សមត្ថកិច្ចព្រំដែនក្នុងខេត្តរតនគិរី បានបញ្ជូនជនសង្ស័យជាតិឡាវម្នាក់ រួមជាមួយថ្នាំញៀនជាង៤០០ក្រាម

680

ខេត្តរតនគិរី៖ ការបញ្ជូនខ្លួនជនសង្ស័យជាតិឡាវម្នាក់ រួមជាមួយថ្នាំញៀនមានទម្ងន់ជាង៤០០ក្រាម មកកាន់ការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរីនោះ គឺបានធ្វើឡើងកាលពីល្ងាចថ្ងៃទី១៧កក្កដា២០១៨ម្សិលមិញនេះ តាមច្រកទ្វារអន្តរជាតិអូរយ៉ាដាវ នៅបន្ទាប់ពីកម្លាំងសមត្ថកិច្ចការពារព្រំដែនកម្ពុជា មានកម្លាំងប៉ុស្តិ៍នគរបាលកាពារព្រំដែនគោកលេខ៤០៧ សហការជាមួយកម្លាំងយោធា នៃកងអនុសេនាតូចទី៣ និងកម្លាំងបរិស្ថាន ប្រចាំតំបន់កន្ទុយនាគ ក្នុងស្រុកអណ្តូងមាស ខេត្តរតនគិរី ជាប់ព្រំដែនខេត្តកន្ទូម ប្រទេសវៀតណាម បានធ្វើការឃាត់ខ្លួន និងដកហូតបានវត្ថុតាងថ្នាំញៀន កាលពីថ្ងៃទី១៣កក្កដា២០១៨កន្លងទៅនេះ។

មន្ត្រីនគរបាលប្រឆាំងគ្រឿងញៀនខេត្តរតនគិរី បានប្រាប់ឲ្យដឹងថា ជនសង្ស័យម្នាក់ដែលរងការឃាត់ខ្លួនបាននេះ ឈ្មោះ ឡាម ថាវស៊ើន ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិព្រៅ សព្ជាតិឡាវ មានទីលំនៅភូមិសំប៊ូន ស្រុកភូវង្ស ខេត្តអត្តពឺ ប្រទេសឡាវ។ ចំណែក វត្ថុតាងបទល្មើសដែលដកហូតបាននោះ មានថ្នាំញៀនប្រភេទមេតំហ្វេតាមីន ice ម៉ាទឹកកក មានទម្ងន់៤៤៣.០៨ ក្រាម នាឡិកាដៃ១ ប្រាក់ឡាវ៧ម៉ឺន ៧ពាន់គីប និងសៀវភៅគ្រួសារជនជាតិឡាវ១ច្បាប់ទៀតផងនោះដែរ។

ស្នងការនគរបាលខេត្តរតនគិរី លោកឧត្តមសេនីយ៍ទោ នួន គឿន លោកបានថ្លែងឲ្យដឹងថា ជនសង្ស័យជាតិឡាវម្នាក់ និងថ្នាំញៀនមានទម្ងន់ជាង៤០០ក្រាមនោះ គឺកម្លាំងការពារព្រំដែន មានកម្លាំងយោធា កម្លាំងបរិស្ថាន និងកម្លាំងប៉ុស្តិ៍នគរបាលការពារព្រំដែន នៅតំបន់កន្ទុយនាគ បានសហការណ៍រួមគ្នា ធ្វើការឃាត់ខ្លួន និងដកហូតបាន កាលពីថ្ងៃទី១៣ កក្កដា ២០១៨នោះមក។ ការឃាត់ខ្លួនជនសង្ស័យជួញដូរគ្រឿងញៀនឆ្លងដែននេះ គឺបានធ្វើឡើងក្រោមការសម្របសម្រួលពីស្ថាប័នអយ្យការ និងសាលាដំបូងខេត្តរតនគិរីផងនោះទៀត។

លោកស្នងការបានមានប្រសាសន៍ថា នៅល្ងាចថ្ងៃទី១៧ កក្កដា ម្សិលមិញនេះ ជនសង្ស័យជួញដូរគ្រឿងញៀន រួមជាមួយវត្ថុតាងបទល្មើស ត្រូវបានបញ្ជូនតាមខេត្តកន្ទូម នាំឆ្ពោះមកកាន់ខេត្តយ៉ាឡាយ ប្រទេសវៀតណាម ហើយនាំខ្លួនចូលមកខេត្តរតនគិរី តាមច្រកទ្វារអន្តរជាតិអូរយ៉ាដាវ និងបានបញ្ជូនបន្តមកកាន់ ស្នងការដ្ឋាននគរបាលខេត្តរតនគិរី។

លោកមានប្រសាសន៍ទៀតថា ការនាំខ្លួនជនសង្ស័យជាតិឡាវម្នាក់នេះ ដោយឆ្លងកាត់ប្រទេសវៀតណាមនោះ គឺដោយសារស្ថានភាពផ្លូវនៅតំបន់កន្តុកនាគ ក្នុងស្រុកអណ្តូងមាស នៅក្នុងរដូវវស្សានេះ មានការលំបាកខ្លាំងពេក មិនអាចធ្វើដំណើរក្នុងដីកម្ពុជា ពីតំបន់កន្ទុកនាគនោះមកបានឡើយ។ ហើយអាជ្ញាធរ និងស្នងការនគរបាលខេត្ត បានស្នើសុំទៅខាងភាគីវៀតណាម ដើម្បីនាំខ្លួនជនសង្ស័យឆ្លងកាត់ខេត្តចំនួនពីររបស់វៀតណាម ព្រោះការធ្វើដំណើរតាមនោះងាយស្រួលជាង។ លោកថា នៅថ្ងៃទី១៨កក្កដានេះ ជនសង្ស័យជួញដូរគ្រឿងញៀនជាតិឡាវ រួមជាមួយវត្ថុតាងបទល្មើសថ្មាំញៀន កំពុងស្ថិតក្រោមការសាកសួរ និងរក្សាទុក ពីកម្លាំងការិយាល័យនគរបាលប្រឆាំងគ្រឿងញៀនខេត្ត ហើយនឹងត្រូវបញ្ជូនទៅកាន់អយ្យការ និងសាលាដំបូងខេត្តរតនគិរី នៅក្រោយពីបំពេញកិច្ចនីតិវិធីនោះរួច៕