ទស្សនៈកូនខ្មែរ៖ ឈាមខ្មែរក្នុង របបខ្មែរក្រហម តាមលងជនក្បត់ជាតិតពូជសម រង្ស៊ី !

0
104

(ភ្នំពេញ)៖ ហេតុតែចង់ឲ្យពលរដ្ឋខ្មែរកុំទៅបោះឆ្នោតតាមមហិច្ឆតាដ៏ឆ្កួតលេលារបស់ខ្លួន សម រង្ស៊ី បានបង្កើតសារដ៏គួរឲ្យអស់សំណើចថា «…គេធ្វើបាប ម្តាយយើង ហើយបង្ខំយើងឲ្យទៅបោះឆ្នោត ដោយតម្រូវឲ្យយើងជ្រលក់ចង្អុលដៃក្នុងឈាមម្តាយយើង»។ ពេលឃើញសារ បែបនេះ និងរូបភាពដែលភ្ជាប់ជាមួយ អ្នកអានគ្រប់គ្នាហួសចិត្ត អស់សំណើច ហើយនាំគ្នាលាន់មាត់ថា យីស! ទណ្ឌិត សម រង្ស៊ីនេះ ពិតជាមានជំនាញតែខាងប្រឌិតរឿងមិនពិតខុសទំនងបែបនេះមែន! មនុស្សម្នាក់នេះ មួយថ្ងៃមួយថ្ងៃមិនដែលយកខួរក្បាលគិតរឿងល្អៗ សាងស្នាដៃដើម្បីបង្ហាញប្រជាពលរដ្ឋទេ តែខួរក្បាលគាត់គិតតែរឿងបង្ខូចបង្កាច់អ្នកដទៃដើម្បីបោកប្រាស់ប្រជាពលរដ្ឋតែរហូត។

យ៉ាងណាក៏ដោយ គំនិតអាក្រក់ៗ ដ៏មហាអពមង្គលរបស់ជនក្បត់ជាតិពីឳពុកដល់កូនសម រង្ស៊ី ធ្វើឲ្យយើងនឹកឃើញរបបខ្មែរក្រហម ហើយបើយើងគិតតាមបែបអបិយជំនឿ ប្រហែល ជាបុគ្គល សម រង្ស៊ី នេះមានឈាមជ័រនយោបាយដូចពួក មេដឹកនាំខ្មែរក្រហម បានជាគាត់ ដិតដាមដោយគំនិតហឹង្សានេះរហូតមក។ ហើយគឺអ្នកនយោបាយឈ្មោះ សម រង្ស៊ី នេះហើយដែលកំពុងព្យាយាមបង្កើតរបបខ្មែរក្រហមវាល ពិឃាដឡើងវិញ។ គាត់មិនដែលជឿថា របបខ្មែរក្រហមកើតមាន នៅលើទឹកដីកម្ពុជាទេពីព្រោះកាលពីជំនាន់នោះ ពេលស្រុកទេសជួបគ្រោះអាសន្ន គាត់ រត់ទៅរស់នៅឯស្រុកបារាំង យ៉ាងសប្បាយរីករាយដោយគ្មានខ្វល់ខ្វាយពីសុខទុក្ខរបស់ប្រទេស និងជនរួមឈាមរបស់គាត់ដែលបានស្លាប់រាប់លាននាក់ធ្វើឲ្យផែនដីខ្មែរក្លាយជាភ្នំឆ្អឹង ស្ទឹងឈាម និងសមុទ្រទឹកភ្នែកនោះឡើយ។

ឥឡូវនេះប្រហែលជាឈាមខ្មែរដែលបាត់បង់ក្នុងសម័យខ្មែរក្រហម ក៏ដូចជាឈាមអ្នកស្នេហាជាតិដែលបានតស៊ូដើម្បីរំដោះប្រទេសចេញពីរបបប្រល័យពូជសាសន៍នោះ មានការឈឺចាប់និងតាមលង សម រង្ស៊ី ហើយបានជាជំរុញឲ្យគាត់តាក់តែងឃ្លោងឃ្លា និងរូបភាព បែបនេះឡើងតាមរយៈខួរក្បាលអសិរពិសរបស់គាត់។ ពិតហើយថា ពលរដ្ឋខ្មែរដែលបានស្លាប់យ៉ាងវេទនាបំផុតក្នុងរបបខ្មែរក្រហមប្រាកដជាឈឺចាប់ណាស់ ហើយព្រលឹងរបស់ពួកគេក៏មិនបានស្ងប់សុខដែរ នៅពេលឃើញដែនដីខ្មែរនៅ សេសសល់មនុស្សបែបសម រង្ស៊ី នេះទៀត។ គឺសម្រែកឈាមខ្មែរ ស្លូតត្រង់ និងខ្មែរអ្នកស្នេហាជាតិ ដែលបានស្លាប់យ៉ាងវេទនាក្នុងរបបខ្មែរក្រហមនោះហើយដែល បាននិងកំពុងបរាមុខ សម រង្ស៊ី និងជួយរុញច្រានបុគ្គលនេះឲ្យចេញផុតពីដែនដីខ្មែរដោយ ស្ពាយទៅជាមួយនូវកេរឈ្មោះដ៏អសោចថាជាជនក្បត់ជាតិតត្រកូល។

