លិខិតមិត្តអ្នកអាន៖ បោះឆ្នោតខែកក្កដា ឆ្នាំ ២០១៨៖ ពលរដ្ឋជាង ៧០% ត្រូវបានរំពឹងថានឹងអញ្ជើញទៅបោះឆ្នោតបំពេញកាតព្វកិច្ចជាប្រជាពលរដ្ឋខ្មែរ

0
376

(ភ្នំពេញ)៖ នៅសល់តែ៤ថ្ងៃទៀតប៉ុណ្ណោះ កម្ពុជានឹងរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ២០១៨ ដោយមានការចូលរួមប្រកួតប្រជែងពីគណបក្សនយោបាយចំនួន២០ ដើម្បីដណ្តើមយកអាសនៈ នៅក្នុងរដ្ឋសភាចំនួន១២៥។

យោងតាមទិន្នន័យរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ពលរដ្ឋខ្មែរចំនួន ៨ ៣៨០ ២១៧នាក់បានចុះឈ្មោះបោះឆ្នោត និងមានឈ្មោះក្នុងបញ្ជីបោះឆ្នោត សម្រាប់ខែកក្កដា ឆ្នាំ២០១៨នេះ។ ក្នុងចំណោមពលរដ្ឋដែលមានឈ្មោះ ក្នុងបញ្ជីឈ្មោះបោះឆ្នោតនេះ តើនឹងមានពលរដ្ឋខ្មែរប៉ុន្មានភាគរយ ត្រូវបានរំពឹងថានឹងអញ្ជើញទៅបោះឆ្នោត ថ្ងៃទី២៩ ខែកក្កដា ខាងមុខ ខណៈនៅពេលនេះមានចរន្តនៃក្រុមអ្នកនយោបាយរត់ចោលស្រុកដឹកនាំដោយទណ្ឌិត សម រង្ស៊ី និងក្រុម កឹម សុខា នៃខ្មោចបក្សសង្គ្រោះជាតិ ដោយមានការជួយជ្រោមជ្រែងពីពួកបរទេសដែលជាចៅហ្វាយនាយរបស់ខ្លួន បាននិងកំពុងធ្វើយុទ្ធនាការរារាំងប្រជាពលរដ្ឋមិនឱ្យ ទៅបោះឆ្នោតដើម្បីបម្រើផលប្រយោជន៍ នយោបាយខ្លួន និងសងសឹកផ្នែកនយោបាយដោយសារតែខ្លួនអស់បក្ស និងអស់សិទ្ធិធ្វើនយោបាយព្រោះខ្លួនបានឃុបឃិតជាមួយបរទេសបំផ្លាញ និងក្បត់ប្រជាជាតិកម្ពុជា។

ចៅចាក់ស្មុក សូមធ្វើការវិភាគលើលទ្ធភាពរំពឹងទុកនៃការចូលរួមបោះឆ្នោតរបស់ប្រជាពលរដ្ឋខ្មែរ ដូចខាងក្រោម ដោយឈរនៅលើមូលដ្ឋានទិន្នន័យរបស់ គ.ជ.ប និងការបោះឆ្នោតនាពេលកន្លងមក៖

ទី១៖ ការបោះឆ្នោតពេលមានអតីតបក្សប្រឆាំង៖ នៅក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៥ នាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣ ក្នុងចំណោមពលរដ្ឋខ្មែរ មានឈ្មោះក្នុងបញ្ជីបោះឆ្នោតចំនួន ៩ ៨៧៥ ៤៥៣ នាក់ អ្នកដែលបានទៅបោះឆ្នោតមានចំនួន ៦ ៧៣៥ ២៤៤ នាក់ស្មើនឹង ៦៩,៧១%។ សំឡេងឆ្នោត ដែលគណបក្សប្រជាជនកម្ពុជាទទួលបាន ៣ ២៣៥ ៩៦៩ សំឡេង (៤៨,៨៣%) រីឯគណបក្សសង្គ្រោះជាតិទទួលបាន ២ ៩៤៦ ១៧៦ សំឡេង (៤៤,៤៦%)។ ចំណែកការបោះឆ្នោតជ្រើសតាំងក្រុមប្រឹក្សាឃុំសង្កាត់កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ ២០១៧ នៅក្នុងចំណោមពលរដ្ឋ ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតមានចំនួន ៧ ៨៥៦ ០៣៣ នាក់ ចំនួនអ្នកដែលបានទៅបោះឆ្នោតមាន ៧ ១០៧ ៣៩៥ នាក់ ស្មើនឹង ៩០,៣៧%។ សំឡេងឆ្នោតដែលគណបក្សប្រជាជនកម្ពុជា ទទួលបាន ៣ ៥៤០ ០៥៦ សំឡេង (៥០,៧៦%) រីឯគណបក្សសង្គ្រោះជាតិទទួល បានសំឡេង ៣ ០៥៦ ៨២៤ (៤៣,៨៣%)។

