ស្ថានទូតអាមេរិក សូមកុំអាលជ្រួលច្របល់ខុសទំនងឲ្យសោះ

666

ភ្នំពេញ – ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា បានចេញសេចក្ដីជូនដំណឹងមួយ ដល់ពលរដ្ឋអាមេរិកដែលកំពុងរស់នៅ និងធ្វើដំណើរទេសចរមកប្រទេសកម្ពុជា ឱ្យមានការប្រុងប្រយ័ត្នចំពោះសុវត្ថិភាព និងសន្តិសុខផ្ទាល់ខ្លួន ក្នុងអំឡុងពេលនៃការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្ត នៅថ្ងៃអាទិត្យទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ ។

ស្ថានទូតអាមេរិកបានបញ្ជាក់ថា ការបោះឆ្នោតជាតិជ្រើសរើសតំណាងរាស្ត្រខាងមុខនេះ អាចមានការជួបប្រមូលផ្តុំផ្នែកនយាយបាយ ការប្រឆាំងតវ៉ា ឬការចល័តកម្លាំងសន្តិសុខ។ ទោះបីកន្លងមកថ្មីៗនេះការប្រមូលផ្តុំផ្នែកនយោបាយភាគច្រើនពុំមានអំពើហិង្សាយាងណាក្តី ប៉ុន្តែការធ្វើបាតុកម្ម ឬការប្រមូលផ្តុំផ្សេងៗ អាចមានការប្រឈមដាក់គ្នាដោយមិនមានសញ្ញាព្រមានទុកជាមុនឡើយ ។

ថ្ងៃទី២៥ ខែកក្កដា លោក ខៀវ សុភ័គ បានបញ្ជាក់ឆ្លើយតបវិញថា៖ «យើងដឹងហើយថា អាមេរិកធ្វើឱ្យមនុស្សមួយចំនួនមិនសូវស្រឡាញ់ដូចសម្តេចតេជោ មានប្រសាសន៍អញ្ចឹង ។ ដូច្នេះការអំពាវនាវឱ្យពលរដ្ឋគាត់ប្រុងប្រយ័ត្នវាជារឿងធម្មតាទេ សម្រាប់ពលរដ្ឋអាមេរិក ព្រោះគាត់បានសាងអំពើបាបជាច្រើន នៅបណ្តាប្រទេសមួយចំនួន ដូចជានៅអឺរ៉ាក នៅស៊ីរីជាដើម ប៉ុន្តែចំពោះកម្ពុជា គ្មានបញ្ហាអ្វីកើតឡើងទេ សូមឱ្យគាត់ទុកចិត្តចុះ ព្រោះយើងមិនមានសត្រូវជាមួយនរណាទេ»។