អំពើរមិលគុណបែបសត្វក្រពើ របស់ សម រង្ស៊ី ចំពោះអ្នកដែល បានរំដោះប្រទេសនិងប្រជាជនខ្មែរចេញពីសេចក្តីស្លាប់ រួមទាំងសាច់ញាតិរបស់ សម រង្ស៊ី ខ្លួនឯងផង បាននិងកំពុងផ្តល់ផលកម្ម ដល់ខ្លួនលោក សម រង្ស៊ី វិញហើយ។ មិនត្រឹមតែរមិលគុណប៉ុណ្ណឹងទេ បុគ្គលង្វេងជាតិរូបនេះថែមទាំងបានសាបព្រួសវប្បធម៌នយោបាយដ៏អាក្រក់បំផុតនៅលើទឹកដីរបស់ខ្លួនទៀតផង។ នោះគឺវប្បធម៌លាបពណ៌ ញុះញង់ បំបែកបំបាក់ បញ្ឆេះកំហឹង ឲ្យខ្មែរស្អប់ខ្ពើមគ្នា និងសម្លាប់គ្នា ដូចជំនាន់ខ្មែរក្រហម។ ជាលទ្ធផល សម រង្ស៊ី កំពុងទទួលរងកម្មពៀរដែលគាត់បានសាង រហូតមិនអាចឈរជើងនៅក្នុងប្រទេសនេះបានបន្តទៀតឡើយ។ អាជីពនយោបាយរបស់បុគ្គលរូបនេះបានបញ្ចប់ហើយ តែចំហាយបិសាចនៅក្នុងខ្លួន របស់គាត់ដែលមិនទាន់អស់នៅឡើយនោះនៅតែបន្តព្យាយាមបំផ្លាញអ្វីៗគ្រប់យ៉ាងដែលជាសមិទ្ធផលកកើតដោយ ស្នាដៃអ្នកដែលបាន រំដោះប្រទេសនេះចេញពីរបបខ្មែរក្រហមដោយយកជីវិតធ្វើជាដើមទុន។

ប៉ុន្តែអ្វីដែលគួរឲ្យសង្វេគនោះគឺ សម រង្ស៊ី មិនដឹងខ្លួនទេថា មានតែមនុស្សងប់ងល់មួយក្តាប់តូចប៉ុណ្ណោះដែលនៅស្រែកបន្ទរអាជ័យធ្លាក់ទឹកហៃអើៗជាមួយគាត់ដើម្បីកំដរគាត់នៅនាទី ចុងក្រោយ។ ក្រៅពីនោះ អតីតអ្នកគាំទ្រជាច្រើនបានងាកទៅផ្តើមអាជីពនយោបាយថ្មី ឬងាក ទៅជ្រកកោនក្រោមម្លប់សុខ ម្លប់សន្តិភាព អស់ហើយដោយមិន បន្តនៅត្រាំត្រែងក្នុងជំរុំព្រះអាទិត្យដ៏ក្តៅក្រហាយទៀតឡើយ។ ភ្លើងទៀនក៏រលត់ ព្រះអាទិត្យក៏រលាយ ក្រុមក្បត់ជាតិរត់ខ្ចាត់ខ្ចាយ ពលរដ្ឋសប្បាយ គ្មានខ្វល់ខ្វាយទៀតឡើយ។ ព្រលឹងខ្មែរដែលបាន ស្លាប់ក្នុងរបបខ្មែរក្រហមក៏ប្រាកដជាបានស្ងប់សុខ ទៅតាមនោះដែរ។ យ៉ាងណាឈាមខ្មែរអ្នកស្លូតត្រង់ដែលបាន ស្លាប់ដោយអយុត្តិធម៌ក្នុងរបបខ្មែរក្រហម និងឈាមអ្នកស្នេហាជាតិដែលបានលះបង់ជីវិតដើម្បីរំដោះប្រទេសចេញពីរបបវាលពិឃាត នៅតែបន្តថែរក្សាដែនដីខ្មែរឲ្យបានចម្រុងចម្រើនតរៀងទៅ និងបន្តបរាមុខពួកក្បត់ជាតិមិនឲ្យងើបមុខរួចឡើយ។ នេះគឺជាអត្ថន័យនៃសារអេឡិចត្រូនិក របស់ជនក្បត់ជាតិតត្រកូលសម រង្ស៊ី ៕

ដោយ៖ ជនរងគ្រោះក្នុងរបបខ្មែរក្រហមម្នាក់!

Facebook Comments
Loading...