សម្តេចក្រុមព្រះនឹងយាងមកកម្ពុជាវិញ មុនថ្ងៃបោះឆ្នោត

479

ភ្នំពេញ – នៅសល់តែ៦ថ្ងៃទៀតប៉ុណ្ណោះ ការបោះឆ្នោត នឹងមកដល់ហើយ តែសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច នៅមិនទាន់យាងមកកម្ពុជាវិញនោះទេ។ មន្ត្រីរបស់ព្រះអង្គ បានត្រឹមតែផ្តល់ដំណឹងពីប្រទេសថៃមកថា ព្រះអង្គនឹងយាងមកកម្ពុជាវិញ ឲ្យបានមុនថ្ងៃបោះឆ្នោត។

ញ៉េប ប៊ុនជិន អ្នកនាំពាក្យគណបក្សហ្វ៊ុនស៊ិនប៉ិច បាននិយាយថា៖ «ព្រះអង្គដឹងតែយាងមកមុនបោះឆ្នោតហើយ តែមិនដឹងថាថ្ងៃណា។ ខ្ញុំ មិនហ៊ាននិយាយទេ ចាំមើលស្អែក ឬខានស្អែក ទើបខ្ញុំអាចនិយាយបាន» ។

រយៈពេលកន្លះខែនៃការឃោសនាកន្លងមកនេះ គណបក្សហ្វ៊ុនស៊ិនប៉ិច បានចេញឃោសនារកសំឡេងឆ្នោត ដោយគ្មានសម្តេចក្រុមព្រះ ដោយសារតែព្រះអង្គ កំពុងសម្រាកព្យាបាលនៅប្រទេសថៃ បន្ទាប់ពីព្រះអង្គ បានជួបគ្រោះថ្នាក់ចរាចរណ៍ កាលអំឡុងខែមិថុនា ឆ្នាំ២០១៨ នៅខេត្តព្រះសីហនុ ។ ការឃោសនា នឹងបិទបញ្ចប់នៅថ្ងៃទី២៧ ខែកក្កដា។ ថ្ងៃទី២៨ ខែកក្កដា គឺជា «ថ្ងៃស» ដែលត្រូវឲ្យគ្រប់គណបក្សរក្សាភាពស្ងៀមស្ងាត់ ដោយមិនត្រូវធ្វើសកម្មភាពនយោបាយឡើយ។ ការបោះឆ្នោត នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ។