាព សាមគ្គីភាពរវាងប្រទេសកម្ពុជាជប៉ុន លោកមានជំនឿចិត្ត ថា នឹងមានអ្នកគាំទ្រច្រើន ចូលរួមទស្សនាការប្រកួតមិត្តភាពអន្ដរជាតិទាំងពីរ