គណបក្សចំនួន២ រិះគន់វិធានការរបស់ គ.ជ.ប

0
160

ភ្នំពេញ៖ គណបក្សយុវជនកម្ពុជា (CYP) និងគណបក្សសម្ព័នដើម្បីប្រជាធិបតេយ្យ (LDP) កាលពីថ្ងៃទី១០ ខែកក្កដា បានប្រតិកម្មលើបំរាមរបស់ គ.ជ.ប ដែលហាមគណបក្សនានាកុំឲ្យរិះគន់គោលនយោបាយ ឬវាយប្រហារទៅលើគណបក្សដទៃថា ជាការរឹតបន្តឹងដល់សេរីភាពនយោបាយរបស់គណបក្សតូចនៅក្នុងកំឡុងពេលយុទ្ធនាការឃោសនារកសំឡេងឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនៅថ្ងៃទី២៩ ខែកក្កដា ។

លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជាបានថ្លែងថា៖ «បើសិនជាមិនអនុញ្ញាតឲ្យមានការរិះគន់ខ្លះ អ៊ីចឹងយើងចាំបាច់បង្កើតបក្សដើម្បីអ្វី បង្កើតតែបក្សមួយទៅបានហើយ ។ ឧទាហរណ៍ថា ខ្ញុំមិនពេញចិត្តគណបក្សសង្គ្រោះជាតិហ្នឹងហើយ បានជាខ្ញុំមកបង្កើតបក្សមួយទៀត ដើម្បីរិះគន់ហ្នឹងហើយ! ខ្ញុំដូចជាមិនគាំទ្រទេ ចំពោះបម្រាមនេះ»

លោក ចិន ថុន អគ្គលេខាធិការនៃ LDP បានថ្លែងថា៖ «បើគ្មានការរិះគន់ខ្លះនោះ ប្រទេសកម្ពុជាក៏មិនមានការកែប្រែ ឬ ផ្លាស់ប្ដូររបត់នៃដឹកនាំបានដែរ ។ ម្យ៉ាងទៀតបើនៅប្រទេសកាន់លទ្ធិប្រជាធិបតេយ្យមួយចំនួនលើពិភពលោក គឺគេបានបង្កើតកម្មវិធីជជែកគ្នាពីគោលនយោ បាយបក្សនីមួយៗ ប៉ុន្ដែសម្រាប់កម្ពុជាមួយរយៈចុងក្រោយនេះ មិនមានបង្កើតកម្មវិធីនេះជាសារធារណៈនោះទេ» ។ លោក ចិន ថុន អះអាងបន្តថា៖ «យើងត្រូវតែមានពាក្យរិះគន់ខ្លះ គឺក្នុងស្ថាបនា ពាក្យស្ថាបនាហ្នឹងវាមានន័យថា ឃើញខុសថា ខុស ឃើញត្រូវថា ត្រូវ គេខុសមួយថាមួយ គេខុសពីរថាពីរ មិនមែនគេខុសមួយយើងថា ២ ឬ ៣ ទេ ហ្នឹងគឺវាចូលលក្ខណៈលាបពណ៌ មួលបង្កាច់គេហើយ ហើយវាក៏ចេញជារឿងរាវដែរ»

លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប បានអះអាងថា៖ «យើងរិះគន់បានតែបានក្នុងកម្រិតណាដែលគេអាចទទួលយកបាន កុំឲ្យតែមានពាក្យបណ្ដឹង ហើយរឿងដែលបក្សនីមួយៗចង់បានប្រជាប្រិយភាពនោះ គឺអាស្រ័យលើសមត្ថភាពរៀងៗខ្លួន ប្រើចំណេះដឹងបង្កើតគោលនយោបាយទាក់ទាញពលរដ្ឋមក គឺមិនមានអ្វីធំដុំទេ ប៉ុន្ដែបើរិះគន់ក្នុងន័យកាច់បំបាក់គេនោះ គេអាចនឹងប្ដឹងទៅវិញ»

Facebook Comments
Loading...