ចំណែកសំឡេងដែលនៅសេសសល់ជាង៥សែនសំឡេង (ជាង ៦%) គឺជារបស់គណបក្សផ្សេងៗទៀត។ យោងតាមតួលេខរបស់ គ.ជ.ប ការបោះឆ្នោតសកលទាំង ៨ លើក ដែលកម្ពុជាបានរៀបចំ គឺនៅក្នុងមួយលើកៗ ប្រជាពលរដ្ឋបានចេញទៅបោះឆ្នោតពីជាង ៦៧% រហូតដល់ជាង ៩៣%នៃអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោត។ នៅក្នុងការបោះឆ្នោតឆ្នាំ ២០១៨ នេះ ក៏មានការរំពឹងទុកថា ប្រជាពលរដ្ឋខ្មែរនឹងអញ្ជើញទៅបោះឆ្នោតមានចំនួនច្រើនដូចសព្វមួយដងដែរ។

ទី២៖ ពលរដ្ឋខ្មែរមានឈ្មោះក្នុងបញ្ជីបោះឆ្នោតជាង ៧០%នឹងអញ្ជើញទៅបោះឆ្នោត ពេលដែលគ្មានគណបក្សសង្គ្រោះជាតិ៖ យោងតាមទិន្នន័យនៃការបោះឆ្នោត ក្រុមប្រឹក្សាឃុំសង្កាត់ខែមិថុនា ឆ្នាំ ២០១៧ ដោយដកអាត្រានៃអ្នកបោះឆ្នោតជូនគណបក្សសង្គ្រោះជាតិចេញ ចំនួនអ្នកដែលបានអញ្ជើញទៅបោះឆ្នោត ឱ្យគណបក្សប្រជាជនកម្ពុជារួមនឹងគណបក្សផ្សេងទៀតមានចំនួនជាង ៥៦%។ ចំនួននេះនឹងមានការកើនឡើងបន្ថែមទៀត ខណៈអ្នកបោះឆ្នោតថ្មីនៅឆ្នាំ២០១៨ នេះមានការកើនឡើងប្រមាណជាង ៥ សែននាក់។ នៅក្នុងការបោះឆ្នោត ក្រុមប្រឹក្សាឃុំសង្កាត់ នាពេលកន្លងទៅ គឺមានគណបក្សនយោបាយត្រឹម ៨ ប៉ុណ្ណោះដែលបានចូលរួមប្រកួតប្រជែង និងមានអ្នកមិនទៅបោះឆ្នោតជាង ៧ សែននាក់។

