កីឡាហែលទឹកកម្ពុជា រៀបចំទិវាហែលទឹកអន្តរជាតិលើកទី២

675

ភ្នំពេញ: សហព័ន្ធខ្មែរកីឡាហែលទឹកបានប្រកាសជាផ្លូវការស្ដីពីការរៀបចំទិវាហែលទឹកអន្តរជាតិលើកទី២
( 2nd FINA World Aquatics Day)ដែលនេះជាការទាមទាររបស់សហព័ន្ធហែលទឹកអន្តរជាតិឲ្យបណ្ដាប្រទេសជាសមាជិកត្រូវតែរៀបចំព្រឹត្តិការណ៍នេះ ។

ថ្លែងក្នុងសន្និសីទកាសែតនាមាត់អាងហែលទឹកស្ដាតអូឡាំពិកព្រឹកថ្ងៃទី១៦កក្កដាលោកហែម គីរីដែលជាអគ្គ
លេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹកបញ្ជាក់ថាកម្ពុជានឹងធ្វើព្រឹត្តិការណ៍នេះរយៈពេល៣ថ្ងៃគឺថ្ងៃទី១៧កក្កដាធ្វើនៅអាងទឹកស្ដាតអូឡាំពិកពីព្រឹករហូតដល់ម៉ោង៤រសៀល ។ថ្ងៃទី២១កក្កដាធ្វើនៅអាងទឹកតេជោសែនខេត្តកំពង់ចាម និង ថ្ងៃទី២៥កក្កដាធ្វើនៅអាងហែលទឹកការ៉ាកុលនាខ័ណ្ឌច្បារអំពៅដែលជាអាងហែលទឹករបស់លោកហែម ចាន់លីអនុប្រធានសហព័ន្ធខ្មែរកីឡាហែលទឹក ។

រយៈពេល៣ថ្ងៃនេះគឺសហព័ន្ធបើកទូលាយឲ្យមហាជនចូលរួមហែលទឹក រៀនហែលទឹកដោយមិនគិតកម្រៃ
អ្វីទាំងអស់ ។គោលដៅនៃការរៀបចំព្រឹត្តិការណ៍នេះមិនត្រឹមតែជាការបើកទូលាយសម្រាប់មហាជនប៉ុណ្ណោះទេតែវាជាឱកាសមួយដើម្បីបង្រៀនមនុស្សឲ្យចេះហែលទឹក ។

គោលដៅរបស់សហព័ន្ធអន្តរជាតិគឺឲ្យមនុស្សទូទៅរៀនហែលទឹក ចេះហែលទឹក ដើម្បីឲ្យជីវិតគេចផុតពី
គ្រោះមហន្តរាយនៃការលង់ទឹក ។នៅកន្លែងប្រារព្ធពិធីនេះគឺមានមន្ត្រីបច្ចេកទេស គ្រូបង្វឹកហែលទឹកនៅប្រចាំការដើម្បីជួយបង្រៀនហែល និងជួយណែនាំពីសារសំខាន់នៃការចេះហែលទឹក ។

សូមបញ្ជាក់ថានៅថ្ងៃទី១៧កក្កដាជារៀងរាល់ឆ្នាំប្រទេសជាសមាជិកសហព័ន្ធកីឡាហែលទឹកទាំងអស់សុទ្ធតែប្រារព្ធពិធីនេះដូចៗគ្នា ។ នេះជាឆ្នាំទី២ហើយ ដែលសហព័ន្ធកីឡាហែលទឹកអន្តរជាតិណែនាំប្រទេសជាសមាជិកឲ្យរៀបចំព្រឹត្តិការណ៍នេះ ។