សម្រាប់ការបោះឆ្នោតសកលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ ២០១៨ នេះ គណបក្សនយោបាយ ២០ ចូលរួម ដែលគណបក្សនយោបាយនីមួយៗមានកំណើននៃអ្នកគាំទ្ររបស់ខ្លួនរួម ជាមួយកំណើននៃអ្នកបោះឆ្នោតថ្មី និងគណបក្សខ្លះបានរលាយខ្លួន ហើយសមាជិកសមាជិកាចាស់ទៅបង្កើតជា គណបក្សថ្មី និងមានសមាជិកចាកចេញពីបក្សដែលស្លាប់ទៅចូលរួមជីវភាពនយោបាយជាមួយគណបក្សថ្មី ឬមក ជាមួយគណបក្សប្រជាជនកម្ពុជាព្រោះសកម្មជន និងអ្នកគាំទ្រមួយចំនួនធំ មិនបន្តដេកឱបខ្មោចបក្សទៀតនោះឡើយ។ គណបក្សចំនួន ៤ ដែលជាគណបក្សបែកចេញពីខ្មោចគណបក្សសង្គ្រោះជាតិ និងបានស្រូបយកអ្នកគាំទ្រមកជាមួយដែរនោះ គឺគណបក្សប្រជាធិបតេយ្យមូលដ្ឋានរបស់លោក យ៉ង សាំងកុមារ និងលោកយ៉េង វិរៈ គណបក្សឆន្ទៈខ្មែររបស់លោក គង់ មុនីកា គណបក្សខ្មែរតែមួយរបស់ប្អូនសពលោក កែម ឡី និងគណបក្សខ្មែរក្រោក។
យោងតាមការវាយតម្លៃបឋមឈរលើការចូលរួមគាំទ្រនៅក្នុងយុទ្ធនាការបោះឆ្នោត អ្នកគាំទ្របក្សទាំងនេះ អាចស្រូបយកកម្លាំងពីខ្មោចបក្សប្រឆាំងបានយ៉ាងតិចបំផុតប្រមាណ ២០% នៃចំនួនសំឡេងសរុប ៣ លានសំឡេងរបស់បក្សនេះ ដែលទទួលបានក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់។ ប៉ុន្តែ គេក៏មិនត្រូវភ្លេចថា គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យរបស់លោក ខឹម វាសនា ក៏បានកើនឡើងនូវចំនួនអ្នកគាំទ្រគួរកត់សម្គាល់ផងដែរ ក្រោយពីគណបក្សសង្គ្រោះជាតិត្រូវបានរំលាយ។ បងប្អូនដែលធ្លាប់គាំទ្រខ្មោចបក្សសង្គ្រោះ ជាតិមួយចំនួន ដែលជាអតីតអ្នកគាំទ្រគណបក្សហ៊្វុនស៊ិនប៉ិចរបស់សម្តេចក្រុមព្រះ និងគណបក្សខ្មែររួបរួម ជាតិរបស់លោកញឹក ប៊ុនឆៃ ក៏រំពឹងថានឹងងាកមកចូលរួមនិងគាំទ្របក្សទាំងពីរនេះវិញផងដែរ។ លោក ញឹក ប៊ុនឆៃ មានជំនឿចិត្តថានឹងអាចទាញយកបានសំឡេងប្រមាណ ១៥%ពីសំឡេងខ្មោចគណបក្សសង្គ្រោះជាតិ ហើយគណបក្សហ៊្វុនស៊ិនប៉ិចក៏រំពឹងដូចគ្នានេះដែរ។

ម្យ៉ាងទៀត បើពិនិត្យលើចំនួនសមាជិក របស់បក្សប្រជាជនកម្ពុជា គណបក្សនេះមានសមាជិកចំនួនជិត៦លាននាក់ ហើយយើងយល់ថា សមាជិកគណបក្សប្រជាជនមិនតិចជាង ៦ លាននោះទេ ដែលពិតជានឹងចេញទៅបោះឆ្នោត ដោយហេតុផលសត្យានុម័តផង និងក៏ជៀសវាង «ការជាន់ដានចោរ» ផងដែរនោះ ចំនួននេះប្រហាក់ប្រហែល៦០% នៃអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតសរុប។ គេមិនអាចសន្និដ្ឋានថា ប្រជាពលរដ្ឋដែលបានបោះឆ្នោតឱ្យគណបក្សសង្គ្រោះជាតិកាលពីឆ្នាំ ២០១៧ សុទ្ធតែមិនអញ្ជើញទៅបោះឆ្នោតតាមការញុះញង់របស់ សម រង្ស៊ី និងគូកនទេ គឺពួកគាត់ក៏នឹងទៅបោះឆ្នោតផងដែរព្រោះពួកគាត់បំពេញកាតព្វកិច្ចជាប្រជាពលរដ្ឋខ្មែរដ៏ល្អផង និងដោយសារតែពួកគាត់មានជម្រើសគណបក្សផ្សេង ឬយល់ថាគណបក្សកាន់អំណាចបានកសាងសមិទ្ធិផលនិងស្នាដៃជាច្រើន ជូនជាតិកម្ពុជា ជាពិសេសទាំងសកម្មជន និងអ្នកគាំទ្រភាគច្រើនរបស់អតីតគណបក្សប្រឆាំង បានភ្ញាក់រលឹក និងទទួលស្គាល់នូវការពិតចំពោះមេបក្សទាំងពីរបស់ខ្លួនគឺសម រង្ស៊ី និងកឹមសុខា ដែលពិតជាបានក្បត់ជាតិ និងបម្រើផលប្រយោជន៍យុទ្ធសាស្ត្រនយោបាយរបស់បរទេសមែន។

ដូច្នេះពួកគាត់ចាំបាច់ត្រូវបោះឆ្នោតជូនគណបក្សកាន់អំណាចបន្តដឹកនាំប្រទេសដើម្បីថែរក្សាសុខសន្តិភាព និង ការអភិវឌ្ឍ ដែលខ្លួនមានសព្វថ្ងៃឱ្យបានគង់វង្សល្អ។ នៅតែអតីតសកម្មជនឆ្អិនឆ្អៅ និងអ្នកងុបខ្លាំង នៃ ខ្មោចបក្សសង្គ្រោះជាតិតែប៉ុណ្ណោះដែលនៅដេកឱបខ្មោចបក្សនេះទៀត។ ចំណែករូបភាពដែល ក្រុមខ្មោចបក្សសង្គ្រោះជាតិយកមកឃោសនាលើកម្រាមដៃ និងញុះញង់មិនឱ្យប្រជាពលរដ្ឋទៅបោះឆ្នោត គឺភាគច្រើនសុទ្ធតែអ្នកដែលរស់នៅក្រៅប្រទេស និងភាគច្រើនគ្មានសិទ្ធិបោះឆ្នោតថែមទៀត។

ជាមួយគ្នានេះ បើយោងតាមការស្ទង់មតិមួយដែលធ្វើឡើងលើបណ្តាញហ្វេសប៊ុកពិភពចែករំលែក និងកម្សាន្ត ក្នុងចំណោមគណនីហ្វេសប៊ុកចូលរួមបោះឆ្នោតឆ្លើយនឹងសំណួរថា តើបងប្អូននឹងអញ្ជើញទៅបោះឆ្នោតនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ ២០១៨ ដែរឬទេ? លទ្ធផលដែលបានប្រកាសកាលពីរាត្រីថ្ងៃទី២១ ខែ
កក្កដា ឆ្នាំ២០១៨ ចម្លើយគឺ ៨៤% ឆ្លើយថា នឹងទៅបោះឆ្នោត ហើយ ១៦% ឆ្លើយថានឹងមិនទៅបោះឆ្នោតទេ។ នេះគឺគ្រាន់តែជាការស្ទង់មតិលើបណ្តាញទំនាក់ទំនងសង្គមប៉ុណ្ណោះ។

អ្វីដែលគួរឱ្យទុកចិត្តបំផុតនោះ យោងតាមការវាយតម្លៃបឋមដោយឈរនៅលើទិន្នន័យជាក់ស្តែងនៃឈ្មោះអ្នកមានសិទ្ធិ បោះឆ្នោតនៅក្នុងបញ្ជីបោះឆ្នោត និងចំនួននៃសមាជិកគណបក្សនីមួយៗ និងអាត្រានៃការចូលរួមបោះឆ្នោត នាពេលកន្លងទៅ ចំនួនពលរដ្ឋខ្មែរដែលត្រៀមខ្លួនទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខ អាចនឹងមានចំនួនយ៉ាងហោចណាស់ក៏ជាង 70% ដែរនៃចំនួនអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតឆ្នាំ ២០១៨ នេះ៕

ដោយ ចៅ ចាក់ស្មុក
រាជធានីភ្នំពេញ ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៨

Facebook Comments
Loading...